មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៦ ពីថ្ងៃ​២៥-២៩ ខែវិច្ឆិកា មាន​ខ្សែភាពយន្ត ១៨ រឿង ចូលរួម​ប្រកួតប្រជែង​

(​ភ្នំពេញ​)៖ មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៦ ឆ្នាំ​២០១៩ គ្រោង​ចាប់ពី​ថ្ងៃ​២៥ ដល់​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​រួមគ្នា ដើម្បី​លើកស្ទួយ​ភាពយន្ដ​ខ្មែរ​» នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ​។ មាន​ខ្សែភាពយន្ត​ចំនួន ១៨ ចំណងជើង មកពី​ផលិតកម្ម​ខុសគ្នា ចូលរួម​ប្រកួតប្រជែង ដើម្បី​ក្លាយជា​ភាពយន្ត​ឆ្នើម ប្រចាំឆ្នាំ​២០១៩ នេះ​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​សិ​ល្បះ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បាន​លើកឡើងថា ភាពយន្ត​ខ្មែរ ទាំង ១៨ រឿង ត្រូវបាន​យកមក​ប្រកួតប្រជែង នៅក្នុង​ភាពយន្ត​ជាតិ លើក​ទី​៦ នៅ​ឆ្នាំនេះ គឺ​ច្រើនជាង​បណ្តា​ឆ្នាំៗ​ណា​ទាំងអស់ ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​ជាតិ​។ ពោលគឺ​បង្ហាញថា វិស័យ​ភាពយន្ត​ខ្មែរ​យើង មាន​ភាពល្អប្រសើរ ហើយ​គុណភាព ក៏​ឈានឡើង​បណ្តើរៗ​ដែរ​។

​លោក ប៉ុក បូរ​ក្ស បន្ថែមថា គិតពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ កម្រិត​ស្នាដៃ​ផលិតភាព​យន្ដ មាន​ចំនួន​ចន្លោះ​ពី ២៥ ទៅ ៣០​រឿង ក្នុង​មួយឆ្នាំៗ​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​ជាការ​ប្រារព្ធ​មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៥ មកដល់​មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៦ ឆ្នាំ​២០១៩​នេះ ឃើញថា មានការ​កើនឡើង​នៃ​បរិមាណ​ខ្សែភាពយន្ដ​។

​សូម​រម្លឹកថា មហោស្រព​ភាពយន្ត​ជាតិ មិន​ត្រឹមតែ​ជា​វេទិកា​ប្រកួតប្រជែង​ស្នាដៃ​ភាពយន្ដ ដើម្បី​ដណ្ដើមយក​ពានរង្វាន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​វេទិកា​ជួបជុំ សិក្សា​ស្វែងយល់ វាស់ ស្ទង់​សមត្ថភាព និង​ការចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង​លើ​វិស័យ​ភាពយន្ដ សំដៅ លើ​ការបង្កើន​សមត្ថភាព និង​លើកកម្ពស់​គុណភាព​ស្នាដៃ​ភាពយន្ដ ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ភាពយន្ដ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង