ប្រជាពលរដ្ឋថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង ដែលបានចាត់បញ្ជូន និងសហការជូនសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានពិនិត្យ និងព្យាបាលជំងឺ

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣៦៨នាក់ រួមជាមួយនឹងសាខាខេត្តកណ្តាល១០រូប ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្រោមកិច្ចសហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសាលារាជធានីភ្នំពេញ សាលាខណ្ឌកំបូល និងស.ស.យ.ក ខណ្ឌកំបូលបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីបានចំនួន ៤២៣៩ករណី។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំនៅសាលាបឋមសិក្សាកំបូល ស្ថិតក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងប្រធានស.ស.យ.ក និងតំណាងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ, ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌកំបូល, លោកជំទាវ គីម ស៊ីផាត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌកំបូល, ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌសែនសុខ។ 

ក្នុងការពិនិត្យ និងព្យាបាលនេះ មានកម្មករ កម្មការនីចូលរួមប្រមាណ៦០ភាគរយ និងឪពុក ម្តាយកម្មករប្រមាណ១៥ភាគរយ រួមជាមួយប្រជាពលរដ្ឋ និងកុមារា កុមារីប្រមាណ១៥ភាគរយផងដែរ។

នៅក្នុងការពិនិត្យ និងព្យាបាលនេះរួមមាន ការផ្តល់សេវាជូននូវប្រភេទជំងឺ ដូចជា ជំងឺទូទៅ ជំងឺបេះដូង និងសរសៃឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះ និងបំពង់ក ការបំពាក់ឧបករណ៍សំឡេងដល់អ្នកគ ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ ការពិនិត្យអេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម ជំងឺលើសឈាម និងទឹកនោមផ្អែម មន្ទីរពិសោធន៍ចល័ត និងការអប់រំសុខភាពសាធារណៈ។ 

នៅក្នុងឱកាសនេះ កុមារីរីយ៉ា មានអាយុ៨ឆ្នាំ និងថ្លង់ពីកំណើតបានទទួលនូវការពិនិត្យ និងបំពាក់ឧបករណ៍សំឡេងជូន ដែលធ្វើឱ្យកុមារអាចស្តាប់ឮសំឡេងម្តាយហៅលើកដំបូងក្នុងជីវិត ដោយកុមាររីយ៉ា បានងាកទៅរកម្តាយពេលម្តាយហៅ ធ្វើឱ្យម្តាយរំភើបអួលដើមកស្ទើរស្រក់ទឹកភ្នែក និងលើកដៃសំបូងសមហរូងថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នេះឡើង ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ និងក្រុមការងារទាំងអស់ដែលបានសហការរៀបចំនូវកម្មវិធីពិនិត្យ និងព្យាបាលជំងឺនៅក្នុងឱកាសនេះឡើង និងបានជួយផ្តល់ជីវិតទី២ដល់កូនស្រីគាត់។ 

នៅក្នុងឱកាសនេះផងដែរ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក៏បានចែកជូននូវសៀវភៅសរសេរចំនួន៦០០ក្បាល ដែលមានរូបឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ  និងផ្នែកខាងក្រោយមានខ្លឹមសារ 3Cs ដែលជាទស្សនវិស័យដ៏ថ្លថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជំរុញ និងលើកម្ពស់ទស្សនៈកម្ពុជាក្នុងបរិបទអនាគតកម្ពុជាមួយ ដែលជាប្រជាជនខ្មែរតែមួយ (Cambodianess)  ជាប្រជាជនប្រកបដោយសមត្ថភាព (Competency) និងជាប្រជាជនពោរពេញដោយធម៌ (Compassion) ដល់សិស្សបឋមសិក្សា និងកុមារា កុមារីដែលចូលរួមពិនិត្យជំងឺក្នុងឱកាសនោះផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង