ប្រធានប.ស.ស៖ ព្រឹត្តិការណ៍​ហូប​អំបុក ថ្ងៃទី​៩ ខែវិច្ឆិកា ក្នុងន័យ​ជួយ​ដាស់តឿន ​ដល់​កូន​ខ្មែរ​សម័យ​ទំនើប ឲ្យ​ស្គាល់​កាន់តែច្បាស់​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​ស្ថាប័ន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​ទទួលទាន​អំបុក​ប្រកបដោយ​បរិយាកាស​សាមគ្គីភាព​ស្និត​ស្នាល និង​សប្បាយរីករាយ កាលពីព្រឹក​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​២០១៩។​ ពិធីជួបជុំនេះ ក៏ត្រូវបាន​ប្រធានប.ស.ស ចាត់ទុកថា ជាព្រឹត្តិការណ៍​ ​ក្នុងន័យ​ជួយ​ដាស់តឿន ​ដល់​កូន​ខ្មែរ​សម័យ​ទំនើប ឲ្យ​ស្គាល់​កាន់តែច្បាស់​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​ផងដែរ​។

​ឯកឧត្តម​ អ៊ុក ​សមវិទ្យា ​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ថ្លែងថា​៖ ការជួប​ជុំគ្នា​ទទួលទាន​អំបុក​ សំរាប់​ថ្ងៃទី​៩ វិច្ឆិកា​នេះ ត្រូវបាន​ប្រកាសឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​ហូប​អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ។​

​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែងបន្តថា ៖ ព្រឹត្តិការណ៍​ហូប​អំបុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះដែរ​ក៏​ក្នុងន័យ​ជួយ​ដាស់តឿន ​ដល់​កូន​ខ្មែរ​សម័យ​ទំនើប ឲ្យ​ស្គាល់​កាន់តែច្បាស់​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​។ ប្រពៃណី​អកអំបុក​នេះ ដូនតា​ខ្មែរ​យើង បាន​ប្រារព្វ​ឡើង​យ៉ាង​ជាប់លាប់​តាំងតែ​ពី​បុរាណ​កាល​រៀងមក គឺ​ការ​ធ្វើឡើង​នៅក្រោយពេល​រដូវ​ប្រមូល​ផល​ស្រូវ​រួច ។​

​អកអំបុក​ ក៏​ជា​ឱកាស​មួយ ដែល​ក្រមុំ​ក​ម្លោះ មាន​ពេលវេលា​បង្ហាញ​រូបរាង ក្នុង​ការជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ដើម្បី​ស្វែងយល់​ចិ​ត្ដ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​បញ្ចប់​រដូវ​ធ្វើស្រែ​ចំការ​។​

និយាយ​ពី​របៀប​​អកអំបុក គឺ​គេ​យក​អំបុក​ដែល​បាន​ត្រៀម​ទុកដាក់​ក្នុង​កញ្ជើ​តម្កល់​នៅលើ​តុ ហើយ​ស្រីៗ​ឲ្យ​បុរស​ហាមាត់​ឲ្យ​ធំ​ដើម្បី​បង្អក​ចូលទៅក្នុង​មាត់​តែ ម្ដង ជាមួយនិង​សំណួរ​ថា​ពេញ​ឬ​នៅ ? បើ​មិនទាន់​ពេញ គឺ​បង្អក​ថែមទៀត ទាល់តែ​ឆ្លើយ​ឮ​សម្លេង​ទ្បុ​លៗ​មិន​ច្បាស់​បានន័យថា «​ពេញ​ហើយ​»​។​

​បន្ទាប់ពី​បង្អក​អំបុក​ហើយ​គេ​បង្អក​ចេក​ថែមទៀត ឯ​បុរស​ក៏​អាច​យក​អំបុក​អក​ទៅលើ​ស្ដ្រី​វិញ​ផងដែរ ក្នុង​បរិយាកាស យ៉ាង​សប្បាយរីករាយ ទៅតាម​ទំនៀមទម្លាប់​ប្រពៃណីជាតិ​។ ប្រពៃណី​អកអំបុក​នេះ ក៏បាន​បង្ហាញ​ពី​សាមគ្គីភាព ដ៏​សិ្ន​ទ្ធិ​ស្នាល​និង​ភាព​សំបូរហូរហៀរ​នៅក្នុង​សង្គម​សុខសន្តិភាព ផងដែរ ។​

​សូមបញ្ជាក់ថា​ នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ នៅ​ស​ណ្ធា​គារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃទី ៧ វិច្ឆិកា​កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ព្រមទាំង​បងប្អូន​ដែល​កំពុង​ពួន​លាក់ខ្លួន​នៅ​ភ្នំ​ក្រវ៉ា​ញ និង​នៅតាម​កន្លែង​ដទៃៗ​ទៀត សូម​ចេញមករ​សារភាព កុំ​មានការ​ភ័យខ្លាច ចូលរួម​សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នេះ និង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក អកអំបុក លយប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ​នេះ៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង