សម្តេចតេជោ នាយករដ្ឋមន្ត្រីចាត់ទុកជ័យជំនះកីឡាការិនីកែ ឡេងជាកិត្តិយស​ និងមោទនភាពជាតិ

(ភ្នំពេញ)៖ ក្នុងផេកហ្វេសប៊ុកផ្លវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាសពិភពលោក ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯក​ ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ(Shooting) នារសៀល ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

សម្តេចតេជោបានលើកឡើងថានេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។

ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។

ចុងក្រោយសម្តេចបានអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមទស្សនា គាំទ្រ និងលើកតម្កើងវិស័យកីឡាជាតិរបស់យើង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង