អត្ថបទសិក្សា៖ ស្វែងយល់នរវិទ្យាអំពីចរិតអ្នកនយោបាយខ្មែរ ដែលជួបតែបរាជ័យ

(ភ្នំពេញ)៖ មនុស្សគ្រប់រូប គឺមានតំណពូជ, ឈាម, អត្តចរិត, ឥរិយាមាយាទ, អំណោយផលពីធម្មជាតិ, ទេពកោសល្យ, គោលការណ៍ និងបរិស្ថានរស់នៅ ដែលមានឥទ្វិពលលើវាសនារបស់មនុស្ស។ ជនជាតិចិននិយាយថា៖ «ចរិតមនុស្សយ៉ាងណា គឺវាសនាយ៉ាងនោះ»។

បុគ្គលម្នាក់ ក្លាយជាអ្នកចម្រៀងពូកែ និងល្បីល្បាញ គឺមិនអាស្រ័យតែលើការហ្វឹកហាត់ មួយមុខនោះទេ ហើយការហ្វឹកហាត់ដោយមានគ្រូ គឺជួយកែគុណភាពសំឡេងបាន២០ភាគរយ ហើយច្រៀងត្រូវតាមក្បួនខ្នាត។ ប៉ុន្តែការពិត អ្នកចម្រៀងដ៏ពិរោះ គឺអាស្រ័យលើដុង ឬហៅថា ទេពកោសល្យ ដែលផ្តល់ពីកំណើត ដែលជាកត្តាកំណត់។ បើគ្មានអំណោយផលពីធម្មជាតិទេ កុំគួរចង់ចាប់អាជីពជាអ្នកចម្រៀងអាជីព។ បើត្រឹមច្រៀងលេងកំដរអារម្មណ៍បាន ហើយគួរជ្រើសរើសការងារអ្វីផ្សេងល្អជាង។ នេះគឺជាលំនាំពន្យល់ចាប់ផ្តើម ដើម្បីងាយយល់នូវសំណេរខាងក្រោមអំពីនរវិទ្យាអ្នកនយោបាយ។

សូមត្រឡប់មករៀបរាប់អំពីនរវិទ្យាអ្នកនយោបាយវិញម្តង។ តំណពូជ គឺមិនមែនជាកត្តាកំណត់ផ្តាច់មុខ ធ្វើឲ្យបុគ្គលណាម្នាក់ក្លាយជាអ្នកនយោបាយខ្លាំងពូកែបាននោះទេ។ ក៏ប៉ុន្តែ បុគ្គលអ្នកនយោបាយឆ្នើមត្រូវមានលក្ខណៈដូចតទៅ៖ មានចំណេះដឹង, ឆ្លងការរៀនសូត្រ និងបទពិសោធន៍, មានទស្សនៈវិស័យវែងឆ្ងាយ, មានភាពក្លាហានមោះមុត, ចេះអំណត់អត់ធន, ចេះមើលឱកាស និងចាប់ឱកាស, ចេះកសាងជំនាន់ និងប្រមូលផ្តុំមនុស្ស, មានទំនាក់ទំនងទូលំទូលាយ, មានភាពជាអ្នកដឹកនាំ, មានការសម្រេចចិត្តត្រឹមត្រូវ, មានទេពកោសល្យ និងភាពប៉ិនប្រសព្វ និងមានគុណធម៌ជ្រាលជ្រៅ។ ជាបន្តទៀត ខ្ញុំសូមលើកឧទាហរណ៍ចំៗ អំពីអ្នកនយោបាយខ្មែរ ដើម្បីងាយយល់ តើមានចំណុចណាខ្លះដែលធ្វើឲ្យអ្នកនយោបាយបរាជ័យ?៖

១- លោកសេនាប្រមុខ លន់ ណុល មានកូនប្រុសម្នាក់ឈ្មោះ លន់ រិទ្ធ ដែលសព្វថ្ងៃកំពុងរស់នៅឯសហរដ្ឋអាមេរិក។ លោក លន់ រិទ្ធ មានការរៀនសូត្រ, មានតំណឈាមជាអ្នកនយោបាយ ហើយក៏ធ្លាប់បានសាកល្បងចូលមកប្រឡូកក្នុងពិភពនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែ ទីបំផុត តំណពូជមិនបានជួយអ្វីសោះឡើយ ហើយលោកក៏មិនទទួលបានជោគជ័យក្នុងផ្លូវនយោបាយទេ។ មូលហេតុអ្វី? ប្រហែលជាមានមូលហេតុច្រើន នោះគឺគ្មានទេពកោសល្យ គ្មានទស្សនវិជ្ជានយោបាយ និងគ្មានប្រជាប្រិយភាព ដែលនាំឲ្យគេគ្មានជំនឿលើគាត់ និងគ្មានការគាំទ្រ។

២- សម្តេចព្រះ នរោត្តម សីហនុ ជាមហាក្សត្រដ៏មានប្រជាប្រិភាព និងទទួលបានការគោរពស្រឡាញ់ពីប្រជារាស្ត្រ ភាគច្រើន។ ព្រះអង្គមានព្រះរាជបុត្រជាច្រើន ក្នុងនោះមានតែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលលេចធ្លោ និងបានប្រឡូកក្នុងនយោបាយ។ ឆ្អឹងខ្នងនយោបាយរបស់សម្តេចក្រុមព្រះ គឺបានមកពីប្រជាប្រិយភាពតពីឪពុក។ ក្រោយមក នៅពេលប្រជាជនកាន់តែស្គាល់ពីរបៀបរបបដឹកនាំរបស់សម្តេចក្រុមព្រះ ក៏ធ្វើឲ្យឥទ្ធិពលព្រះអង្គថមថយរហូត បក្សនយោបាយមួយ ស្ទើរតែស្លាប់មុនម្ចាស់។ ការពិត សម្តេចក្រុមព្រះបានរៀនសូត្រជ្រៅជ្រះ, បានរៀនសូត្រពីការដឹកនាំបក្សនយោបាយ និងធ្លាប់បានដឹកនាំនយោបាយផ្ទាល់ ប៉ុន្តែមូលហេតុអ្វីនៅតែចាញ់? ចម្លើយដ៏ខ្លី គឺសម្តេចក្រុមព្រះ គ្មានភាពមោះមុត គ្មានភាពក្លាហាន គឺ «ខ្លាច» ទើបនាំឲ្យចាញ់។

៣- លោក ញឹក ប៊ុនឆ័យ ជាអ្នកតស៊ូជើងចាស់ជាមួយសម្តេចក្រុមព្រះ, ធ្លាប់បានប្រឡូកក្នុងការតស៊ូនៅជាយដែន, ធ្លាប់ជាមេទ័ពមានបទពិសោធន៍ឆ្លងកាត់ច្រើនសមរភូមិ និងធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់ «ហ៊ាន» ធ្វើបក្សប្រហារដណ្តើមអំណាចប្រធានបក្សពីសម្តេចក្រុមព្រះផងដែរ។ បើមើលពីអត្តចរិត លោក ញឹក ប៊ុនឆ័យ គឺមានភាព «ក្លាហាន»។ ប៉ុន្តែ ចុះហេតុអ្វីបានជាលោក ញឹក ប៊ុនឆ័យ បរាជ័យក្នុងជីវិតនយោបាយរហូតមានទុក្ខទោសជាប់ពន្ធនាគារ? ប្រហែលជាមានចម្លើយច្រើនក្នុងខ្សែជីវិតនយោបាយរបស់លោក ក៏ប៉ុន្តែ ចម្លើយពិតមួយ គឺលោក ញឹក ប៊ុនឆ័យ គ្មានចំណេះដឹងមូលដ្ឋានទេ។ នេះជាឫលគល់នៃការបរាជ័យ។ លោក ញឹក ប៊ុនឆ័យ មានសេចក្តីក្លាហានក្នុងការធ្វើចម្បាំង ប្រយុទ្ធ ប៉ុន្តែ គ្មានចំណេះដឹង និងទេពកោសល្យដឹកនាំនយោបាយបានឡើយ។ នេះគឺជាអំណោយផលធម្មជាតិចំពោះលោក។ បើទោះបី ឥឡូវនេះ លោក ញឹក ប៊ុនឆ័យ មានបក្សនយោបាយមួយផ្ទាល់ខ្លួនក៏ដោយ ក៏បក្សនេះនឹងមិនមានអនាគតទេ។ សុំទោស! នេះមិនមែនជាការដាក់ទំនាយទេ ប៉ុន្តែ វាសនាដែលច្បាប់ធម្មជាតិផ្តល់ឲ្យ គឺបានកំណត់រួចមកហើយ។ ជម្រើសសមគួរ បើគាត់ដើរតាមផ្លូវលោក សេរី កុសល គឺខ្សែជីវិតចុងក្រោយ ទោះបីមិនរុងរឿង តែក៏បានស្រួលចិត្ត ស្រួលកាយជាងនៅបន្តធ្វើនយោបាយដែលគ្មានពន្លឺ។

៤- ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងមួយចំនួន គឺមានទេពកោសល្យនយោបាយ ប៉ុន្តែ ពួកគេមានចិត្តមានៈ ហើយកំហុសម្យ៉ាង គឺគេជ្រើសយក «មេមានចរិតក្រអឺតក្រទម» និង «មេឆ្កួត»។ ពួកគេមួយចំនួនគឺជាមនុស្សល្អ។ ក៏ប៉ុន្តែ នៅពេលគេចូលក្នុងបរិយាកាសឆ្កួត ឡប់ និងមានទស្សនៈខ្មៅងងិតងងុល នោះបន្តិចម្តងៗ ផ្នត់គំនិត និងចរិតគេក៏ទៅតាមគ្នា។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លះក៏បានដឹងខ្លួន ហើយក៏ប្រែជាដកខ្លួនចេញយ៉ាងស្ងៀមស្ងាត់ ឈប់និយាយស្តី។ យើងមិនអាចនិយាយវិនិច្ឆ័យយ៉ាងណាទេ ចំពោះការសម្រេចចិត្តនៅស្ងៀមនេះ ប៉ុន្តែ អាចសរុបបានថា ពួកគេប្រើពេលអត់ប្រយោជន៍បម្រើមេបក្សចោលម្សៀត។ ដូច្នេះ ការបរាជ័យរបស់គេ គឺដោយសាររើសក្រុមខុស រើសមេខុស។ អ្នកខ្លះរហូតមានទុក្ខទោសជាប់គុក ហើយពេលធ្លាក់ខ្លួនឈឺ ស្ទើររកលុយព្យាបាលជំងឺមិនបាន និងធ្វើបុណ្យសពយ៉ាងឯកោ។ សកម្មជនខ្លះទៀតដែលចាញ់បោកនយោបាយ ក៏មានច្រើនប្រភេទដែរ។ គេប្រើឲ្យជេរឲ្យខ្លាំង ហើយសន្យាថា បើអាជ្ញាធរប្រកាសចាប់ គឺគេធានាឲ្យទទួលបានសិទ្ធិចាកចេញទៅជ្រនកោននៅប្រទេសទី៣។ ខ្លះក៏បានចេញទៅក្រៅប្រទេសពិតមែន ប៉ុន្តែទៅដល់ប្រទេសទី៣ គ្មានលុយកាក់ គ្មានការងារធ្វើ សូម្បីតែប្រាក់សម្រាប់ចំណាយលើការកាត់សក់ ក៏មិនមានផងដូចជា ស៊ន ដារ៉ា ជាដើម។ សកម្មជនភាគច្រើនទៀត ចេញបានត្រឹមប្រទេសជិតខាង ព្រោះគ្មានប្រទេសទី៣ណាមកទទួលយក ក៏ត្រូវរស់នៅជាជនភៀសខ្លួនយ៉ាងវេទនាស្ទើរស្បថកោរសក់ក្បាល។ នេះគេហៅថា «ឆោត» ចាញ់បោកនយោបាយ។

៥- ជឿទេថាមាន «បណ្ឌិតល្ងង់»? ប្រហែលជាលោក ឡៅ ម៉ុងហៃ អាចឆ្លើយបាន។ លោក ឡៅ ម៉ុងហៃ ធ្លាប់ដឹកនាំអង្គការមួយឈ្មោះថា វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា KID។ សាកល្បងសួរលោកបណ្ឌិតមើល! ហេតុអ្វីបានជាអង្គការ KID រលត់រលាយលឿនម្ល៉េះ? យើងមិនដឹងថា គាត់នឹងបង្កើតលេសប៉ុន្មានទេ ដើម្បីបកស្រាយអំពីមូលហេតុនៃការរលាយអង្គការនេះ ប៉ុន្តែ ករណីនេះឆ្លុះបញ្ចាំងបានថា បណ្ឌិតដែលយល់ថា ខ្លួនចេះខ្លាំងពេក គ្មានអ្នកណាចេះដល់ ក៏ប្រែជាមិនអាចធ្វើការជាក្រុមបាន ក៏ចេះតែរស់នៅតែឯងឯការហូតយកអាជីពជាអ្នកវិភាគ ដើម្បីកុំឲ្យគេភ្លេចឈ្មោះ។ តែម្តងម្កាលគេហៅថា «ល្ងង់ទូ»។ នៅឆ្នាំ២០១៤ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏ធ្លាប់ធ្វើជាទីប្រឹក្សាលោក កឹម សុខា នៅរដ្ឋសភាដែរ ប្រហែលដោយសារគាត់ជឿថា មានកិត្តិយស។ ប៉ុន្តែ មានឯណា! របូតតំណែងដោយតាមគ្នា កប់យោបល់មិននិយាយខ្លាចគេដឹងសាវតា។ លោក ឡៅ ម៉ុងហៃ មិនអាក្រក់ពេកទេ។ គាត់គ្រាន់តែមានទស្សនៈមួយមើលខ្មែរក្នុងក្រសែភ្នែកអន់។ គាត់មានប្រភពចេញពី សឺន សាន និយមដូច កឹម សុខា ដែរ។ ដូច្នេះ គាត់ក៏មិនសូវគាំទ្រ សម្តេចព្រះ នរោត្តម សីហនុ ប៉ុន្មានទេ។ ម្យ៉ាងទៀតគាត់នៅតែយល់ថា នៅស្រុកខ្មែរ គ្មាននរណាចេះដល់គាត់។ ម្ល៉ោះហើយ គាត់ដើរច្បូតពុកមាត់តែឯងអញ្ចឹងទៅ។

៦- លោក កឹម សុខា មានប្រវត្តិតស៊ូពីបក្សលោកតា សឺន សាន។ គាត់មិនមែនជាមនុស្ស សីហនុនិយមទេ ប៉ុន្តែជាមនុស្ស «ឱកាសនិយម» «មុខមាត់និយម» និង «សម្ភារៈនិយម»។ នៅពេលបក្សលោកតា សឺន សាន ធ្លាក់ចុះ គាត់បានប្រែធាតុចូលមកក្នុងបក្សហ្វ៊ុនស៊ីនប៉ិច។ ក្រោយមកទៀត ក៏គាត់មកបើកអង្គការសិទ្ធិមនុស្ស ដើម្បីបង្កើតឱកាសថ្មី។ ចាប់ផ្តើមធ្វើបក្សនយោបាយ ក៏ទទួលបាន៣កៅអីជាដើមទន់ ឆក់ឱកាសចាប់ដៃគូចូលហ៊ុនគ្នាជាមួយ សម រង្ស៊ី ដែលមាន២៥កៅអី។ មុខមាត់និយមរបស់លោក កឹម សុខា នៅត្រង់ថា៖ នៅក្នុងបក្សតែ១ ប៉ុន្តែ កឹម សុខា ក៏ជាលោកប៉ាធានដែរ sic ។ សាកល្បងស្រមៃមើល! ឡាន១ មានតៃកុង២នាក់ គឺស្មើម្នាក់ជាន់ហ្វ្រាំង ម្នាក់ជាន់ហ្គា។ រឿងអីមិនឡាន បើកបុកគល់ឈើរហូតឆេះក្លាយជា «ផេះ»។ ទីបំផុត ម្នាក់ចូលគុក ឯម្នាក់ទៀត ផាស់ក្រញាំរត់បាតជើងសព្រាតចេញទៅក្រៅប្រទេស។ ម្នាក់ឌឺម្នាក់ថា៖ «អញមិនល្ងង់ចូលគុកដូចវាទេ»។ នេះហើយភាសាពិតដែលថា «យើងទាំង២ គឺជាមនុស្សតែ១!»។ អឺ! ចាំតែភ្លើ ចូលគុកឲ្យក្លាយជាមនុស្សតែ១ជាមួយនោះទេវ៉ើយ! sic។

នៅក្នុងរឿងសាមកុកបង្ហាញថា៖ មេទ័ពក្អេងក្អាង គឺបរាជ័យ។ គ្រាន់តែបានលទ្ធផលឆ្នោត៥៥កៅអី ទោះបីមិនទាន់ឈ្នះ ប៉ុន្តែ កឹម សុខា ចាត់ទុកថា ជាលទ្ធផលលើសពីការរំពឹងទុក ហើយកុំចាប់ផ្តើមមានអំនួត តម្កើងមុខលើលទ្ធផលនេះ។ កឹម សុខា បើកយុទ្ធនាការអួតយកមុខលើលទ្ធផលនេះ ធ្វើជាតួឯកតែម្នាក់គត់ខ្លាំងលើស សម រង្ស៊ី។ ទីបំផុត ផ្លូវងងិតនាំមាត់ឲ្យ កឹម សុខា ថ្លែងអំនួតអួតអាងពីតាក់ទីចនយោបាយ រហូតធ្លោយមាត់និយាយពីមេរៀន ដែលបរទេសបង្រៀនរបៀបរៀបចំធ្វើផែនការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អណ្តាតអំនួតនាំទុក្ខទោសរហូតបានជាប់គុក មានឈ្មោះជា ជនក្បត់ជាតិ។

៧- សម រង្ស៊ី គឺធ្វើនយោបាយចេញពី «ឈាម កំហឹង និងគំនុំ»។ សម រង្ស៊ី មានចំណុចមួយចំនួន ដែលធ្វើឲ្យគាត់លេចធ្លោក្នុងដំណើរជាអ្នកនយោបាយ ប៉ុន្តែក៏មានចំណុចគោលនៃភាពកម្សោយរបស់ សម រង្ស៊ី ដែលធ្វើឲ្យគាត់មិនអាចសម្រេចបំណងគឺ «ភាពកំសាក»។ សម រង្ស៊ី មានការរៀនសូត្រ, ប៉ុន្តែ មានតំណពូជជាជនក្បត់ជាតិ។ តំណពូជនិងឈាមជាកត្តាផ្សំ ហើយភាពជាក់ស្តែងសំខាន់បំផុត គឺចរិតផ្ទាល់ខ្លួន ដែលធ្វើឲ្យជីវិតនយោបាយរបស់ សម រង្ស៊ី ជាង២០ឆ្នាំមកនេះ ដើរដល់ចំណុចទ័លច្រក។

សម រង្ស៊ី ជាបុគ្គលមានចិត្តមានៈ ប៉ុន្តែ មិនក្លាហានទេ។ សម រង្ស៊ី មោះមុតលើការឆ្កឹះឆ្គៀល ចាក់ដោត អុជអាល។ ប៉ុន្តែ មិនក្លាហានហ៊ាននៅតតាំងប្រឈមដោះស្រាយបញ្ហានៅនឹងកន្លែងទេ។ ឲ្យតែមិនស្រួលគឺ សម រង្ស៊ី ប្រុច! រត់ចោលបញ្ហាហើយ។ សម រង្ស៊ី មានចំណុចដែលធ្វើឲ្យធ្លាក់ចុះដែរ គឺចរិត «ភូតភរ និង បោកប្រាស់»។ គាត់បោកប្រាស់ទាំងសកម្មជន ហើយបោកប្រាស់ទាំងប្រជាជនក្រខ្សត់ ប្រមូលលុយដាក់ហោប៉ៅ។ តើមានពេលណាមួយដែល សម រង្ស៊ី ទទួលខុសត្រូវចំពោះទង្វើបោកប្រាស់របស់គាត់? គាត់រុញឲ្យសកម្មជនឲ្យធ្វើបាតុកម្ម ហើយគាត់ទម្លាក់កំហុសទៅរដ្ឋាភិបាល។ គាត់រុញគេឲ្យកាឡៃឯកសារព្រំដែន ហើយគាត់រុញឲ្យគេជាប់គុក។ គាត់រុញឲ្យគេតវ៉ាចំពោះការបោះឆ្នោត តែគាត់រត់ចូលយកតំណែងនៅរដ្ឋសភា។ គាត់រត់ចោលបក្ស គាត់ថា ដើម្បីជួយបក្ស។ គាត់បង្កើតចលនាថ្មី មិនបានជោគជ័យ គាត់ឡាំប៉ាយកតួនាទីប្រធានស្តីទី។ គាត់រុញឲ្យគេឲ្យងើបបះបោរ តែគាត់កំសាកស្រែកពីក្រៅប្រទេស។ គាត់រៃអង្គាសលុយយកទៅចាយផ្ទាល់ខ្លួន គាត់ថា ដើម្បីស្នេហាជាតិ។ គាត់រុញបរទេសផ្តាច់ជំនួយ គាត់កែថា ដើម្បីជួយរាស្ត្រ។ គាត់រុញឲ្យគេឈប់ទិញទំនិញ គាត់ថា ដើម្បីជួយកម្មករ។ គាត់ជេរប្រមាថព្រះមហាក្សត្រ គាត់ថា ជាការរំដោះព្រះមហាក្សត្រ។ គាត់ជេរវិទ្យុបារាំង គាត់ថា គាត់ទេដែលមានវិជ្ជាជីវៈ។

ទីបំផុត! ជីវិតនយោបាយជាង២០ឆ្នាំ ក្លាយជាចោលម្សៀត ដោយសារចរិតគ្មានគុណធម៌។ មនុស្សនៅជុំវិញ បានចាកឆ្ងាយ, បក្សបែកបាក់ជាចម្រៀក, សកម្មជនបាត់បង់ជំនឿ, អន្តរជាតិឈប់រវល់ រហូតបន្លំខ្លួនចូលកិច្ចប្រជុំត្រូវគេបណ្តេញចេញ។ ជារួម ក្រៅពីភាពកំសាក សម រង្ស៊ី គ្មានគុណធម៌ឡើយ។ ក្រៅពីគ្មានគុណធម៌ សម រង្ស៊ី ជាមនុស្សខ្ពើមមនុស្ស ដូច្នេះហើយ ដែល សម រង្ស៊ី មានសត្រូវច្រើនជាងមិត្ត។ មកដល់ម៉ោងនេះ អ្នកណាៗ ក៏ចាត់ទុកថា សម រង្ស៊ី ជាមនុស្សចង្រៃ និងជាមនុស្សឆ្កួត ដែលនាំឆ្កួតបូករួមដោយទាំង មួរ សុខហួរ និង អេង ឆៃអ៊ាង ផងដែរ។ ដូច្នេះ ជារួមធាតុដែលនាំឲ្យ សម រង្ស៊ី បរាជ័យក្នុងនយោបាយគឺ «ភូតភរ, អាត្មានិយម, គ្មានគុណធម៌ និងកំសាក»។ បើគ្រប់គ្រងខ្លួនឯងមិនបាន, គ្រប់គ្រងបក្សមួយមិនបាន កុំស្រមៃគ្រប់គ្រងដឹកនាំប្រទេសជាតិ។ ពិតជាទៅមិនរួច។ អ្នកណាដើរតាមគាត់ លទ្ធផល គឺខូចអនាគត៕

(ដោយ៖ កញ្ញា សេរី សោភ័ណ្ឌ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង