អ្នករាយការណ៍​ពិសេស អ​.​ស​.​ប អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ទូត​បារាំង និង​ទូត​អាមេរិក ថ្លែងការណ៍ ស្វាគមន៍​នូវ​ការវិវត្តន៍​ថ្មីៗ ពាក់ព័ន្ធ​ករណី​លោក កឹម សុខា​

(​ភ្នំពេញ​)៖ ចាប់តាំងពី​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នករាយការណ៍​ពិសេស អ​.​ស​.​ប អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា និង​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ដាច់ដោយឡែក​ពីគ្នា ប្រកាស​ស្វាគមន៍​នូវ​ការវិវត្តន៍​ថ្មីៗ ពាក់ព័ន្ធ​ករណី​លោក​កឹម​សុខា​។ នោះ​គឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួល​កា​រ​ឃុំខ្លួន​របស់លោក ដោយ​លែង​ឃុំខ្លួន​នៅផ្ទះ​ទៀតហើយ តែ​លោក​កឹម​សុខា មិនត្រូវ​ធ្វើដំណើរ​ចេញទៅ​បរទេស និង​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស អសប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ពី​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយ​ប្រកាស​ស្វាគមន៍​នូវ​ការកែសម្រួល​លក្ខ​ណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោកស្រី Rhona Smith បានចាត់ទុក​ការសម្រេច​របស់​តុលាការ ក្នុង​ការឈប់​ឃុំខ្លួន​លោក​កឹម​សុខា នៅក្នុង​ផ្ទះ នាពេលនេះ ថា​ជាការ​វិវត្តន៍​ដ៏​ល្អ​មួយ ក្នុង​នយោបាយ​កម្ពុជា តែ​ទោះបីជា​យ៉ាងណា លោកស្រី បាន​សម្តែង​ការសោកស្តាយ ដែល​តុលាការ នៅតែ​បន្ត​ហាមឃាត់​លោក​កឹម​សុខា មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ​។​

​លោកស្រី Rhona Smith អំពាវនាវ​ឲ្យ​តុលាការ បញ្ចប់​ការស៊ើបអង្កេត​ករណី​លោក​កឹម​សុខា និង​ទម្លាក់ចោល​នូវ​រាល់​ការចោទប្រកាន់​លោក​កឹម​សុខា​។ ក្នុងនោះ លោកស្រី ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការចាប់​ឃុំខ្លួន​មនុស្ស ៨៥​នាក់ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ នៅ​កម្ពុជា​ផងដែរ​។​

​លោកស្រី Rhona Smith បាន​បន្ត​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ឲ្យ​បន្ត​បន្ថយ​ភាព​តានតឹង​នយោបាយ ហើយ​ស្វែងរក​ការចរចា ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។

​ដោយឡែក អ្នកនាំពាក្យ​សហភាព​អឺរ៉ុប Maja Kocijancic ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ពី​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែលជា​ទីស្នាក់ការ​ធំ​របស់​សហភាព​អឺរ៉ុប ដោយ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កែសម្រួល​លក្ខ​ណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ថា​ជា​ជំហាន​ដំបូង ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ​។

​ប៉ុន្តែ​សហភាព​អឺរ៉ុប បាន​កត់សម្គាល់ថា លោក​កឹម​សុខា នៅតែ​បន្ត​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ហើយ​សំណុំរឿង​របស់លោក មិនទាន់​បញ្ចប់ ដោយ​ថែមទាំង​តុលាការ ហាមឃាត់​លោក​កឹម​សុខា មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​នោះឡើយ​។​
អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ក៏បាន​បង្ហាញ​ក្តី​រំពឹងថា លោក កឹម សុខា នឹង​ទទួលបាន​នូវ​សិទ្ធិសេរីភាព ពេញលេញ និង​អាចធ្វើ​នយោបាយ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ជាមួយគ្នា​នោះ ក្រៅពី​ឯកអគ្គរដ្ឋទូត​បារាំង និង​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ចូលជួប​ដាច់ដោយឡែក​ពីគ្នា ដើម្បី​សួរសុខទុក្ខ​ផ្ទាល់ ជាមួយ​លោក​កឹម​សុខា នៅផ្ទះ​របស់លោក នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថានទូត​បារាំង និង​ស្ថានទូត​អាមេរិក ក៏បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក ដាច់ដោយឡែក​ពីគ្នា ចំពោះ​ការសម្រេច​របស់​តុលាការ ដែល​លែង​ឃុំខ្លួន​លោក​កឹម​សុខា នៅក្នុង​ផ្ទះ​តទៅទៀត​។​

​កាលពី​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០១៩ ស្ថានទូត​អាមេរិក បានប្រកាសថា «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានឃើញ​ការរាយការណ៍​នានា នៅថ្ងៃនេះ អំពី​ការលើកលែង​ការ​រឹត​ត្បឹ​ត​មួយចំនួន​តាម​ប្រព័ន្ធយុត្តិធម៌ ចំពោះ​មេដឹកនាំ​នយោបាយ​បក្សប្រឆាំង​កម្ពុជា លោក កឹម សុខា​។ យើង​កត់សម្គាល់​នូវ​ជំហាន​ឆ្ពោះទៅមុខ​ដ៏​មាន​កម្រិត​មួយ​នេះ ប៉ុន្តែ​ទទូច​យ៉ាងខ្លាំង​ក្លា ឲ្យ​អាជ្ញាធរ​ស្តារឡើងវិញ​ទាំងស្រុង​នូវ​សេរីភាព និង​សិទ្ធិ​នយោបាយ​របស់លោក ស្ថិតក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​លោក ដែល​អ្នក​ជាច្រើន​មើលឃើញថា មាន​ចរិត​នយោបាយ​»​។​

​ស្ថានទូត​អាមេរិក បន្តថា «​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​អ្នក​ទាំងឡាយណា ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ទំនើងចិត្ត និង​ខុសច្បាប់​ដោយ​រួមទាំង​អ្នកសារព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល និង​អ្នកគាំទ្រ ព្រមទាំង​សមាជិក​នៃ​គណបក្សនយោបាយ​ប្រឆាំង​នានា​»​។​

​ស្ថានទូត​អាមេរិក បន្ថែមថា «​អភិបាលកិច្ច និង​សេដ្ឋកិច្ចកម្ពុជា នឹង​ទទួល​ប្រយោជន៍​ពី​ជំហាន​បន្ថែមទៀត ក្នុង​ការបើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​ពលរដ្ឋ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុង​និង​ក្រៅប្រទេស​ជំរុញ​នូវ​ការសន្ទនា​នយោបាយ​រួមគ្នា ហើយ​ពិតប្រាកដ និង​ដំណើរការ​ផ្សះផ្សា ព្រមទាំង​ស្តារឡើងវិញ​នូវ​ប្រជាធិបតេយ្យ​ពហុបក្ស​ដ៏​មាន​អត្ថន័យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដ៏​ពិបាក​រក​របស់​ប្រទេស​នេះ​»​។​

​ដោយឡែក ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា ក៏បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា​ថា « សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែវិច្ឆិកា ពី​ការបន្ធូរបន្ថយ​ល័ក្ខខ័ណ្ឌ​នៃ​ការដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចំពោះ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ដែល​ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ អំណឹះតទៅ លោក​មាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​»​។​

​ស្ថានទូត​បារាំង បន្ថែមថា «​នេះ​គឺជា​កាយវិការ​វិជ្ជមាន​មួយ​។ ប្រទេស​បារាំង សង្ឃឹមថា លោក កឹម សុខា នឹង​ទទួលបាន​នីតិសម្បទា​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ​»​។

​យ៉ាងណាក៏ដោយ តាមរយៈ​អ្នកនាំពាក្យ ក្រោយ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង និង​ឯកអគ្គរដ្ឋទូត​អាមេរិក លោក កឹម សុខា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សាធារណៈ​បារាំង ព្រឹទ្ធសភា​-​រដ្ឋសភា និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ព្រមទាំង​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក ព្រឹទ្ធសភា រដ្ឋសភា និង​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា ចំពោះ​ការជួយ​គាំទ្រ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការស្វែងរក​ដំណោះ​ចំពោះ​សិទ្ធិសេរីភាព​របស់លោក​។​

​កើត​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ លោក កឹម សុខា អតីត​សកម្មជនសិទ្ធិមនុស្ស និងជាអតីត​ប្រធានអតីត​​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ ចូលចាប់​ខ្លួន នៅក្នុង​គេហដ្ឋាន​របស់លោក នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧​។

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ តាមរយៈ​ការឃុបឃិត​នឹង​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។

រហូតដល់​យប់​ថ្ងៃទី​០៩ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ផ្ទេរ​ការឃុំខ្លួន​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មកជា​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ ៣១៣ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ត​ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង