មន្ត្រីជំនាញនៃបេឡាជាតិរបបសន្តិសុខសង្គម ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ នៅទីក្រុងហាណូយ ដើម្បីបង្កើនសមត្ថភាពវិភាគហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម

(វៀតណាម)៖ មន្ត្រីជំនាញ៤រូប នៃបេឡាជាតិរបបសន្តិសុខសង្គម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម (Regional Training on Actuarial Analysis of Social Health Insurance Fund) នៅទីក្រុងហាណូយ ប្រទេសវៀតណាម បង្កើនសមត្ថភាពវិភាគហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម។

ការវិភាគហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គមនេះ គឺជាការងារ ដែលបណ្តាប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍនានា បាននឹងកំពុងមានការគិតគូរយ៉ាងខ្លាំង ដោយសារវាជាផ្នែកមួយដ៏សំខាន់នៃរបបសន្តិសុខសង្គម ដែលជាវិស័យមួយកំពុងទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលនៅក្នុងគោលនយោបាយនានា ក៏ដូចជាមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណអាណត្តិទី៤ផងដែរ ដើម្បីការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។

ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលខាងលើ គឺជាការឆ្លើយតបទៅនឹងត្រូវការនៃការបង្កើនសមត្ថភាពរបស់អ្នកជំនាញបច្ចេកទេសថ្នាក់ជាតិទាក់ទងទៅនឹងជំនាញ ស្តីពីការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម ក៏ដូចជាការប្រើប្រាស់ចំណេះដឹងមួយនេះ សម្រាប់ការងាររដ្ឋបាលនានា ក៏ដូចជាការផ្តល់ជាអនុសាសន៍នៅក្នុងការកសាងគោលនយោបាយពាក់ព័ន្ធនានា ដែលសកម្មភាពចម្បងៗ។

វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីបង្កើនការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធ ទៅលើសារសំខាន់នៃការបង្កើតការវិភាគហានិភ័យហិរញ្ញវត្ថុ ផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម ដើម្បីទទួលបានការត្រួតពិនិត្យទៅលើស្ថានភាពហិរញ្ញវត្ថុនៃគោលនយោបាយធានារ៉ាប់រងសុខភាព និងស្វែងយល់ពីទស្សនៈមូលដ្ឋាន និងពិនិត្យឡើងវិញ ពីសំណាក់អាជ្ញាធរជាតិ ព្រមទាំងបកស្រាយចំណុចនានានៃការប៉ាន់ស្មានចំពោះការទូរទាត់ការធានារ៉ាប់រងហានិភ័យការងារឲ្យជាក់លាក់ សម្រាប់អភិវឌ្ឍគោលនយោបាយ។

វគ្គបណ្តុះបណ្តាលខាងលើនេះ គឺរៀបចំឡើយដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានសិក្ខាកាមចូលរួមមកពីប្រទេសកម្ពុជា, ឡាវ, ភូមា, ថៃ និងប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង