ខ្មោចសត្វជ្រូករាប់រយក្បាលត្រូវគេបោះចោលក្នុងទន្លេនិងតាមផ្លូវ បន្ទាប់ពីផ្ទុះជំងឺប៉េស្តិជ្រូកនៅខេត្តស៊ូម៉ាត្រា

(ឥណ្ឌូណេស៊ី)៖ ប្រធានទីភ្នាក់ងារសន្តិសុខស្បៀងនិងបសុសត្វបាននិយាយថា សត្វជ្រូកជាង៤ពាន់ក្បាលបានងាប់បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺប៉េស្តិជ្រូកនៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងជើងក្នុងប្រទេសឥណ្ឌូណេស៊ី។

ខ្មោចសត្វជ្រូកត្រូវបានគេប្រទះឃើញអណ្ដែតនៅក្នុងទន្លេនិងនៅលើដងផ្លូវដោយសារម្ចាស់ជ្រូកទាំងនោះយកមកបោះចោលដោយសារតែខ្លាចឆ្លងជំងឺបើទោះបីជាអាជ្ញាធរបានបញ្ជាក់ហើយថា ជំងឺនេះមិនឆ្លងមកមនុស្សទេគឺឆ្លងតែលើសត្វជ្រូកប៉ុណ្ណោះ។

ប្រធានទីភ្នាក់ងារសន្តិសុខស្បៀងនិងបសុសត្វបាននិយាយថា ករណីជំងឺប៉េស្តិជ្រូកដែលគេស្គាល់ថាអាសន្នរោគជ្រូក ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខែកញ្ញានៅក្នុងសង្កាត់ដៃរី (Dairi) ក្នុងខេត្តស៊ូម៉ាត្រាភាគខាងជើង ដោយអះអាងថា ទីភ្នាក់ងារសន្តិសុខស្បៀងនិងបសុសត្វនឹងបើកប៉ុស្តិ៍ត្រួតពិនិត្យជំងឺនេះក្នុងសង្កាត់ចំនួន៣៨ក្នុងខេត្តនេះ។

យោងតាមការប៉ាន់ស្មានបឋមរបស់ការិយាល័យស្ថិតិឥណ្ឌូណេស៊ី, ប្រទេសឥណ្ឌូណេស៊ីបានផលិតសាច់ជ្រូកជាង៣២ម៉ឺនតោនកាលពីឆ្នាំមុនដោយខេត្តស៊ូម៉ាត្រាខាងជើងផលិតបានជាង៤ម៉ឺនតោន។

ទ្វីបអាស៊ីបានជួបប្រទះនូវការផ្ទុះឡើងនៃជំងឺប៉េស្តិជ្រូកនិងប៉េស្តិជ្រូកអាហ្វ្រិកនាពេលថ្មីៗកន្លងទៅដោយជំងឺប៉េស្តិជ្រូកអាហ្វ្រិកបានសម្លាប់សត្វជ្រូកយ៉ាងច្រើនក្នុងប្រទេសចិនដែលជាប្រទេសផលិតសាច់ជ្រូកច្រើនជាងគេបំផុតក្នុងពិភពលោក៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង