នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ លោក កឹម សុខា ជួប​ទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោក កឹម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជួប​ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ នៅ​ម៉ោង ០៩:៣០ ព្រឹក និង​នៅ​ម៉ោង ១៣:៣០ រសៀល ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា​។ កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា​នេះ ធ្វើឡើង​នៅ​គេហដ្ឋាន​របស់លោក​កឹម​សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ប្រមាណ ២​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​លោក​កឹម​សុខា មិនបាន​ថ្លែង​អ្វីមួយ​ម៉ាត់ ទៅកាន់​ក្រុមអ្នកកាសែត​ឡើយ​។​

​ប៉ុន្តែ​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់លោក​កឹម​សុខា បាន​ប្រាប់​អ្នកកាសែត​ថា «​ជំនួប​នេះ គឺ​មិន​ខុសគ្នា​ពី​ជំនួប​មុនៗ​ទេ គឺ​ឯកអគ្គរដ្ឋទូត លោក​បានមក​សម្តែង​នូវ​ការសួរសុខទុក្ខ ក៏ដូចជា​ពិភាក្សា​អំពី​បញ្ហា​សុខភាព ពីព្រោះ​ប្អូន​ឃើញ​នៅក្នុង​សេចក្តីសម្រេច​របស់​តុលាការ ការបន្ធូរបន្ថយ​លក្ខ​ខណ្ឌ​នៃ​ការដាក់​ឲ្យ​ត្រួតពិនិត្យ​ក្រោម​ផ្លូវ​តុលាការ​ហ្នឹង គឺ​ផ្អែកទៅលើ​បញ្ហា​សុខភាព​។ អីចឹង​ហើយ បាន​ជជែក​គ្នា​អំពី​បញ្ហា​សុខភាព​របស់​ឯកឧត្តម កឹម សុខា ថា​តើ​គាត់​មាន​សុខភាព​យ៉ាងម៉េច​ហើយ​? ថា​តើ​គាត់​ត្រូវ​ការបន្ត​ការព្យាបាល​យ៉ាងម៉េច​? អីចឹង​គឺ​គាត់​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា សម្តែង​មនោសញ្ចេតនា​ជាមួយគ្នា ហើយក៏​បាន​ជជែក​ជាមួយគ្នា អំពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា រួមគ្នា​កសាង​ប្រជាធិបតេយ្យ​ទៅមុខទៀត និង​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៩ លោក​កឹម​សុខា បានទទួល​ជួប​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង និង​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា​។​

​លោក កឹម សុខា ទទួលបាន​ជួប​ឯកអគ្គរដ្ឋទូត ជា​បន្តបន្ទាប់​នេះ បានធ្វើ​ឡើង ក្រោយពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួល​កា​រ​ឃុំខ្លួន​របស់លោក ដោយ​លែង​ឃុំខ្លួន​នៅតែ​ក្នុងផ្ទះ​ទៀតហើយ​។ ប៉ុន្តែ​តុល​ការ បានកំណត់ មិន​ឲ្យ​លោក​កឹម​សុខា ធ្វើដំណើរ​ចេញទៅ​បរទេស និង​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​

​ជំនួប​រវាង​លោក​កឹម​សុខា និង​ឯកអគ្គរដ្ឋទូត ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នា​នេះ គឺ​ដើម្បី​តែ​សួរសុខទុក្ខ​លោក​កឹម​សុខា តែប៉ុណ្ណោះ​។

​កើត​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ លោក កឹម សុខា អតីត​សកម្មជន​សិទ្ធិមនុស្ស​ និង​ជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ ចូលចាប់​ខ្លួន នៅក្នុង​គេហដ្ឋាន​របស់លោក នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧​។

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ តាមរយៈ​ការឃុបឃិត​នឹង​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។

​រហូតដល់​យប់​ថ្ងៃទី​០៩ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ផ្ទេរ​ការឃុំខ្លួន​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មកជា​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ ៣១៣ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ត​ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង