ការធ្វើសន្និសីទរួមគ្នារវាង ធី សុវណ្ណថា ផែ សុវណ្ណារិទ្ធ និង ហេង ឡុង បញ្ជាក់ការពិតកាន់តែច្បាស់នៅក្នុងរឿង «ល្បែងសាច់កម្ម»

(ភ្នំពេញ)៖ អវត្តមានរបស់កញ្ញា អេង ចរិយា ដែលជាអ្នកចេញមុខអះអាងថា ខ្លួនជាប្រពន្ធ ផែ សុវណ្ណារិទ្ធ នៅមុនពេលមង្គលការ ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ នៅក្នុងសន្និសីទសួរដេញដោលគ្នា នៅសមាគមសិល្បៈកាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើឲ្យមហាជនវាយតម្លៃបានភ្លាមថា នោះជាសេណារីយូមួយ នៅក្នុងរឿង «ល្បែងសាច់កម្ម» ដែលគេបានមើលឃើញមុនរួចទៅហើយ។

នៅមុនពេលបកស្រាយ ទាំង ធី សុវណ្ណថា ផែ សុវណ្ណារិទ្ធ និង ហេង ឡុង សុទ្ធតែបានដុតធូបស្បថស្បែថា រឿងនារីម្នាក់ចេញមុខមកបកអាក្រាតថា ខ្លួនជាស្រីស្នេហ៍របស់ ផែ សុវណ្ណារិទ្ធ ធ្វើឲ្យមង្គលការរបស់ខ្លួនអាប់អួរនោះ មិនមែនជាការរៀបចំ ឬការសម្តែងនោះទេ។

ការដុតធូបស្បថនេះ ហាក់បានបញ្ជាក់ពីទំនុកចិត្តដល់មហាជនថា នោះជាការពិតមែន ប៉ុន្តែតាមរយៈអ្នកលេងបណ្តាញសង្គម និងមហាជនទូទៅនៅតែគិត និងប្រាប់ទៅវិញថា មិនបាច់ស្បថនាំតែអ្នកតាបារមីពិបាកសម្រេចចិត្តនោះទេ។

យោងតាមភាពជាក់ស្តែង ដែលបានកើតឡើង គេបានមើលឃើញយ៉ាងច្បាស់ថា នោះជាការរៀបចំរួចទៅហើយ គ្មានចាំបាច់អីដែលទឹកហូរចូលច្រមុះហើយ ទើបកញ្ញា ចរិយា ចេញមុខមកថា ថប់ដង្ហើមនោះទេ ពោលគឺការចេញមុខរបស់ ចរិយា គ្រាន់តែជាកម្លាំងចលករមួយជួយជំរុញឲ្យមានការចាប់អារម្មណ៍ ផ្ទុះពីមង្គលការរបស់ ធី សុវណ្ណថា និង ផែ សុវណ្ណរិទ្ធ ដែលខំរៀបមង្គលការនៅតំបន់អារ៉ែងហើយ តែគ្មានការចាប់អារម្មណ៍ប៉ុណ្ណោះ។

បើ ចរិយា មានចេតនាចង់រករឿងលោក ផែ សុវណ្ណារិទ្ធ ពិតជារត់ទៅលួចរៀបការជាមួយ ធី សុវណ្ណថា មែន នាងប្រហែលជាចុះទៅដល់កន្លែងរៀបការផ្ទាល់ និងប្តឹងអាជ្ញាធរទើបមានប្រសិទ្ធភាពជាង ។

បើនិយាយពីលោក ហេង ឡុង វិញ ក៏គ្មានហេតុផលអ្វីដែលលោកចាំបាច់ដែលត្រូវផុសផ្សព្វផ្សាយសំឡេង ចរិយា យំស្រែកនៅចំពេល ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ រៀបការដែរ។

បើលោកចង់រកហេតុផល និងជួយអ្នកសិល្បៈមែន ពេលរៀបការហើយក៏អាចជួយបានដែរ បើលោក ហេង ឡុង ផុសពេលនោះមែនមានហេតុផលពីរ មួយគឺចង់ឲ្យមង្គលការច្របូកច្របល់ និងធ្វើឲ្យខូចកិត្តិយស ផែ សុវណ្ណារិទ្ធ ធី សុវណ្ណថា និងគ្រួសារ ហើយមួយទៀតគឺចង់ឲ្យផ្ទុះការរៀបមង្គលការតារាហ្វេសប៊ុកនយោបាយទាំងពីរកាន់តែសុះសាយដល់មហាជន។

សំណួរមហាជនគឺថា តើមួយណាជាហេតុផលរបស់លោក ហេង ឡុង? ខណៈដែលគេបានដឹងថា ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធ ក៏ជាសមាជិកសមាគមសិល្បៈ និងជាអ្នករាប់អានគ្នាជិតដិតដែរនោះ។

អ្នកតាមដានរឿងនេះ បានបន្តថា ជាការពិតណាស់ដែលត្រូវអវត្តមានកញ្ញា ចរិយា ព្រោះថា សាច់រឿងកាន់តែល្អ និងជួយឲ្យគេចាំតាមដានភាគបន្ត ដែល ធី សុវណ្ណថា បន្តអះអាងថា នឹងប្តឹង និងផ្តល់ប្រាក់រង្វាន់១ម៉ឺនដុល្លារឲ្យអ្នកដែលដឹងថា ចរិយា នៅកន្លែងណា។

ដោយឡែកមហាជនក៏នៅចាំតាមដានសាច់រឿងថា តើកញ្ញា ចរិយា នឹងចេញមុខនិយាយអ្វីខ្លះនៅពេលបន្ទាប់។

នៅក្នុងរឿងនេះ អ្នកតាមដានបានលើកឡើងថា កញ្ញា ចរិយា បានដើរតួជាអ្នកសាច់កម្ម ហើយ ផែ សុវណ្ណារិទ្ធ និង ធី សុវណ្ណថា ជាតួឯក ដែលមិនបានខុសសោះនៅក្នុងរឿងនេះ។

យ៉ាងណាមិញ អ្នកតាមដានរឿងនេះ និងមហាជនភាគច្រើនបានលើកឡើងថា រឿងនេះមិនទាន់បញ្ចប់នោះទេ ពោលគឺនៅជាច្រើនជំហ៊ានទៀតទើបចប់ ខណៈលោក ហេង ឡុង ក៏បានបញ្ជាក់ថា កញ្ញា ចរិយា នឹងមកជួបលោកម្តងទៀតនៅថ្ងៃទី៧ ខែវិច្ឆិកានេះ៕

Q

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង