កូរ៉េខាងជើងជំទាស់ផែនការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង ហើយថាខ្លួនកូរ៉េខាងជើងនឹងមិនអង្គុយស្ងៀមទេ

(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងបានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើងបានរិះគន់ផែនការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងនាខែក្រោយថា ជាការធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងអាមេរិក។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងបានរាយការណ៍ដោយស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសកូរ៉េខាងជើងថា ភាពអត់ធ្មត់របស់កូរ៉េខាងជើងខិតជិតដល់ដែនកំណត់ហើយៗកូរ៉េខាងជើងនឹងមិនអង្គុយស្ងៀមមើលសកម្មភាពយោធារបស់អាមេរិកដែលនឹងធ្វើឡើងដោយគ្មានការពិចារណានោះឡើយ។

ប្រទេសកូរ៉េខាងជើងតែងតែជំទាស់ទៅនឹងសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងដោយចាត់ទុកសមយុទ្ធយោធានោះថាជាការហ្វឹកហាត់ដើម្បីឈ្លានពានកូរ៉េខាងជើង។

ក្រុមបេសកជនអាមេរិកនិងកូរ៉េខាងជើងបានជួបគ្នានៅក្នុងរដ្ឋធានីស្តុកខូល (Stockholm) ប្រទេសស៊ុយអែតកាលពីខែមុនដែលជាការជួបគ្នាជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមព្រៀងគ្នាកាលពីខែមិថុនាឲ្យរៀបចំកិច្ចចរចាអាវុធនុយក្លេអ៊ែរឡើងវិញបន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំទាំង២ក្នុងប្រទេសវៀតណាមកាលខែកុម្ភៈបានបរាជ័យ។

ប៉ុន្តែជាថ្មីម្ដងទៀតកិច្ចចរចានោះមិនបានទទួលលទ្ធផលអ្វីទេដោយបេសកជនកូរ៉េខាងជើងនិយាយថាអាមេរិកមិនបានបង្ហាញភាពបត់បែនសម្រាប់កិច្ចពិភាក្សានោះទាល់តែសោះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង