TOP NEWS: អ្នកវិភាគក្រុមប្រឆាំងបើកការពិភាក្សាវាយតម្លៃនយោបាយហិង្សារបស់ សម រង្ស៊ី ថាបរាជ័យ និងដល់ទីបញ្ចប់ហើយ!

(ភ្នំពេញ)៖ សារព័ត៌មានអនឡាញ The Cambodia Daily បានរៀបចំវេទិកាតុមូល២ថ្ងៃជាប់គ្នា ដែលចូលរួមដោយ លោក សូ ណារ៉ូ, លោក ហុង លីម, លោក ប៉ាង ងួនទៀង, លោក គឹម សុខ, លោក ម៉ែន ណាត, លោក ហ៊ីង សុខសាន្ត ដែលកិច្ចពិភាក្សាបានវាយតម្លៃយ៉ាងចុកឈាមជារួមថា៖ «សម រង្ស៊ី អន់ណាស់»។

កិច្ចពិភាក្សាក៏បានសន្មត់ថា ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី គឺបរាជ័យជាស្ថាពរ ដោយសារមានកត្តាច្រើនចំណុច ជាពិសេស គណៈកម្មាធិការរៀបចំផែនការ គឺអន់បំផុត។ លើសពីនេះ លោក ហុង លីម ទាមទារជាថ្មីឲ្យទណ្ឌិត សម រង្ស៊ី លាឈប់ពីនយោបាយ ដែលបរាជ័យបន្តបន្ទាប់២៥ឆ្នាំមកនេះ ដើម្បីទុកឱកាសឲ្យអ្នកថ្មីវិញ។

Swift News សូមដកស្រង់សង្ខេបជូននូវខ្លឹមសារ កិច្ចពិភាក្សានេះដូចតទៅ៖

លោក សូ ណារ៉ូ ដែលជាអ្នកគាំទ្រ សម រង្ស៊ី មួយរូបបាននិយាយបកអាក្រាតថា៖ «សម រង្ស៊ី ដាក់ចេញសារនយោបាយក្តៅពេក គឺជានយោបាយបែបឧទ្ទាម ដូចជាការនិយាយឲ្យកងទ័ពបែរចុងកាណុង ឬទាមទារឲ្យព្រះមហាក្សត្រដាក់រាជ្យជាដើម ដែលនេះធ្វើឲ្យបាត់បង់យ៉ាងធំផ្នែកការទូត និងការគាំទ្រ។ សម រង្ស៊ី ខ្លួនឯងអួតអាងថា ជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែដល់តែដាក់ចេញសារនយោបាយក្តៅបែបនេះ គឺនាំឲ្យខាតបង់ធំ ហើយគេដកខ្លួនចេញ មិនគាំទ្រ។ អ៊ីចឹងហើយដែលធ្វើឲ្យអាជ្ញាធរនៃប្រទេសមួយចំនួនមិនទទួលយកបានចំពោះសកម្មភាពឧទ្ទាម ឬពួកក្រៅច្បាប់នៅក្នុងប្រទេសគេ»។

លោក សូ ណារ៉ូ លើកឡើងចំណុចមួយទៀតថា បរាជ័យរបស់ សម រង្ស៊ី គឺការប្រើពេលវេលានៃការចេញដំណើរគៀកពេក ដែលនាំឲ្យបាត់បង់ឱកាស ហើយធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ សំខាន់បំផុត គឺផែនការនេះ បង្ហាញឲ្យឃើញថា សម រង្ស៊ី មិនក្លាហានតែម្តង។ លោក សម រង្ស៊ី គួរចេញដំណើរតាំងពីថ្ងៃទី១ វិច្ឆិកា ដើម្បីមានពេលរៀបចំគ្រប់គ្រាន់។

លោក សូ ណារ៉ូ សង្កត់បញ្ជាក់ថា ឈប់និយាយពីផែនការ ៩ វិច្ឆិកា តទៅទៀត ពីព្រោះវាបានបរាជ័យហើយ។

ចំណែកលោក ប៉ាង ងួនទៀង ជាអ្នកគាំទ្រក្រុមប្រឆាំងមាននិន្នាការលោក កឹម សុខា ដែលជាភ្ញៀវក្នុងកិច្ចពិភាក្សានេះដែរ បានលើកឡើងថា ផែនការ ៩ វិច្ឆិកានេះ លោកបានមើលឃើញថា ទៅមិនរួចតាំងពីដើមទីមកម្ល៉េះ។ ភាពទៅមិនរួចនោះ គឺដោយសារលោកមិនមានជំនឿលើភាពជាអ្នកដឹកនាំ និងគ្មានការឯកភាពផ្ទៃក្នុងរបស់ក្បាលម៉ាស៊ីន។

លោក ប៉ាង ងួនទៀង បានលើកឡើងថា ផែនការធំបែបនេះ ត្រូវមានការរៀបចំលម្អិត ទាំងផែនការសកម្មភាព ទាំងសារនយោបាយ និងយុទ្ធសាស្ត្រព័ត៌មាន ហើយត្រូវមានការឯកភាពគ្នា។ ប៉ុន្តែ បែរជាម្នាក់និយាយយ៉ាងនេះ ម្នាក់និយាយយ៉ាងនោះ រហូតបែកការណ៍។ សម រង្ស៊ី និយាយថា ផែនការលម្អិតនឹងលាតត្រដាងឲ្យដឹងនៅ៣ថ្ងៃមុន។ ផ្ទុយទៅវិញ លោកស្រី មូរ សុខហួរ លាតត្រដាងផែនការថា នឹងចូលតាមច្រកប្រទេសថៃ ហើយដើរចូលតាមប៉ោយប៉ែត។

លោក គឹម សុខ ជាអ្នកមាននិន្នាការប្រឆាំងដែរបាននិយាយថា៖ «ភាសាដែលនិយាយថា លោក ហ៊ុន សែន ខ្លាច សម រង្ស៊ី ឬលោក ហ៊ុន សែន ខ្លាច កឹម សុខា គឺជាភាសានិយាយឥតប្រយោជន៍។ ការពិតវាមិនមែនអ៊ីចឹង។ ការពិត គឺត្រូវគិតពីសេនារីយោនយោបាយជាក់ស្តែង អ្វីធ្វើបានជោគជ័យ អ្វីបរាជ័យ?»។

លោក គឹម សុខ បានចំអកឲ្យ សម រង្ស៊ី ថា «ប្រសិនខ្ញុំមានអ្នកគាំទ្រត្រឹម ១ភាគ៣ ឬ១ភាគ៥នៃ សម រង្ស៊ី គឺខ្ញុំមិនកំសាក មិនហ៊ានចូលស្រុកបែបនេះទេ»។

រីឯលោក ម៉ែន ណាត បាននិយាយថា៖ «លោក សម រង្ស៊ី ធ្វើរឿងមែនទែន ឲ្យទៅជារឿងលេងសើច។ លោក សម រង្ស៊ី និយាយថា ថ្ងៃ៩ វិច្ឆិកា នឹងមានមន្ត្រីអឺរ៉ុប តំណាងរាស្ត្រ ហែរហមចូលមកកម្ពុជា។ ផ្ទុយទៅវិញគ្មានអីម្នាក់។ បែរទៅជាគេដេញលោកស្រី មូរ សុខហួរ គ្រប់ទីកន្លែង រហូតត្រូវគេឃុំខ្លួនមួយរយៈ»។

លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី បាននិយាយថា៖ «យើងមិនគួរបន្តនិយាយក្នុងទិសដៅចាញ់រួចហើយរបស់ សម រង្ស៊ី នោះទេ។ ដូច្នេះឥឡូវនេះ មិនគួរផ្តោតខ្លាំងពេកលើរឿង សម រង្ស៊ី នោះទេ។ នយោបាយរបស់ សម រង្ស៊ី ធ្វើឲ្យពលរដ្ឋចាញ់គ្រប់តែពេល ហើយប្រគល់ជ័យជម្នះឲ្យទៅលោក ហ៊ុន សែន គ្រប់តែពេល។ ដូច្នេះ គួរបញ្ចប់ដំណើរលោក សម រង្ស៊ី ពីពេលនេះតទៅ។ ផ្តាច់ សម រង្ស៊ី ចេញពីក្រុមអ្នកតស៊ូពីពេលនេះទៅ បើមិនអ៊ីចឹងទេ នៅតែបន្តចាញ់ទាំងអស់គ្នាជារៀងរហូត។ ដំណើរទៅមុខ គឺឲ្យស្គាល់អ្នកណាជាមិត្ត អ្នកណាជាសត្រូវ អ្វីជាគោលដៅដែលយើងចង់ទៅ? អ្នកណាបាននាំយើងទៅធ្លាក់ទឹក? អ្នកណាធ្វើខុស? បើទៅមិនដល់គោលដៅ មិនស្គាល់គោលដៅ ច្រឡំផ្លូវ ហើយនៅតែមិនដឹងខ្លួន គឺយ៉ាប់ហើយ។ មិនខ្វះទេ មេដឹកនាំ! ល្មមឈប់នាំគ្នាជឿលើមេដឹកនាំ ដែលនាំយើងឲ្យបរាជ័យនោះតទៀតទៅ»។

លោក ហ៊ីង សុខសាន្ត សកម្មជនប្រឆាំង តំណាងចលនាយុវជន បាននិយាយថា៖ «ខ្ញុំខកចិត្ត និងមិនគួរឲ្យជឿសោះថា ជីវិតនយោបាយលោក សម រង្ស៊ី ធ្លាក់ចុះលឿនយ៉ាងនេះ។ លោក សម រង្ស៊ី អាយុ៧០ឆ្នាំ គួរមានពេល៥ឆ្នាំទៀត។ តែឥឡូវ អស់ពេលហើយ។ ម្យ៉ាងទៀតក្រុមអាមាត្យ សម រង្ស៊ី មិនដែលគោរពគោលការណ៍បក្ស ធ្វើឲ្យបែកបាក់ផ្ទៃក្នុង ក៏ល្មមឈប់ហៃអើដែរទៅ។ ទង្វើលោក សម រង្ស៊ី មិនត្រឹមតែមិនបានឈ្នះ គឺថែមទាំងខាតបង់ ធ្វើឲ្យមានអ្នករងគ្រោះថ្នាក់រហូតជាប់គុក ហើយមុខមាត់របស់ក្រុមប្រឆាំងប៉ះពាល់ខ្លាំង»។

ជាមួយគ្នានេះ លោក ហ៊ីង សុខសាន្ត ក៏បានលាតត្រដាងអំពីការមិនឯកភាពគ្នារវាងលោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ថា នៅពេលប្រជុំសួរយោបល់ គឺសម្រេចយ៉ាងនេះ។ ដល់តែអនុវត្តធ្វើផ្សេង ដែលនេះមានន័យថា ធ្វើអ្វីដោយអត្តនោម័ត។ ជាមួយគ្នានេះ សូម្បីតែផ្ទៃក្នុង និងសកម្មជនក្មេងៗ គឺអត់មានគំនិតថ្មីទេ ធ្វើតែតាមការញុះញុង មានតែការជេរប្រមាថ កាត់តរូបលោក មកជេរប្រមាថគ្នាឯងជាង២ឆ្នាំមកនេះគ្មានឈប់ឈរ។ គួរតែនាំគ្នាទាញលោក សម រង្ស៊ី ឲ្យងាកមកផ្លូវត្រូវវិញ។ សូម្បីលោកស្រី រ៉ូណា ស្មីត មន្ត្រីអង្គការសហប្រជាជាតិ ក៏មិនគាំទ្រនយោបាយហិង្សារបស់ លោក សម រង្ស៊ី នោះទេ។

លោក ហុង លីម អ្នកគាំទ្រក្រុមប្រឆាំងនៅអូស្ត្រាលីបាននិយាយផ្លែផ្កាចំអកឲ្យទណ្ឌិត សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ដែលចូលចិត្តល្បែងធ្វើឲ្យបាត់បង់ជំនឿ ហើយធ្វើឲ្យបាត់លុយជំនួយដល់បក្សទៅទៀត។

លោក ហុង លីម បានបន្តថា៖ «អ្នកដឹកនាំត្រូវតែស្គាល់ពេល ស្គាល់វេលាដែលកន្លងផុត។ អ្នកគាំទ្រសមទទួលបានមេដឹកនាំថ្មី មានវាសនាល្អជាងនេះ។ ប្រហែលជាដល់ពេលដែលត្រូវរៀបចំមេដឹកនាំថ្មីហើយ។ ខ្ញុំសូមអំពាវនាវដោយអង្វរកសុំឲ្យលោក សម រង្ស៊ី ហ៊ានចុះចេញដោយកិត្តិយស ព្រោះមិនអាចធ្វើអ៊ីចឹងបន្តទៀតទេ ត្រូវទុកឱកាសឲ្យអ្នកថ្មី ដែលមានកម្មវិធីនយោបាយច្បាស់លាស់ មិនមែននាំគ្នាចេះតែនិយាយ ហើយនាំគ្នាស្រែកតាមថា ឈ្នះហើយៗ នោះទេ។ រួចហើយប្រមូលលុយទៅបាត់។ ២៥ឆ្នាំអត់មានឃើញអីបន្តិចសោះ។ យើងមិនត្រូវបណ្តោយឲ្យមនុស្សរបៀបហ្នឹង [សម រង្ស៊ី] បន្តរបៀបនេះទៀតទេ។ ជាតិយើងត្រូវតែមានមនុស្សល្អ ត្រូវតែមានមនុស្សថ្លៃថ្នូរជាងនេះ។

ភាពកំសាករបស់ សម រង្ស៊ី និងការបរាជ័យផែនការ ៩ វិច្ឆិកា ពិតជាការខកចិត្តធំធេងចំពោះចាស់ទុំក្នុងនិន្នាការប្រឆាំង ហើយពួកគេមិនត្រឹមសម្តែងការខកចិត្ត គឺថែមទាំងឈប់ឲ្យតម្លៃលើការដឹកនាំរបស់ សម រង្ស៊ី ថែមទៀតផង។

ផ្អែកតាមកិច្ចពិភាក្សានេះ សម រង្ស៊ី បានបាត់បង់ទាំងការគាំទ្រ បាត់បង់ជំនឿនយោបាយ បាត់បង់តម្លៃ ហើយនឹងលែងទទួលបានគ្រប់យ៉ាង រួមទាំងហិរញ្ញវត្ថុ ពីខ្មែរនៅក្រៅប្រទេស។

កិច្ចពិភាក្សាចេញពីការវាយតម្លៃរបស់សកម្មជនលេចធ្លោរបស់ក្រុមប្រឆាំង គឺអាចសន្មត់បានថា សម រង្ស៊ី ប្រែថា ចប់។ ក៏ប៉ុន្តែ បើ សម រង្ស៊ី និងក្រុមអាមាត្យនៅបន្តទាមទារឲ្យ សម រង្ស៊ី ស្ថិតក្នុងជួរដឹកនាំ គឺបក្សប្រឆាំងនឹងបែកជាបំណែកកាន់តែច្រើន ដែលគ្មានថ្ងៃផ្សះផ្សាបានឡើយ ហើយជាក្រុមប្រឆាំង ដែលទន់ខ្សោយជាប្រវត្តិសាស្ត្រ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង