មន្ត្រីសុខាភិបាលខេត្តប៉ៃលិន ត្រវដូរឥរិយាបថមិនល្អ ដើម្បីឲ្យប្រជាពលរដ្ឋ មានជំនឿលើវិស័យសុខាភិបាល

(ប៉ៃលិន)៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានក្រើនរំឭកដល់មន្ត្រីសុខាភិបាលខេត្តថា ដើម្បីឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើវិស័យសុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវអប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូច ដែលមិន យកចិត្តទុកដាក់ពិនិត្យព្យាលបាលអ្នកជំងឺ ត្រូវកែឥរិយាបថ ដោយអនុវត្តន៍តាមជំនាញ និងក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។

មានប្រសាសន៍បែបនេះក្នុងពិធីឯកឧត្តមនិងឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អមដំណើរដោយលោក ហែម ឫទ្ធី អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខា ភិបាលខេត្ត និងប្រគល់ភារកិច្ចជូនលោក ស្លេះ យូ ជាប្រធានមន្ទីរស្តីទី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីលោក អាង នាង ប្រធានមន្ទីរកំពុងសម្រាកព្យាបាលជំងឺ។

ឯកឧត្តម ផាន់ ចាន់ធុល បានលើកឡើងទៀតថា កន្លង មកក្រុមគ្រូពេទ្យខ្លះ មានឥរិយាបទមិនសមរម្យទៅលើ អ្នកជំងឺ ជាពិសេស មន្ទីរពេទ្យមួយចំនួន ត្រូវតែ កាត់បន្ថយការធ្វើឯកសារផ្សេងៗ ឬទាលុយពីអ្នកជំងឺដោយត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺជាមុនសិន សម្រាប់អ្នកជំងឺ ដែលត្រូវសង្រ្គោះបន្ទាន់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ការកែប្រែសកម្មភាពអវិជ្ជមានទាំងអស់នេះ នឹងធ្វើឲ្យការថ្នាំងថ្នាក់ក្នុងចំណោមប្រជាពលរដ្ឋមកលើវិស័យសុខាភិបាល នៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្ត កាន់តែ ត្រូវកាត់បន្ថយ ម៉្យាងទៀត អាចជួយធ្វើឲ្យខេត្តប៉ៃលិន ជាខេត្តគំរូក្នុងការជួយពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋបានល្អប្រសើរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តាំផ្ញើដល់លោក ស្លេះ យូ ប្រធានមន្ទីរស្តីទី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា សហការ ធ្វើការងារតាមជំនាញរបស់ខ្លួន ដោយទទួលខុសត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការរីកចម្រើន និងការ ផ្តល់សេវានានា ដូចជាវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពបានចូលពិគ្រោះពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យរដ្ឋកាន់ តែច្រើនឡើងថែមទៀត។

បើតាមរបាយការណ៍របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនស្តីទី បានឲ្យដឹងថា នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកមួយ និងមណ្ឌលសុខភាព៦ ក្នុងនោះនៅក្រុងប៉ៃលិន មាន៣ នៅស្រុកសាលាក្រៅមានចំនួន៣៕ (ចេស្តា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង