ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ត្រូវគាំទ្រជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា

(កម្ពុជា)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទទួលការគាំទ្រ១០០% ពីសមាជិកសហព័ន្ធកីឡាវាយកូនឃ្លីលើតុ នាឱកាសមហាសន្និបាតវិសាមញ្ញា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) បន្ទាប់ពីប្រធានសហព័ន្ធចាស់ លោកឧកញ៉ា រ័ត្ន សាខន បានលាឈប់ពីដំណែង។

មហាសន្និបាតវិសាមញ្ញ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដើម្បីធ្វើជាសាក្សី និងគាំទ្រដល់ចលនាកីឡាវាយកូនឃ្លីលើតុកម្ពុជា។ សមាសភាពប្រតិបត្តិថ្មីនេះ ត្រូវបានគាំទ្រពីប្រធានអូឡាំពិកកម្ពុជា ជាមួយនឹងការលើកទឹកចិត្តលើស្មារតីស្រឡាញ់ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងគោលដៅឆ្លើយតបទៅនឹងវឌ្ឍនភាពរបស់វិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

មហាសន្និបាតបានអនុម័តសមាសភាពសមាជិកប្រតិបត្តិបន្ដអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ ដែលមានចំនួន១៣រូប ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន អមដោយអនុប្រធាន៤រូប គឺលោក ដួង ហេង លោក ពុំ វិត្យា លោក សុខ វិសាល និងលោក លី សេងឃុង រីឯលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ លោក ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហិរញ្ញឹក លោក ចាន់ ពិសិដ្ឋ ជាអគ្គលេខាធិការរង និងសមាជិករួមមាន លោក អ៊ឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ និងលោក ដួង វណ្ណា។

ក្រោយទទួលបានការគាំទ្រ និងការអនុម័តតាមគោលការណ៍ឲ្យធ្វើជាប្រធានសហព័ន្ធ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកមួយនេះ ឲ្យកាន់តែរីកចម្រើន បន្ដពីប្រធានសហព័ន្ធចាស់ ពិសេសលោកបានសន្យាពង្រឹងលើការងារសំខាន់ៗ។ចំពោះការងារបន្ទាន់មួយចំនួន ដូចជាការរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធ កន្លែងហ្វឹកហាត់ សម្ភារៈហ្វឹកហាត់ និងផ្ដល់នូវការលើកទឹកចិត្តពិសេស ចំពោះការខិតខំ និងយកចិត្តទុកដាក់របស់កីឡាករ-កីឡាការិនីឆ្នើមជាដើម៕

(ប្រភព៖ Cambodia SEA GAMES 2019)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង