បទវិភាគ៖ ទីបំផុត «បាបកម្មបណ្តាសាររដ្ឋប្រហារ» ក្លាយជាព្យុះកំបុតត្បូង វិលត្រឡប់ទៅធ្លាក់លើ សម រង្ស៊ី វិញ!

(សៀមរាប)៖ ខ្ញុំមានហេតុផលគ្រប់គ្រាន់ សម្រាប់អាចចាប់ផ្តើមសំណេរនេះ នូវប្រយោគដ៏ច្បាស់លាស់យ៉ាងដូច្នេះថា៖ ព្យុះកំបុតត្បូងនៃបាបកម្ម កើតចេញពីគំនិតទុច្ចរិតក្បត់ជាតិរបស់ សម រង្ស៊ី បានកំពុងវិលត្រឡប់ទៅធ្លាក់លើ សម រង្ស៊ី វិញហើយ។ មិនយូរមិនឆាប់ នៅក្នុងបក្សខ្មោចបិសាចនេះ នឹងកើតមានឡើងដ៏ឆាប់នូវបណ្តាសាររដ្ឋប្រហារ ដើម្បីបណ្តេញ សម រង្ស៊ី ចេញពីបក្ស។ អំណឹះតទៅ សម រង្ស៊ី គ្មានពេលវេលាសម្រាប់ការគិតគូរ អំពីការវិលត្រឡប់មកធ្វើរដ្ឋប្រហារផ្តួលរំលំសម្តេច ហ៊ុន សែន និងមកផ្តួលរំលំរាជបល័ង្គនៃព្រះមហាក្សត្រនោះទេ»។

បាបកម្មពិតជាមាន ដោយមិនរង់ចាំដល់ជាតិក្រោយទេ។ ឥឡូវនេះ កំពុងក្តៅឈួលនៅក្នុងបក្សខ្មោច។ ចាស់ទុំនៅក្នុងបក្ស អ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសខកបំណងនឹង សម រង្ស៊ី ខ្លាំងណាស់។ តាមរយៈការបញ្ចេញយោបល់ថ្មីៗពីលោក ហុង លីម, លោក សូ ណារ៉ូ, លោក ម៉ែន ណាត, លោក ប៉ាង ងួនទៀង, លោក គឹម សុខ, យុវជនបណ្តាញសង្គមឈ្មោះ អាសូរ្យកាយ និងលោក ហ៊ីង សុខសាន្ត ជាដើមក៏បានបង្ហាញឲ្យឃើញថា ផ្ទៃក្នុងមានការខកចិត្ត ជាមួយនឹងការខឹងសម្បារ ក្តៅក្រហាយចំពោះ សម រង្ស៊ី ដែលកំសាកញីធ្វើឲ្យបរាជ័យផែនការធំនេះ នៅមុនថ្ងៃកំណត់យ៉ាងអាម៉ាស់ជាប្រវត្តិសាស្ត្រ។

មកដល់ម៉ោងនេះ អ្នកណាៗ ក៏គក់ទ្រូង ហួសចិត្ត អស់ជំនឿលើ សម រង្ស៊ី ដែលម្តងហើយម្តងទៀត បានដឹកនាំធ្វើឲ្យបរាជ័យជាបន្តបន្ទាប់។ បរាជ័យលើកនេះ មិនមែនជាភាពចៃដន្យនោះទេ គឺដោយសារកត្តាភាពកម្សោយនៃការដឹកនាំ និងការសម្រេចចិត្តរបស់បុគ្គល សម រង្ស៊ី ព្រមទាំងគូកន និងក្រុមផ្កាប់មុខមួយចំនួន ដែលផ្ទៃក្នុងប្រឆាំងហៅថា «ក្រុមអាមាត្យ និងក្រុមហៃអើ»។ ជាមួយគ្នា មកដល់ម៉ោងនេះ អ្នកវិភាគនៃក្រុមប្រឆាំងអស់ពាក្យថ្លែងសរសើរ សម រង្ស៊ី ហើយ គឺមានតែពាក្យថ្កោលទោស ហើយបើក្រុមងងឹតងងុលនៅក្នុង វិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅផ្សាយបញ្ចើចលើកជើង សម រង្ស៊ី គឺគួរតែទៅឲ្យពេទ្យពិនិត្យជំងឺសរសៃប្រសាទ។

កំហុសឆ្គងខាងនយោបាយចុងក្រោយរបស់ សម រង្ស៊ី ត្រូវបានចាស់ទុំក្នុងបក្សចាត់ទុកជាកំហុសដ៏ធ្ងន់ធ្ងរ ហើយមិនត្រឹមតែជាការបញ្ចប់ជីវិតនយោបាយបុគ្គល សម រង្ស៊ី ខ្លួនឯងម្នាក់ប៉ុណ្ណោះទេ តែបរាជ័យដ៏អាម៉ាស់នេះបានជះឥទ្ធិពលអាក្រក់ បំផ្លាញដល់កេរ្តិ៍ឈ្មោះ និងគុណតម្លៃក្រុមប្រឆាំងទាំងមូលតែម្តង។ ស្របគ្នានេះ ក្រៅពីផ្ទៃក្នុង គឺអន្តរជាតិ ក៏បានមើលឃើញពីកម្សោយកាន់តែច្បាស់ និថបន្តដកសេចក្តីទុកចិត្តចេញពីចលនាប្រឆាំង ដែលដឹកនាំដោយ សម រង្ស៊ី។ ភ្លើងកំហឹងពិតជាកំពុងឆេះ!។

ចំពោះផែនការរដ្ឋប្រហារ ៩ វិច្ឆិកា សូម្បីតែផ្ទៃក្នុងពួកប្រឆាំង ក៏បានវាយតម្លៃជាមុនរួចស្រេចទៅហើយថា «ធ្វើទៅមិនរួចទេ»។ ក៏ប៉ុន្តែ ពួកគេមិនហ៊ាននិយាយទម្លាយចេញមក រហូតដល់ពេលបរាជ័យជាក់ស្តែង ទើបគេនាំគ្នានិយាយចេញ ដើម្បីឲ្យធូរទ្រូង។ លទ្ធផលបរាជ័យលើកនេះ ក្រុមចាស់ទុំក្នុងចលនាប្រឆាំងមានទម្ងន់ហេតុផលគ្រប់គ្រាន់ ក្នុងការទាមទារឲ្យ សម រង្ស៊ី លាឈប់ទោះដោយបង្ខំ ឬដោយទុកកិត្តិយស ដើម្បីឲ្យអ្នកដឹកនាំថ្មី ដែលមានផែនការច្បាស់លាស់ កាន់ចង្កូតបក្សប្រឆាំងបែបថ្មី។

ខណៈនេះ ទណ្ឌិត សម រង្ស៊ី និងគូកន កំពុងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី របៀបជា «អ្នកនយោបាយទេសចរណ៍» ដើរស៊ីង៉ាវ ស៊ីគ្រំ កាត់សាញភាពអាម៉ាស់ជាប្រវត្តិសាស្ត្ររបស់ខ្លួន។ សម រង្ស៊ី កំពុងស្ថិតក្នុងស្ថានភាពបាត់បង់សារនយោបាយ ហើយក៏មិនទាន់ដឹងថា ត្រូវនិយាយអ្វីតទៀត។ ពិតណាស់ សម រង្ស៊ី អាចនិយាយឡប់ៗ អាឡេអាឡឺ តាមតែនឹកឃើញនូវភាសាអ្វីក៏បានដែរ ប៉ុន្តែ តោងយល់ថា ភាសានោះអត់តម្លៃ និងមិនត្រូវជឿតទៅទៀត។ សម រង្ស៊ី ពីអ្នកនយោបាយក្អេងក្អាង ទោះភូតភរគេនៅជឿ បែរមកជា សម រង្ស៊ី អស់តម្លៃ ធ្លាក់មកនៅត្រឹមលក្ខណៈក្មេងបៀមដៃ ដែលកំពុងរៀននិយាយ។ ឥឡូវនេះ តើអ្វីខ្លះកំពុងបន្តស្តែងឲ្យឃើញ? តើអ្វីជាជំហ៊ានដែល សម រង្ស៊ី ត្រូវដើរបន្ត?

ទី១- ការស្តែងឲ្យឃើញកាន់តែច្បាស់នៅត្រង់ថា កម្លាំងនយោបាយនៃក្រុមប្រឆាំងបានបន្តបែកខ្ញែកតទៀតហើយ។ ក្រុម កឹម សុខា គឺ១០០ភាគរយ អស់ជំនឿលើការដឹកនាំរបស់ សម រង្ស៊ី។ លើសពីនោះ ពួកគេបានខឹងដោយរោយដល់ក្រុមអាមាត្យ ដែលហៃអើតាម សម រង្ស៊ី ក្នុងនោះគេខឹងដោយរោយទាំងលោកស្រីមិនគ្រប់ទឹក មូរ សុខហួរ និងបុរសញៀនល្បែង អេង ឆៃអ៊ាង ផងដែរ។ ជាមួយគ្នានេះ ក្រុមខ្លះដែលកន្លងមកផ្តល់ជំនឿបណ្តោះអាសន្នមិនពេញលេញចំពោះ សម រង្ស៊ី ក៏បានភ្លឺភ្នែកច្បាស់ថា សម រង្ស៊ី ពិតជាមិនខ្មេះមែន។ អំណឹះតទៅគេត្រូវតែឈប់គាំទ្រជនចោលម្សៀត សម រង្ស៊ី តទៅទៀត។ ទោះបីបៀមព្រះមកស្បថក៏លែងជឿ ហើយបើសុំឱកាសបន្តទៀតក៏មិនព្រមឲ្យដឹកនាំតទៅទៀតដែរ។ គេកាប់ថ្មចំណាំទុកមុខជនចោលម្សៀតរួចហើយ។ សម រង្ស៊ី ក៏ត្រូវស្វែងយល់ថា អ្នកជាប់ទុក្ខទោសដោយសារធ្វើតាមគំនិតបោកប្រាសរបស់ខ្លួន ក៏កំពុងដាក់បណ្តាសារមេខ្លោងនេះផងដែរ ដែលធ្វើនយោបាយញុះញុងឲ្យគេមានទុក្ខទោស។ រឿងនេះ សម រង្ស៊ី ត្រូវតែបង់ថ្លៃ ហើយជំពាក់កម្មចំពោះពួកគេ។

ទី២- ឥឡូវនេះដែរ កឹម សុខា ទទួលបានការបន្ធូរបន្ថយបម្រាមខ្លះពីតុលាការ ដែលជាការបើកឱកាសខ្លះដល់ កឹម សុខា បង្ហាញខ្លួនជាថ្មីលើទីលាននយោបាយក្នុងកម្រិតណានោះ។ ការចេញសម្តែងជាថ្មីរបស់ កឹម សុខា គឺជាការគំរាមកំហែងចំពោះ សម រង្ស៊ី ដែលខំដណ្តើមយកតំណែងប្រធានស្តីទីបក្សខ្មោចទើបបានមួយរយៈខ្លី។ គ្រោះលើគ្រោះ បន្តយាយីប្រជាប្រិយភាព សម រង្ស៊ី ដែលយីអ៊ុនកំពុងដាក់។ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ កឹម សុខា ហ៊ានបើកទទួលជួបមន្ត្រីការទូតឡើងវិញ។ ទោះបីជាយ៉ាងណា កឹម សុខា កុំប្រហែសខ្លួនជឿបរទេសរហូតធ្លោយមាត់ក្បត់ជាតិជាថ្មី។ សុំមានផ្នត់គំនិតគិតដល់តម្លៃខ្មែរផង។ ហើយអ្វីៗមិនទាន់ចប់នៅឡើយទេ។ កុំទាន់ភ្លេចខ្លួន។

ទី៣- ការលេចឡើងកាន់តែច្បាស់ គឺនៅរយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ហើយសូម្បីតែផ្ទៃក្នុងប្រឆាំងក៏ដឹងច្បាស់ដែរថា សម រង្ស៊ី លែងមានតម្លៃសម្រាប់សហគមន៍អន្តរជាតិទៀតហើយ។ ជាមួយគ្នានេះ សម រង្ស៊ី បាត់ការគាំទ្រពីខ្មែរនៅក្រៅប្រទេស និងខ្មែរនៅក្នុងប្រទេស ហើយការបាក់ស្រុតកាន់តែខ្លាំង គឺក្រោយបរាជ័យផែនការ ៩ វិច្ឆិកា។ ក្អេងក្អាងបានតែនៅលើ ហ្វេសប៊ុក ប៉ុន្តែជាក់ស្តែងគឺស្រុតចុះយ៉ាងគំហុក រហូតផ្ទៃក្នុងលាន់មាតថា មិនគួរជីវិតនយោបាយ សម រង្ស៊ី ចប់ដោយឥតន័យលឿនយ៉ាងដូច្នេះសោះ!។

ទី៤- ចំពោះជំហ៊ានដែល សម រង្ស៊ី ត្រូវដើរបន្ត គឺចាប់ពីម៉ោងនេះតទៅ សម រង្ស៊ី ត្រូវចំណាយពេលវេលាដោះស្រាយជាមួយផ្ទៃក្នុង ទទួលស្គាល់បរាជ័យរបស់ខ្លួន ដើម្បីស្វែងយល់ថា តើគេអត់ឱនឲ្យកម្រិតណា? ហើយតើផ្ទៃក្នុងអាចទុកមុខឲ្យកម្រិតណា? ពីព្រោះការបរាជ័យនេះ គឺធំណាស់! បើក្រអឺតក្រទម អាចនឹងត្រូវគេបណ្តេញចេញ។ ទោះបីជាលទ្ធផលផ្ទៃក្នុងសម្រេចចិត្តយ៉ាងណា ប៉ុន្តែ វាសនានយោបាយ សម រង្ស៊ី បានកំណត់ច្បាស់រួចហើយ៖ បើ សម រង្ស៊ី បន្តមុខក្រាស់នៅក្នុងបក្ស ក៏ចប់។ បើ សម រង្ស៊ី សម្រេចដើរចាកចេញពីបក្សដូចឆ្នាំ២០១៧ ដែលធ្លាប់បានប្រកាសលាឈប់ម្តងរួចហើយ នោះក៏ចប់!។ ពីព្រោះ សម រង្ស៊ី ឥឡូវនេះគេស្គាល់ការពិតច្បាស់ថាជារបស់ក្លែងក្លាយ និងលែងមានតម្លៃប្រើប្រាស់ទៀតហើយ។

សុំខ្សិបមួយ! បើ សម រង្ស៊ី មុខក្រាស ក្រាញបន្តនៅក្នុងបក្សប្រឆាំងក៏ល្អដែរ បានជួយធ្វើជាបន្លាក្នុងកែវភ្នែក និងជាជំងឺមហារីក ឬជាគ្រាបបែកឲ្យក្រុមប្រឆាំងនេះ បន្តបែកខ្ញែកជាចំណែក ដែលមិនអាចផ្សះផ្សាបាន ហើយក៏ជួយឲ្យក្រុមប្រឆាំង នៅតែបែកបាក់ និងនៅតែទន់ខ្សោយជាប្រវត្តិសាស្ត្រ។ សម រង្ស៊ី ក៏ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យច្បាស់ដែរថា ខ្លួនគ្មានស្នាដៃអ្វីនឹងអួតភូតភរគេទៀតហើយ ក្រៅតែពីយកកន្ថោ ឬកន្ទបគ្របក្បាល។ តើនរណាខ្លះនឹកស្មានដល់ថា៖ «ជីវិតនយោបាយរបស់ សម រង្ស៊ី គឺចប់ដោយអសោច និងចប់ដោយអាម៉ាស់ជាប្រវត្តិសាស្ត្រ»។ សម រង្ស៊ី! កុំភ្លេចត្រៀមទទួលយកផលកម្មទាន់ហន់នៃ បណ្តាសាររដ្ឋប្រហាររបស់ខ្លួននោះផង មុននឹងលាចាកលោកនេះ ជាមួយនឹងគោរម្យងារថ្មីថា៖ «អ្នកនយោបាយជិះឆ្កែ»៕

ដោយ៖ ស្រី ស

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង