អភិបាលរាជធានីភ្នំពេញ សម្រេចបន្ថែមការងារថ្មីដល់អភិបាលខណ្ឌ និងចៅសង្កាត់មួយចំនួន គឺការងារប្រមូលសំរាម

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចបន្ថែមការងារថ្មីដល់អភិបាលខណ្ឌ និងចៅសង្កាត់មួយចំនួន នៅក្រោមបង្គាប់របស់ខ្លួន គឺការងារប្រមូលសំរាម ក្រោយពីមហាជនដឹងថា ក្រុមហ៊ុនប្រមូលសំរាម គ្មានសមត្ថភាព។

ការសម្រេចបែបបនេះ ក្រោយពីលោកបានប្រជុំពិភាក្សាការងារជាមួយលោកអភិបាលខណ្ឌទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យឯករាជ្យជាតិ អកអំបុកអុំទូក និងសំពះខែ ដែលឈានមកដល់ឆាប់ៗនេះ។

លោកអភិបាលរាជធានីភ្នំពេញ បានប្រកាសថា «ខ្ញុំបានប្រគល់ជូននូវម៉ូតូកង់បីទៅរដ្ឋបាលខណ្ឌចំនួនបួន មានខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដោយក្នុងសង្កាត់នីមួយ​ៗទទួលបានមួយគ្រឿង និងតាមបណ្ដាខណ្ឌផ្សេងទៀត នឹងទទួលបាននាពេលក្រោយ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ»។

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានសម្តែងការស្វាគមន៍ដល់អ្នកភ្នាក់ងារប្រមូលសំរាមថ្មី ដែលគ្រោងចេញប្រតិបត្តិការក្តៅគគុក ក្នុងឱកាសបុណ្យជាតិដ៏ធំនេះ ដែលជាឱកាសសម្រាប់ប្រជាពលរដ្ឋចោលសំរាមផ្តេសផ្តាផងដែរ។ ប៉ុន្តែពួកគាត់បានចោទជាសំណួរថា តើការងារនេះនឹងមានប្រសិទ្ធភាពប៉ុណ្ណា ព្រោះក្រុមហ៊ុន ស៊ិនទ្រី ពូកែតែខាងប្រមូលលុយ មិនពូកែខាងប្រមូលសំរាម។

ពាក់ព័ន្ធនឹងសំរាមនៅក្នុងរាជធានីភ្នំពេញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានសម្រេចដកសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី ដែលពូកែតែប្រមូលលុយ តែមិនពូកែប្រមូលសំរាមទេ ដែលជាហេតុបង្កការមិនសប្បាយចិត្តក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ពេលនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រិះគន់ត្រង់ៗបែបនេះ និងផ្សាយបន្តផ្ទាល់តែម្តង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «[ផ្ទះខ្លះ] មិនមានសំរាម ហើយឡានមិនដែលទៅដឹកសំរាមផង យកលុយពីគេដែរ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំឭកពីប្រវត្តិអាក្រក់របស់ក្រុមហ៊ុន ស៊ិនទ្រី ថា «ឈានទៅដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី ដែលតាំងពីទទួលកិច្ចសន្យាពីរាជរដ្ឋាភិបាល ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២មក ក្រុមហ៊ុននេះ ពុំទាន់បានបំពេញកាតព្វកិច្ចបម្រើប្រជាជនឲ្យស័ក្តិសមតាមការរីកចម្រើនរបស់រាជធានីភ្នំពេញ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដូចការរំពឹងទុកនោះឡើយ»។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហាសំរាម ដែលក្រុមហ៊ុន ស៊ិនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយបក់ផ្សែង។ ដូច្នេះ សម្តេច សម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យខូចឈ្មោះអគ្គិសនីកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «យើងមិនអាចពឹងពាក់តែលើស៊ិនទ្រី ហើយចេះតែនិយាយពីស៊ិនទ្រី មិនចេះចប់ ប្រៀបដូចជាការអង្គុយបក់ផ្សែង ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពុំមានជម្រើសដើម្បីទុកឲ្យសភាពការណ៍អូសបន្លាយរបៀបនេះតទៅទៀតទេ។ កន្លងទៅ ខ្ញុំឲ្យបែងចែកជា៤តំបន់ នៃទាញយកសំរាមទៅដាក់ ក៏ប៉ុន្តែរយៈពេលសឹងជាងមួយឆ្នាំទៅហើយ មិនទាន់មានកន្លែងណាមួយ បានយកសំរាមទៅដាក់ទេ។ ដូច្នេះ ការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះ មកឲ្យអង្គភាពរដ្ឋគ្រប់គ្រងជាបណ្តោះអាសន្ន គឺជាការចាំបាច់»។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទម្លាប់អាក្រក់របស់ក្រុមហ៊ុននេះថា «ការអារកាត់កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក៏ជាការអារកាត់ជំងឺរ៉ាំរ៉ៃមួយនេះ ដែលខ្ញុំបានណែនាំឲ្យព្យាបាលតាំងពីយូរមកហើយ តាមរយៈ ស.ជ.ណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានធ្វើ…។ ខ្ញុំបានរងចាំអស់រយៈពេលជាង៤ឆ្នាំមកហើយ តែមិនទាន់ដោះស្រាយទេ ដូច្នេះ ខ្ញុំមិនទុកលទ្ធភាពឲ្យមានការពិភាក្សាតទៅទៀតទេ…។ រយៈពេល៤ឆ្នាំ គឺវែងឆ្ងាយណាស់, ប្រជាជននៅភ្នំពេញ ដើរទៅសួរពួកគាត់ទៅ។ តើមានប៉ុន្មាននាក់ ដែលថា [ការសម្រេចនេះ] មិនត្រឹមត្រូវនោះ? សូម្បីមន្ត្រីធំៗ និងអ្នកការទូត ក៏តវ៉ានឹងរឿងហ្នឹងដែរ។ ហេតុអី បានជាថ្លៃអគ្គិសនីភ្ជាប់ជាមួយនឹងសំរាមនេះ? ហើយកាន់តែអយុត្តិធម៌ទៅទៀត គឺអ្នកដែលមានផ្ទះ មិនមានសំរាមផង មិនដែលឃើញឡានទៅយកសំរាមផង ក៏យកលុយគេដែរ។ នេះជាចំណុចអយុត្តិធម៌ពេកសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ម្យ៉ាងទៀត ទោះបីជាតម្លៃអគ្គិសនីរបស់យើងចុះដល់១គីឡូវ៉ាត់ ត្រឹម៥០រៀល ក៏ប្រជាជនមិនឃើញការខិតខំរបស់អគ្គិសនីកម្ពុជាទេ… ព្រោះថ្លៃសំរាមភ្ជាប់ជាមួយវិក័យបត្រអគ្គិសនី។ អគ្គិសនីអស់ត្រឹមតែ១០រៀល តែថ្លៃសំរាម២០រៀល ដូច្នេះយកអាតូចបង្ខូចអាធំបណ្តោយ»។

សម្តេចតេជោ បានណែនាំឲ្យឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនី ត្រូវឈប់ឲ្យភ្ជាប់សេវាថ្លៃសំរាមជាមួយវិក័យបត្រអគ្គិសនី នៅទូទាំងបណ្តាខេត្តតែម្តង ដើម្បីចៀសវាងការរំខាន ដោយសារក្រុមហ៊ុនឯកជន។

យោងតាមរបាយការណ៍អំពីកាកសំណល់សំរាម បានឲ្យដឹងថា សំរាមប្រមាណជាង១ម៉ឺនតោន ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងមួយថ្ងៃ ចំណែកមួយឆ្នាំ បរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត៤លានតោន។

នៅតាមបណ្តារាជធានី និងខេត្តធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង៣០០០តោនក្នុងមួយថ្ងៃ, ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ៤០០តោនក្នុងមួយថ្ងៃ។ តាមការប៉ាន់ប្រមាណ ភាគរយនៃប្លាស្ទិក ដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន៣ គឺ១៧,៣ភាគរយ ក្នុងរាជធានីភ្នំពេញ, ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង៣៤ភាគរយ ក្នុងខេត្តព្រះសីហនុ។ ជាមធ្យម កំណើនសំរាមមានប្រមាណ១០ភាគរយក្នុងមួយឆ្នាំ៕

(SWIFT NEWS ផាន់ អាណា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង