ត្រី៣ប្រភេទ មន្ត្រីជំនាញហាមមិនឲ្យបរិភោគ ព្រោះអាចកើតជំងឺមហារីក
(ភ្នំពេញ)៖ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ត្រីទឹកសាប៣ប្រភេទ អាចបណ្តាលឲ្យកើតជំងឺមហារីក ប្រសិនបើចម្អិនមិនបានឆ្អិនល្អ ឬឆៅ។
លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្នុងកិច្ចប្រជុំបញ្ចប់គម្រោងស្រាវជ្រាវផលប៉ះពាល់លើសុខភាព ដោយជំងឺព្រូនថ្លើមនៅកម្ពុជា និងវៀតណាម នាពេលថ្មីៗនេះ បានឲ្យដឹងថា តាមការរកឃើញត្រីទឹកសាប ៣ប្រភេទនៅកម្ពុជា រួមមាន ត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុក មានបណ្តាយប្រហែល ១០ ទៅ១៥ សង់ទីម៉ែត្រ ដែលត្រីទាំងនេះ មានផ្ទុកព្រូនថ្លើម ជាប្រភេទព្រូនសំប៉ែត ដែលឆ្លងមកមនុស្ស តាមរយៈការបរិភោគដែលចម្អិនមិនបានឆ្អិនល្អ ឬឆៅ។
លោកលើកឡើងថា ព្រូនចូលទៅក្នុងខ្លួនត្រីហើយវាសំងំនៅក្នុងខ្លួនត្រី ហើយមនុស្សយកត្រីទៅបរិភោគ បើចម្អិតបានឆ្អិនល្អទេ ជំងឺព្រូនអាចមានឱកាសចូលក្នុងខ្លួនមនុស្សតាមក្រពះ តាមសសៃឈាម រួចចូលទៅក្នុងថ្លើម។ លោកបន្តថា៖ រយៈពេលយូរទៅ បើកាលណាព្រូនថ្លើមចូលទៅក្នុងខ្លួនយើងហើយ វាអាចបង្កឲ្យទៅជាជំងឺមហារីកថ្លើមនាពេលអនាគត។
បើតាមមន្ត្រីជំនាញរូបនេះ តាមការស្រាវជ្រាវជាង១០ឆ្នាំ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន នៃមជ្ឈមណ្ឌលជាតិ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យយ៉ាម៉ាណាស៊ី (University of Yamanashi) នៃប្រទេសជប៉ុន កន្លងមកបានរកឃើញថា អត្រាផ្ទុកនៃជំងឹព្រូនថ្លើមនៅកម្ពុជា មានប្រមាណជា១០.១% ទៅ ៥០% ពិសេសនៅខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ព្រះវិហារ និងស្ទឹងត្រែង។
តែយ៉ាងណា លោកបានឲ្យដឹងដែរថា មកទល់នឹងពេលនេះ មិនមានរោគសញ្ញាជាក់លាក់ណាមួយដែលអាចឲ្យសង្ស័យថា នរណាម្នាក់កើតជំងឺព្រូនថ្លើមទេ គឺមានតែការពិនិត្យលាមក រកពងព្រូនថ្លើមនៅក្នុងលាមកប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យថា នរណាម្នាក់កើត ឬមានផ្ទុកព្រូនថ្លើមនៅក្នុងខ្លួន៕

