វិទ្យុសំឡេងសហរដ្ឋអាមេរិក អាចជួលម៉ោងផ្សាយនៅវិទ្យុសំបុកឃ្មុំ និងវិទ្យុFM 102

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (Voice Of America-VOA) នឹងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីផ្សាយបន្តនៅក្នុងប្រទេសកម្ពុជា ដោយឲ្យជួលម៉ោងផ្សាយ នៅស្ថានីយវិទ្យុសំបុកឃ្មុំ FM១០៥  និងនៅស្ថានីយវិទ្យុ FM១០២។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៎មានថា ការអនុញ្ញាតបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា កាលវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានអនុញ្ញាត​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក ដឹកនាំ​ថ្នាក់ដឹកនាំ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ ក្នុង​កិច្ចប្រជុំ ក្រសួង​ព័ត៌មាន និង​មន្ត្រី​ស្ថានទូត​អាមេរិក បាន​ព្រមព្រៀង ជាគោលការណ៍​អនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) បើក​ការិយាល័យ​ស្របច្បាប់​របស់ខ្លួន ក្នុងប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​កិច្ចប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា លោក Michael Newbill ភារធារី​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា និង​លោក Matthew Walsh អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​អាមេរិក សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (US Agency for Global Media) ដែល​អញ្ជើញ​មក ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​សារព័ត៌មាន ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ពិភាក្សា​ការងារ​អំពី​ការបើក​ការិយាល័យ VOA ខេមរភាសា​ប្រចាំ​នៅ​កម្ពុជា​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង