លិខិតមិត្តអ្នកអាន! អនិច្ចារសិល្បះករបុរាណខ្មែរ តើអ្នកណាអាចជួយបាន?

(សៀមរាប)៖ ក្រសួងវប្បធម៌អើយ សូមមេត្តាធ្វើគោលនយោបាយ និងជួយមើលសិល្បះករខ្មែរយើងផង។ ពួកគេគឺជាអត្តសញ្ញាណជាតិ និងជាព្រលឹងខ្មែរយើងតាំងពីដើមឡើយ ហើយមានតម្លៃលើគ្រប់វិស័យ ទាំងការថែរក្សាវប្បធម៌ ការឃោសនាអប់រំ ជំរុញទេសចរណ៍ និងជាទេសចរណ៍មាស ស របស់ជាតិ។ សិល្បះខ្មែរមានភាពសម្បូរបែបគ្រប់ទម្រង់ ហើយគ្មានជាតិសាសន៍ណា សម្បូរដល់ឡើយ។

ខ្ញុំនៅចាំបានថា កាលអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺសិល្បះជាច្រើនទម្រង់ក៏ចាប់ផ្តើមរស់ឡើងវិញ មានល្ខោនបាសាក់ យីកេ អាយ៉ៃ និងល្ខោននិយាយជាដើម។ ក្មេងៗសម័យឆ្នាំ១៩៨០ នៅចាំបានល្ខោនវិទ្យុ ស្តាប់ក្រោមផ្ទះអ្នកស្រុកដើម្បីកែកម្សាន្តការអផ្សុក។ ពេលនោះ សិល្បះករខ្មែរយើងបានដើរតួនាទី៣យ៉ាង៖ ទី១- ជាការបញ្ជាក់ថា ជាតិយើងបានរស់ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ទី២- សិល្បះករដែលសល់ពីស្លាប់នៅថ្នាក់ខេត្ត និងចុះទៅពីមជ្ឈឹម បានប្រមូលផ្តុំគ្នា ចេញសម្តែងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ភាពកម្សាន្តសប្បាយរីករាយដល់ប្រជាជន ដែលកំពុងមានទុក្ខសោកនៃការព្រាត់ប្រាស់ ឲ្យបានសប្បាយរីករាយធូរស្បើយពីទុក្ខនិងទឹកភ្នែក។ ទី៣- សិល្បះករយើងបានដើរតួក្នុងចលនាឃោសនាមហាជន ដើម្បីអន្ទងហៅ និងទប់ស្កាត់ប្រជាជន កុំឲ្យចូលទៅតំបន់ខ្មាំង ប៉ុល ពត និងក៏បានផ្ញើសារអូសទាញបងប្អូនវង្វេងផ្លូវ ឲ្យចាកចេញពីខ្មាំងចូលមករួមរស់ជាមួយគ្រួសារវិញផងដែរ។

ទសវត្សរ៍ឆ្នាំ១៩៩០ វិស័យភាពយន្តខ្មែរ បានរស់ឡើងវិញ ស្របពេលជាមួយគ្នាដែលភាពយន្តបរទេស ដូចជា ភាពយន្តចិន និងភាពយន្តឥណ្ឌា បានវាយលុកចូលក្នុងប្រទេសកម្ពុជា។ ជាអកុសល រោងភាពយន្តខ្មែរ នៅច្រើនកន្លែងបានក្លាយជារង្គសាល និងលក់ជួលធ្វើអាជីវកម្មផ្សេងៗបាត់ទៅហើយ។ ដូច្នេះ មូលដ្ឋានទ្រទ្រង់វិស័យភាពយន្ត គឺមិនរឹងមាំទេ រួមទាំងការវាយលុកពីខ្សែភាពយន្តបរទេស ដែលមានបច្ចេកវិជ្ជាខ្ពស់ជាង ធ្វើឲ្យផលិតករវិស័យភាពយន្តគ្មានលទ្ធភាពប្រកួតប្រជែងឡើយ។ គេអាចយកពាក្យទីផ្សារសេរីមកដោះស្រាយ កំហុសខាងគោលនយោបាយ ដែលគេមិនព្រមនឹកនា។ ក៏ប៉ុន្តែ ទីបំផុត ការដោះសារនេះ មិនត្រឹមធ្វើឲ្យកម្ពុជា មិនអាចលូតលាស់លើវិស័យសិល្បះទី៧នេះ គឺថែមទាំងបាត់សេដ្ឋកិច្ចជាតិ និងទេពកោសល្យរបស់សិល្បះករខ្មែរ ត្រូវកប់ចោល និងទ្រុឌទ្រោមផ្នែកជីវភាព។ សិល្បះករខ្លះ នៅពេលមានឱកាសចេញទៅសម្តែងនៅក្រៅប្រទេស ក៏សុខចិត្តគេចវេស រកសិទ្ធិជ្រកកោនរស់នៅបរទេស ទោះបីមានការលំបាករស់នៅបែកឆ្ងាយពីគ្រួសារប្រពន្ធកូនក៏ដោយ តែដើម្បីរស់មួយគ្រា។

សិល្បះករជួបការលំបាកផ្សេងទៀតក្នុងពេលដ៏យូរ ទម្រាំកម្ពុជា មានច្បាប់គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងរង់ចាំការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ប៉ុន្តែ រវាងទេពកោសល្យសិល្បះ និងគោលនយោបាយគាំទ្រសិល្បះករ គឺហាក់មិនស៊ីគ្នាសោះ។ បើស្តាប់រដ្ឋមន្ត្រីនីមួយៗនិយាយ ដូចជាគួរឲ្យកក់ក្តៅណាស់។ ក៏ប៉ុន្តែលើការជាក់ស្តែង សិល្បះករខ្មែរ ពេលចូលដល់វ័យជរា មានជំងឺ គឺតិចណាស់ដែលមិនលើកដៃសំពះអំពាវនាវសុំលុយ ដើម្បីយកមកព្យាបាលជំងឺ និងការលំបាកក្នុងជីវភាព។ ព្រះរស់ដែលចេញមុខសង្គ្រោះគឺ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត។ ចំពោះលោករដ្ឋមន្ត្រី គឺស្ទើរតែមិនដែលឮឈ្មោះឈឺឆ្អាល។

ទោះយ៉ាងណា សិល្បះបែបសម័យ តាមរយៈផលិតកម្មឯកជននានា ក៏បានរស់ក្នុងជីវភាពល្អប្រសើ ទោះសិល្បះករខ្លះប្រឈមរឿងអាស្រូវម្តងអញ្ចេះ ម្តងអញ្ចុះ តែមានសំណាងល្អ មានជីវភាពល្អជាងសិល្បះករផ្នែកបុរាណ។ គេនៅចាំបានថា ពីមុនសិល្បះករបុរាណជាច្រើន បានរស់នៅជុំគ្រួសារក្នុងតំបន់សំណង់អាណាធិបតេយ្យប្លុកបូឌីង ប៉ុន្តែក្រោយពីការរៀបចំ ក៏បានចាកចេញរស់នៅតំបន់ផ្សេងៗគ្នា តាមខ្សែជីវិត។

ការលើកឡើងនេះ យើងមិនតម្រូវឲ្យក្រសួងវប្បធម៌យកលុយចែកសិល្បះករម្នាក់ៗនោះទេ ក៏ប៉ុន្តែ គួរតែបានគិតគូរជាគោលនយោបាយលើវិស័យសិល្បះឲ្យបានល្អប្រសើរជាងនេះ។ យើងទទួលស្គាល់ថា សិល្បះក្នុងយុគ្គសម័យសម្តេចតេជោ ហ៊ុន សែន គឺបានរីកលូតលាស់គ្រប់ទម្រង់ ទាំងចាប៉ី ល្ខោនខោល ល្ខោនស្បែក របាំប្រពៃណី គំនូរ ចម្លាក់ ចម្រៀង និងរបាំ…។ ក៏ប៉ុន្តែ លក្ខណៈនៃឱកាសសម្តែង និងចំណូលគឺនៅមានកម្រិត។ ល្ខោនបាសាក់ និងក្រុមយីកេ ឥឡូវនេះប្រឈមការបាត់បង់។

យន្តការក្នុងការជួយសិល្បះករបុរាណ គឺឲ្យមានឱកាសបញ្ចេញទេពកោសល្យ និងធ្វើឲ្យជីវភាពល្អប្រសើរជាមុន គឺមានច្រើនវិធី។ ទី១- រៀបចំឲ្យសិល្បះករ បានចេញសម្តែងជារៀងរាល់ថ្ងៃ នៅតំបន់ប៉ូលទេសចរណ៍សំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជាតំបន់អង្គរជាដើម ដែលមានប្រាសាទរាប់រយ។ នេះគឺជាវិធីផ្សាភ្ជាប់រវាងវប្បធម៌រូបី និងវប្បធម៌អរូបី ដើម្បីឲ្យភ្ញៀវទេសចរបានឃើញទាំងប្រាសាទ និងមនុស្សពិត តាមសម័យកាលនីមួយៗ អាស្រ័យលើឈុតឆាកនៃការសម្តែង។ ភ្ញៀវទេសចរ នឹងចំណាយពេល២០នាទី ឬកន្លះម៉ោង មើលការសម្តែងក្នុងលំហរនៃសិល្បះករខ្មែរ ដ៏រស់រវើក នៅតាមប្រាសាទនីមួយៗ។ កុំអភិរក្សាថ្ម រហូតទុកមនុស្សចោល ហើយមនុស្សមិនអាចនៅក្បែរថ្មបាន។ ថវិកាចិញ្ចឹមបងប្អូនសិល្បះករ យកតែប្រមាន ០,៥% នៃថ្លៃលក់សំបុត្រចូលតំបន់ទេសចរ គឺអាចចិញ្ចឹមគ្នារស់ដោយថ្លៃថ្នូរ។ ទី២- សិល្បះករ ក៏អាចសម្តែងនៅតាមព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជា ជាប្រចាំ ដើម្បីបង្ហាញស្នាមញញឹមកម្ពុជា និងសិល្បះដ៏សម្បូរបែបរបស់ខ្មែរ។ ទម្រង់សម្តែង គឺមានដូចជាការដង្ហែរកូនកម្លោះ សម្លៀកបំពាក់ខ្មែរតាមសម័យកាល របាំសហសម័យ… ហើយសិល្បះមានច្រើនលើសនេះ។ ភ្ញៀវទេសចរដែលបានឃើញការសម្តែងនេះ គេនឹងត្រឡប់ទៅវិញជាមួយនឹងការចងចាំកម្ពុជាអច្ឆរិយៈ។ តាមរយៈទូរទស្សន៍ជាតិកម្ពុជា ក៏អាចជួយសិល្បះករ គ្រប់ទម្រង់ឲ្យមានលក្ខណៈរស់រវើកដែរ។ ក៏ប៉ុន្តែ អន្តរក្រសួងហាក់នឹកមិនឃើញថា ត្រូវចាប់ផ្តើមធ្វើដូចម្តេច។

ខ្ញុំជឿថា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ក៏មិនគួរកំណាញ់លើសំណើនៃការទ្រទ្រង់ និងការផ្សព្វផ្សាយសិល្បះខ្មែរនោះទេ ប្រសិនបើក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានគិតគួរជាគោលនយោបាយ ដើម្បីគាំទ្រការរីកចម្រើន និងការរស់ឡើងវិញដោយមានតម្លៃ នៃសិល្បះករខ្មែរ។ ការយកចិត្តទុកដាក់របស់អ្នក នឹងឲ្យធ្វើសិល្បះខ្មែររស់ដោយកិត្តិយស និងមោទនភាពចំពោះជាតិខ្លួន ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕

ដោយ៖ ជាតិ សន្តិភាព

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង