លិខិតចំហជូនមិត្តទូត៖ បើអ្នកស្រឡាញ់ប្រជាធិបតេយ្យ សូមកុំផ្តល់យោបល់ឲ្យអ្នកនយោបាយ ធ្វើសកម្មភាពបំផ្លាញសន្តិភាព សេរីភាព និងឯករាជ្យរបស់ជាតិខ្លួន!

(ភ្នំពេញ)៖ ថ្ងៃនេះលោក កឹម សុខា មានលំហរសេរីភាពបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាមេរិក ក្រោមបរិយាកាសសេរី និងគ្មានការភ័យខ្លាច។ ក្រោយពីជំនួប លោកទូតបានសម្តែងការស្វាគមន៍ជាវិជ្ជមានអំពី លំហរសេរីភាពរបស់លោក កឹម សុខា។ លោក កឹម សុខា ក៏បានពន្លយចេញឲ្យដឹងនូវការព្រាងកម្មវិធី ដើម្បីធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ។

មិត្តទូតជាទីរាប់អាន! ប្រហែលជាអ្នកនៅចងចាំថា លោក កឹម សុខា គឺជាជនជាប់ចោទនៅក្នុងបទល្មើសក្បត់ជាតិ ដោយសារតែធ្លោយសម្តីលាតត្រដាងគម្រោងផែនការទុច្ចរិត យកគំរូពីជនបរទេសមួយក្រុមណានោះ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ន លោក កឹម សុខា ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយដែរ។ អាស្រ័យហេតុនេះ ក្នុងនាមជាពលរដ្ឋស្រឡាញ់សន្តិភាព សេរីភាព គោរពនីតិរដ្ឋ និងតែងតែលើកតម្កើងឯករាជ្យ អធិបតេយ្យភាពកម្ពុជា ក៏ដូចជាចង់បានកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ និងដោយស្មើសិទ្ធិ ស្មើភាព ជាមួយមិត្តបរទេសគ្រប់មជ្ឈដ្ឋាន ដូច្នេះខ្ញុំសូមជូនយោបល់ជាការរំលឹកដល់មិត្តទូត ដូចតទៅ៖

ទី១- សូមមិត្តទូតចងចាំថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកការដឹកនាំប្រទេសតាមទម្រង់ប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះរាជាណាចក្រកម្ពុជា មានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងមានបាវចនាជាបន្ទាត់នយោបាយគឺ៖ «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ»។ កម្ពុជា បានកំណត់យកការបោះឆ្នោតជាទៀងទាត់ជារៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំជាតិ តាមគោលការណ៍ប្រជាធិបតេយ្យជាសកល។ នយោបាយណាមួយ ដែលអនុវត្តផ្ទុយពីស្មារតីជាគោលការណ៍ និងតាមប្រតិទិនខាងលើ ដោយប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ឬប៉ុនប៉ងធ្វើរដ្ឋប្រហារផ្លាស់ប្តូររបប ផ្តួលរំលំរាជបល័ង្គ គឺជាការដើរផុតពីបន្ទាត់ប្រជាធិបតេយ្យ និងបន្ទាត់សិទ្ធិសេរីភាពហើយ។ ប្រទេសនៅលើសកលលោករួមទាំងនៅប្រទេសរបស់អ្នកផង ក៏ប្រឆាំងចំពោះសកម្មភាពដ៏គ្រោះថ្នាក់បែបនេះដែរ ហើយមេក្លោងនិងឧក្រិដ្ឋជន ត្រូវតែនាំខ្លួនយកមកប្រឈមចំណាត់ការតាមផ្លូវច្បាប់របស់ជាតិ ដើម្បីធានាស្ថេរភាពរដ្ឋ និងភាពសុខសាន្តរបស់ប្រជាជន។ សូមមិត្តបរទេសចូលរួមដោយស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយើងខ្ញុំ ដើម្បីទប់ស្កាត់ និងផ្តន្ទារទោសអំពើខុសច្បាប់ខាងលើ ដោយមិនប្រងើយកន្តើយឬបណ្តោយឲ្យពួកឧទ្ទាម ឬក្រុមភេរវករ បំផ្លាញភាពសុខសាន្តរបស់មនុស្សជាតិ និងសេចក្តីសុខរបស់ពិភពលោកនោះឡើយ។

ទី២- មិត្តទូត! អ្នកបានយល់ច្បាស់ណាស់ថា ប្រជាជននៃប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រ វប្បធម៌ អត្តចរិត ផ្នត់គំនិត មិនដូចគ្នាទេ។ ការគោរពភាពខុសគ្នាទាំងសិទ្ធិនយោបាយ និងសិទ្ធិមនុស្ស គឺត្រឹមត្រូវណាស់។ ដូច្នេះ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ក៏ជាករណីកិច្ចដ៏ត្រឹមត្រូវ ដើម្បីធានាពិភពលោកមួយគ្មានការជ្រៀតជ្រែក គ្មានការលូកលាន់កិច្ចការផ្ទៃក្នុងជាអន្តរជាតិ ឬការដាក់ចេញនូវនយោយបាយស្តង់ដារពីរ។ ប្រជាធិបតេយ្យកម្ពុជាដ៏រស់រវើក ដែលមានតម្លៃដ៏ពិសិដ្ឋសម្រាប់ប្រជាជនកម្ពុជា គឺមិនត្រូវធ្វើឲ្យរីចរិលដោយភូមិសាស្ត្រនយោបាយ និងត្រូវបំផ្លាញដោយក្រុមនយោបាយហិង្សាទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសនោះឡើយ។

ទី៣- មិត្តទូត! ប្រសិនបើអ្នកស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និងចង់ឃើញការរីកចម្រើនលើគ្រប់វិស័យនៅប្រទេសកម្ពុជា រួមទាំងភាពកាន់តែល្អប្រសើរឡើងនៃកម្រិតទំនាក់ទំនងការទូតទ្វេភាគីនិងពហុភាគីគឺ៖ ទី១) សូមមិត្តទូតអត់ធ្មត់ កុំធ្វើសកម្មភាពណាមួយពន្លេចចេញនូវរូបភាព ដែលអាចបង្កើតជាខ្លឹមសារយល់ច្រឡំថា មិត្តទូតគឺជាអ្នកផ្តល់យោបល់ ឬនៅពីក្រោយការគាំទ្រពួកប្រឆាំង និងពួកហិង្សានិយម។ ទី២) សូមមិត្តទូតកុំផ្តល់យោបល់ដល់អ្នកនយោបាយខ្មែរ និងសកម្មជនហិង្សាដទៃទៀត ឲ្យធ្វើសកម្មភាពប្រាស់ចាក «ប្រជាធិបតេយ្យនីតិរដ្ឋ» ឈានទៅបំផ្លាញសន្តិភាព សេរីភាព ស្ថេរភាព និងឯករាជ្យភាព នៃប្រទេសជាតិរបស់ខ្លួនឲ្យសោះ។

ករណីលោក កឹម សុខា គឺជាបទពិសោធន៍ សម្រាប់មិត្តទូតចូលរួមជាមួយយើងខ្ញុំ ក្នុងការស្វែងយល់ឲ្យបានស៊ីជម្រៅ ថាតើហេតុអ្វីបានជាលោក កឹម សុខា ធ្វើនយោបាយបែបនេះ? ទង្វើរបស់ កឹម សុខា កន្លងមកពិតជាបង្កើតការយល់ច្រឡំដ៏គ្រោះថ្នាក់ ហើយមិនត្រូវឲ្យកើតមានសារជាថ្មីឡើយ។ បរិយាកាសកម្ពុជា បច្ចុប្បន្ននេះគឺល្អណាស់។ ដូច្នេះ ការចូលរួមថែរក្សាសុខមាលភាពប្រជាធិបតេយ្យ គឺផ្នែកមួយដ៏សំខាន់សម្រាប់កម្ពុជា។ ជាមួយគ្នានេះ សូមមិត្តទូតចូលរួមជាមួយយើងខ្ញុំ ធ្វើឲ្យកម្ពុជារក្សាការពារបាននូវ «សន្តិភាពអមតៈ» ដើម្បីជាមូលដ្ឋានគ្រឹះធានាការរីកចម្រើនលើគ្រប់វិស័យ ទាំងបង្កើតឱកាសប្រជាធិបតេយ្យចូលរួម, ការកសាងវប្បធម៌សន្ទានា, ការធានាការបោះឆ្នោតជាតិជាទៀងទាត់តាមប្រតិទិន, ការពង្រីកលំហរសេរីភាពកាន់តែទូលំទូលាយ, ការលើកកម្ពស់សិទ្ធិមនុស្ស, ការបន្តអប់រំរបៀបធ្វើនយោបាយដោយមានសីលធម៌និងសុច្ចរិតភាព, ព្រមទាំងបង្កើតឱកាសរីកធំធាត់ខាងធនធានមនុស្ស ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ ចង់បានឱកាសបន្តទៀត ដើម្បីចូលរួមចំណែកចែករំលែកជាមួយពិភពលោក នូវបទពិសោធន៍ជាមូលដ្ឋាន នៃការកសាងអាណាចក្រវប្បធម៌ និងសម្បត្តិបតិកភ័ណ្ឌពិភពលោក ប្រាសាទអង្គរវត្ត របាំព្រះរាជទ្រព្យ ទេសចរណ៍ ព្រមទាំងចែករំលែកជាមួយពិភពលោកអំពីមេរៀននៃការកសាងថែរក្សា«សន្តិភាពអមតៈ» ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកជាប្រវត្តិសាស្ត្រ៕

ដោយ៖ សេនាជាតិ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង