សូមអនុវត្តវិធានការទាំងនេះដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់នារដូវរងារ

(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការមួយចំនួនដើម្បីថែរក្សាសុខភាពនិងការពារជំងឺឱកាសនិយមកំលុងពេលរដូវរងារនិងអាកាសធាតុចុះត្រជាក់។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះក្រសួងសុខាភិបាលបានដាក់ចេញសេចក្តីណែនាំស្តីពីការការពារសុខភាពនារដូវរងារនិងពេលអាកាសធាតុចុះត្រជាក់ ដោយបញ្ជាក់ថា ដោយសារការប្រែប្រួលអាកាសធាតុ រដូវរងារ អាកាសធាតុចុះត្រជាក់នឹងកើតមានឡើងនៅពេលខាងមុខនេះដូចនេះសូបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាជនដែលរស់នៅតំបន់ភូមិភាគឦសាននិងតំបន់តាមព្រំប្រទល់ ដូចជា ខេត្តព្រះវិហារ ,ស្ទឹងត្រែង, រតនៈគីរី និង មណ្ឌលគីរី ជាដើម ចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យបានល្អ ដើម្បីជៀសផុតពីជម្ងឺនានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារអាកាសធាតុចុះត្រជាក់ ឬរងារ ដែលអាចកើតមានឡើងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដូចបានរៀបរាប់ខាងលើ អនុវត្តនតាមសារសុខភាពមួយចំនួនដូចខាងក្រោម៖

ខ្យល់ត្រជាក់ធ្លាក់មកដល់ហេីយ សូមបងប្អូនការពារសុខភាពដូចខាងក្រោម ៖

– ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។

– ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណៃនាំនេះបានអស់។

-ចូរចាំថា ធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាលោកអ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។

– ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។

– លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។

– បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធ ពេកនិងអនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។

– ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
– ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។ ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹងសម្រាប់កិច្ចការពារពួកគេ៖

១.ទារកអាយុតិចជាងមួយឆ្នាំមិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅនិង ដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្តៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។

២.មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

៣. កុមារនិងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។

៤.កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង