ជាលើកទី៤សម្រាប់កីឡាការិនី កែ ឡេង តែជាលើកទី១សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើបរីករាយកោតសរសើរនិងអបអរសាទរដល់កីឡាការិនី កែ ឡេង ដែលឈ្នះមេដាយមាសប៉េតង់ពិភពលោកលើកទី៤។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់លើផេកហ្វេសបុករបស់ខ្លួនថា ៖ « ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបអ្នកមីងកែ ឡេង ដែលខ្ញុំតែងតែគោរព និងកោតសរសើរ នូវអ្វីដែលអ្នកមីងបានខិតខំតស៊ូប្រឹងប្រែងកន្លងមកដើម្បីតំណាងជាតិ និងជាពិសេសថ្ងៃនេះ ខ្ញុំបានមើលអ្នកមីងប្រកួតដោយផ្ទាល់ជាលើកទីមួយ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកពិភពលោកយុវវ័យ និងស្ត្រី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាពជាតំណាង និងការខិតខំតស៊ូរបស់មីង និងបងប្អូនកីឡាករ កីឡាការិនីដទៃទៀត គឺជាគម្រូសម្រាប់ក្មួយ ហើយដែលធ្វើឲ្យក្មួយៗមានមោទនភាពកាន់តែខ្លាំង។
លើសពីនេះទៅទៀត ខ្ញុំសូមកោតសរសើរចំពោះបងប្អូនកីឡាករ កីឡាការិនីទាំងអស់ ក៏ដូចជាគណ:កម្មការ និងក្រុមការងារ រៀបចំព្រឹត្តិការណ៍ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាដែលបានរៀបចំព្រឹត្តិការណ៍នេះទទួលបានដោយភាពជោគជ័យគួរជាទីមោទន:។»។

ស្របគ្នានៃការអបអរសាទររបស់ប្រជាជាតិកម្ពុជាចំពោះជ័យជំនះរបស់ វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាសពិភពលោកជាលើកទី៤ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯក ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ(Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់ថា នេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។


សូមជម្រាបថា ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង