​អគ្គនាយកស៊ីម៉ាក់៖ ​មួយឆ្នាំៗ ​សុនខរាប់លានក្បាល​ត្រូវបានសម្លាប់យកសាច់លក់, ​ពេលណាទើបបញ្ឈប់?​

(ភ្នំពេញ)៖ ពេលវេលាណាទើបបបញ្ឈប់អាជីវកម្មសាច់សុនខនៅកម្ពុជា​? នៅប្រទេសវៀតណា​មនៅក្រុងហាណូយមានវិធានការបញ្ចប់អាជីវកម្មសាច់សុនខត្រឹមឆ្នាំ២០២១​ ដោយសារតែប៉ះពាល់ខ្លាំងដល់វិស័យទេសចរ!។ នេះជាការលើកឡើងនៅលើបណ្តាញសង្គមបហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់។

បើតាមឯកឧត្តម ហេង រតនា តាមរបាយការណ៍របស់អង្គការ Animal Rescue Cambodia និងអង្គកា​រ​FOUR PAWS បានឲ្យដឹងថា​ អាជីវកម្មសាច់សុនខនៅកម្ពុជា​ មានរូបភាពលួចលាក់តែមានលក្ខណៈធំទូលាយ​ និងមានបណ្តញពាណិជ្ជកម្មជាខែ្សចង្វាក់​ ខុសពីកន្លែងសត្វឃាតដទៃទៀត​ កន្លែងសុនខឃាត​ គ្មានការត្រួតពិនិត្យខាងអនាម័យ​ សុខភាពអ្វីនោះទេ​ ហើយអ្នកបរិភោគសាច់សុនខភាគច្រើនមានអាយុពី១៨-២៩ឆ្នាំ​។

តាមរបាយការណ៍នេះក៏បង្ហាញឱយដឹងថា​ មានសត្វសុនខមិនតិចជាង២០០,០០០ក្បាលទេ​ក្នុងមួយឆ្នាំ សម្រាប់តែតំរូវការភោជនីយដ្ឋានលក់សាច់សុនខជាង ១១០ភោជនីយដ្ឋាននៅភ្នំពេញ​ ហើយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអាចតំរូវការរាប់លានក្បាល។

អគ្គនាយកស៊ីម៉ាក់បន្តថា ការព្រួយបារម្ភនៃការរាលដាលកាន់តែធំឡើងៗនៃអាជីវកម្មសាច់សុនខនេះ​ ដែលអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់​ ១-​ វប្បធម៌ប្រពៃណីខែ្មរ ​ដែលស្រលាញ់សត្វសុនខនិងមានបំរាមធ្ងន់ធ្ងរខាងទំលៀមទម្លាប់ចំពោះអ្នកបរិភោគសាច់សុនខ! ២-​ អាចប៉ះពាល់សុខភាពសាធារណ:​ដោយសារកង្វះការគ្រប់គ្រងត្រួតពិនិត្យអនាម័យ​ និងរាតត្បាតជម្ងឺ​ ដូចជាជម្ងឺឆ្កែឆ្កួតជាដើម! ៣-ប៉ះពាល់ដល់ទេសចរបរទេសមួយចំនួន!។

រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលមានផែនការបំបាត់ជម្ងឺឆ្កែឆ្កួតត្រឹមឆ្នាំ២០៣០​ ដូចនេះដើម្បីលើកកំពស់ប្រពៃណីទំលៀមទម្លាប់​ វប្បធម៌​ សីលធម៌សង្គមផង​ និងដើម្បីសំរេចបានគោលដៅរបស់រាជរដ្ឋាភិបាលផង​ យើងគួរត្រូវរួមគ្នាពង្រឹងការផ្សព្វផ្សាយដល់ អ្នកហូបសាច់សុនខត្រូវចៀសវាង​ហូប​ អ្នកលក់ដូរអាជីវកម្មសាច់សុនខត្រូវគិតគូរមុខរបរផ្សេង​ អ្នកអនុវត្តច្បាប់ត្រូវរៀបចំច្បាប់​ ដម្បីគ្រប់គ្រងនិងចាត់វិធានការជាដើម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង