ជំនួប​រវាង​លោក​កឹម​សុខា និង​លោកស្រី Angela Corcoran គ្រាន់តែ​ជា​ជំនួប​ដូច​ជួប​ទូត​មុនៗ​ដែរ គឺ​ត្រឹមតែ​ជាការ​សួរសុខទុក្ខ​ប៉ុណ្ណោះ​!

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា បាន​ចូលជួប​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ជំនួប​រវាង​លោក​កឹម​សុខា និង​លោកស្រី Angela Corcoran គ្រាន់តែ​ជា​ជំនួប​ដូច​ជួប​ទូត​មុនៗ​ដែរ គឺ​ត្រឹមតែ​ជាការ​សួរសុខទុក្ខ​ប៉ុណ្ណោះ​។

​បន្ទាប់ពី​កិច្ចប្រជុំ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា អូស្ត្រាលី ស្វាគមន៍​នូវ​ការសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កែសម្រួល​លក្ខខណ្ឌ​នៃ​ការឃុំខ្លួន​លោក កឹម សុខា ឲ្យ​រួច​ផុតពី​ការ​ឃុំឃាំង​ក្នុងផ្ទះ​។
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​ឯកអគ្គរដ្ឋទូត សង្ឃឹមថា លោក​កឹម​សុខា ក៏ដូចជា​សកម្មជន​ន​យោ​បាយ​ដទៃទៀត នឹង​រួច​ផុតពី​ការចោទប្រកាន់ ហើយ​អាច​ចូលរួម​ពេញលេញ​ក្នុង​សកម្មភាព​នយោបាយ​ឡើងវិញ​។​

​ចំណែក​លោក​កឹម​សុខា មិនបាន​ថ្លែង​អ្វី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ទេ ក្រៅតែពី​ពាក្យ​អរគុណ ហើយក៏​ជម្រាបលា​អ្នកកាសែត ដើរចូល​ផ្ទះ​របស់លោក​វិញ​បាត់​។​

​រីឯ​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់លោក​កឹម​សុខា បាន​ប្រាប់​អ្នកកាសែត​ថា «​នេះ​ជាការ​ជួប​ដំបូង​របស់គាត់​ជាមួយ​បេសកកម្ម​កា​ទូត​ប្រចាំ​កម្ពុជា គឺ​គោលបំណង​សំខាន់ គឺ​ការ​មក​សួរសុខទុក្ខ​គាត់ និង​សម្តែង​ការគួរសម និង​ផ្លាស់ប្តូរ សំណេះសំណាល​គ្នា ជា​លក្ខណៈ​ឯកជន ដោយសារ​បែក​គ្នា​យូរ ហើយ​មួយទៀត ផ្តោត​សំខាន់​ទៅលើ​សុខភាព​របស់គាត់​។ គាត់​មាន​បញ្ហា​ជំងឺ ដូច​សេចក្តីសម្រេច​របស់​តុលាការ បានចេញ​កាលពី​ថ្ងៃទី​១០ គឺ​ផ្អែកលើ​ជំងឺ ផ្នែក​ទៅលើ​បញ្ហា​សុខភាព ដោយ​គេ​បន្ធូរបន្ថយ​លក្ខខណ្ឌ ដាក់​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ គឺ​ដោយសារ​បញ្ហា​សុខភាព ដែល​ត្រូវការ​ព្យាបាល​បន្ទាន់​។ អីចឹង​ហើយ បានជា​គាត់​ជួបពិភាក្សា សួរសុខទុក្ខ និង​ជួបពិភាក្សា​ពី​បញ្ហា​សុខភាព​។ ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ទស្សនៈវិស័យ​ទៅមុខ ដើម្បី​ធ្វើ​ម៉េច រួមគ្នា​ទាំងអស់ ដើម្បី​កសាង​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រឹងមាំ ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។​

​លោក មុត ចន្ថា បាន​បន្ថែមថា «​លោកស្រី​ទូត​អូស្ត្រាលី បាន​លើកឡើងថា ជា​ជំហាន​វិមាន ជា​ជំហាន​តូច​មួយ ប៉ុន្តែ​គាត់​សង្ឃឹមថា នឹងមាន​ការដោះលែង និង​លើកលែង​ការចោទប្រកាន់ ក៏ដូចជា​ដោះលែង​ឯកឧត្តម កឹម​សុខា ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​»​។​

​ដោយឡែក គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ បាន​លើកឡើងថា «​អូស្ត្រាលី ទទួលស្គាល់​សេចក្តីសំរេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ដើម្បី​ដក​ការ​រឹតត្បិត​មួយ ក្នុងការ​ដាក់អោយ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អនុញ្ញាតឱ្យ​គាត់​ចាក​ចេញពីផ្ទះ​របស់គាត់ ហើយ​​អាច​ផ្វើ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​មួយ​»​។

​ស្ថានទូត​ទូត​អូស្ត្រាលី លើកឡើងថា «​ទោះបីជា​យ៉ាងណា គាត់​នៅតែ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ និង​មិនអាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ​ក្នុងកំឡុងពេល​រង់ចាំ​ការកាត់ក្តី​។ យើង​ជំរុញ​រដ្ឋាភិបាល​ឱ្យមាន​ដំណើរការ​ឆ្ពោះទៅរក​ដំណោះស្រាយ​នៃ​ករណីនេះ ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស​»​។​

​ស្ថានទូត​អូស្ត្រាលី ក៏បាន​លើកឡើងថា «​ឯកអគ្គរាជទូត​អូស្ត្រាលី បាន​ជួប​ជាមួយ លោក កឹម សុខា នៅថ្ងៃនេះ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​របស់គាត់​។ អូស្ត្រាលី នៅតែមាន​ការព្រួយបារម្ភ​អំពី​ចំនួន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ប្រឈម​នឹង​ការចោទប្រកាន់ ឬ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ និង​របាយការណ៍ ដែលថា សមាជិក​បក្សប្រឆាំង ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម ទាក់ទង​នឹង​ការបញ្ចេញ​ទស្សនៈ​នយោបាយ​តាម​បណ្តាញ​អ៊ីនធឺណិត​។ យើង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់វិធានការ​ពិតប្រាកដ​ដើម្បី​បើក​ប្រជាធិបតេយ្យ​របស់ខ្លួន​ឡើងវិញ អនុញ្ញាត​ឱ្យមាន​ការជជែក​ដេញដោល​នយោបាយ​ដោយ​សេរី និង​បើកចំហ ដោយ​គ្មាន​អំពើ​ហឹ​ង្សា និង​ការបំភិតបំភ័យ​»​។​

​សូម​រម្លឹកថា នៅ​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា នឹង​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​។ កិច្ចប្រជុំ​នេះ ធ្វើឡើង នៅផ្ទះ​របស់លោក កឹម សុខា នា​ផ្ទះ​លេខ ៩៧ ផ្ឡូ​វ​លេខ ៣១៣ សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា បានទទួល​ជួប​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង និង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​នេះ លោក​កឹម​សុខា ក៏បាន​ជួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា ផងដែរ​។​

​ជាការ​កត់សម្គាល់ លោក កឹម សុខា បានទទួល​ជួប​ឯកអគ្គរដ្ឋទូត ជា​បន្តបន្ទាប់​នេះ បានធ្វើ​ឡើង ក្រោយពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានសម្រេច​កែសម្រួល​កា​រ​ឃុំខ្លួន​របស់លោក ដោយ​លែង​ឃុំខ្លួន នៅតែ​ក្នុងផ្ទះ​ទៀតហើយ​។ ប៉ុន្តែ​តុលាការ បានកំណត់ មិន​ឲ្យ​លោក​កឹម​សុខា ធ្វើដំណើរ​ចេញទៅ​បរទេស និង​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​

​កើត​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ លោក កឹម សុខា អតីត​សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ ចូលចាប់​ខ្លួន នៅក្នុង​គេហដ្ឋាន​របស់លោក នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧​។

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ តាមរយៈ​ការឃុបឃិត​នឹង​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។

​រហូតដល់​យប់​ថ្ងៃទី​០៩ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ផ្ទេរ​ការឃុំខ្លួន​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មកជា​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ ៣១៣ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ត​ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

( រូបថតពីស្ថានទូតអូស្ត្រាលី )

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង