លិខិតមិត្តអ្នកអាន៖ រដ្ឋាភិបាលបក្សប្រជាជនគួរកាត់សាច់ដំបៅមហារីក សម រង្ស៊ី គ្រវាត់ចោល ត្រឹមថ្ងៃ៩ វិច្ឆិកា! 

(កំពង់ចាម)៖ រឿងរ៉ាវឈឺចាប់អូសបន្លាយរ៉ាំរ៉ៃដោយសារភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍រហូតដល់ទីបំផុតរុញច្រានប្រទេសឲ្យធ្លាក់ ចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាបានធ្វើឲ្យខ្មែរគ្រប់គ្នាឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ។ ទម្រាំតែស្តារប្រទេសឡើងវិញបានដូចសព្វថ្ងៃ គេត្រូវការពេលស្ទើរតែកន្លះសតវត្សរ៍ឬពាក់កណ្តាលជីវិតមនុស្សដោយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។

រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែយកជីវិតធ្វើដើមទុន ដើម្បីនាំប្រទេសចេញពីរបបវាលពិឃាតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបាននាំមកឲ្យប្រទេសដ៏កំសត់មួយនេះនូវសុខសន្តិភាពយ៉ាងពេញលេញ ដែលកម្រកើតមាននៅកម្ពុជាក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។ ដូច្នេះ តើរដ្ឋាភិបាលគួរតែទុកឲ្យមនុស្សមួយក្តាប់តូចបន្តអុកឡុកសភាពការណ៍ប្រទេសជាតិ ដោយប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរ ដូចពីអតីតកាលទៀតឬយ៉ាងណា?

ខ្ញុំសុំការយោគយលអធ្យាស្រ័យពីមេដឹកនាំបក្សបក្សកាន់អំណាច ដែលខ្ញុំនិយាយការពិតដោយត្រង់ៗ ក្នុងទស្សនៈវិភាគនេះ ទោះបីជាខ្ញុំដឹងច្បាស់ថា «ពាក្យពិតរែងស្លែង» ក៏ដោយចុះ ពីព្រោះខ្ញុំយល់ឃើញថា ខ្មែរយើងបានចំណាយពេលវេលាឥតប្រយោជន៍ច្រើនពេកណាស់ទៅហើយក្នុងជម្លោះនយោបាយ ហើយជានយោបាយបែបបំផ្លិចបំផ្លាញដដែលៗនាំឲ្យខូចប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។ នយោបាយ ដែលទណ្ឌិ តសម រង្ស៊ី និងគូកន បាននិងកំពុងតែធ្វើនេះ គឺមិនគួរត្រូវអនុញ្ញាតឲ្យកើតមានលើទឹកដីដ៏កំសត់នេះតទៅទៀតទាល់តែសោះ។

សម្រាប់ខ្ញុំ៩ វិច្ឆិកា ដែលទណ្ឌិត សម រង្ស៊ី និងគូកន បានប្រកាសកំណត់យកជាថ្ងៃវិលចូលស្រុកវិញ គួរតែក្លាយជាថ្ងៃជម្រះបញ្ជីជាមួយក្រុមទណ្ឌិត សម រង្ស៊ី តែម្តងទៅ ដើម្បីជៀសវាងកុំឲ្យក្រុមនេះនៅបន្តធ្វើព្យុះភ្លៀងរំខានដល់រដ្ឋាភិបាល និងពលរដ្ឋខ្មែរឥតឈប់ឈរយ៉ាងដូច្នេះតទៅទៀត ពីព្រោះខ្មែរត្រូវការពួតដៃគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានរឹងមាំសម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។

ខ្ញុំយល់ថា ការប្រកាសកន្លងមករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញ «អ្នកក្លាហានឲ្យចូលស្រុក» វិញ ដែលសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដើម្បីអាចចាត់វិធានការតាមផ្លូវច្បាប់​​​ គឺមិនត្រឹមតែជាវិធីដ៏ល្អបំផុតដើម្បីជម្រះបញ្ជីខ្មៅនេះចេញពីកម្ពុជាតាមយុទ្ធសាស្ត្រ «ចាប់ឆ្កែចចកញាត់ទ្រុងប្រសើរជាងទុកឲ្យវារស់នៅក្នុងព្រៃ» ប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ជាការប្រកាស ដែលចេញពីទឹកចិត្តនិងបំណងពិតៗរបស់សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជន ដែលចង់ឲ្យទណ្ឌិត សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃ៩ វិច្ឆិកា ឬមុនថ្ងៃ៩ វិច្ឆិកា ទៀតផង។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយល់យ៉ាងដូច្នេះ? សម្រាប់ក្រសែភ្នែករបស់ខ្ញុំ ទាំងសម្តេចតេជោ ហ៊ុន សែន និងអ្នកដឹកនាំដទៃទៀត មិនថា ជាជនស៊ីវីល ឬកងកម្លាំងប្រដាប់អាវុធនោះទេ សុទ្ធតែមានជំហរ និងទស្សនៈយល់ឃើញដូចគ្នាថា៖

ទី១៖ បច្ចុប្បន្ននេះ គឺជាឱកាសមាសដ៏ល្អបំផុតដើម្បីរៀបចំឲ្យអ្នកជំនាន់ថ្មី បន្តកិច្ចការដឹកនាំប្រទេសជាតិ ប៉ុន្តែ វាជា «ការរៀបបន្តវេន» គឺមិនមែនជាការបន្តទំនាស់នោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺបច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោរ ហ៊ុន សែន កំពុងកាន់អំណាចទាំងស្រុង១០០ភាគរយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងទាំងកម្លាំងសេដ្ឋកិច្ច។

ស្ថានការណ៍បច្ចុប្បន្ន ខុសគ្នាស្រឡះ បើធៀបទៅនឹងឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជាកសាងប្រទេសពីបាតដៃទទេសុទ្ធសាធ និងក្នុងស្ថានភាពដ៏លំបាកលំបិនបំផុត ប៉ុន្តែ រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចពុះពារជម្នះធ្វើបាន និងឈានឡើងបានដល់កម្រិតខ្ពស់ដូចសព្វថ្ងៃ។ ដូច្នេះ ចុះទម្រាំស្ថានភាពដ៏មហាសែនអំណោយផលដូចបច្ចុប្បន្ននេះ តើមានអ្វីគួរឲ្យព្រួយបារម្ភ? គឺប្រាកដជាគ្មានទាល់តែសោះ ពោលគឺពិតជាឱកាសមាសពិតៗសម្រាប់រដ្ឋាភិបាល។

ទី២៖ គណបក្សប្រជាជនរឹងមាំខ្លាំងក៏ដោយសារតែមានសាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ និងមិនដែលបាត់ម្ចាស់ការម្តងណាឡើយ តាំងពីដើមរហូតដល់បច្ចុប្បន្ន ជាពិសេស ពេលបក្សនេះត្រូវប្រឈមដោះស្រាយបញ្ហាគ្រោះថ្នាក់ដល់ជាតិម្តងៗ។ យុទ្ធមិត្តរបស់គណបក្សប្រជាជន ដែលបានរួមដំណើរជាមួយគ្នា ស្មាកៀកស្មាគ្នា ដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមកាលឆ្នាំពី១៩៧៩ ពេលនេះក៏មានវ័យកាន់តែចាស់ ហើយយុទ្ធមិត្តមួយចំនួនក៏មានសុខភាពទ្រុឌទ្រោម ខណៈមួយចំនួនទៀត ក៏បានទទួលអនិច្ចកម្មទៅហើយ។ ដូច្នេះ មេដឹកនាំបក្សកាន់អំណាចប្រាកដជាចង់ឃើញកូនចៅជំនាន់ក្រោយបន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដោយគ្មានអ្នកណាមកបំផ្លាញសមិទ្ធផលដ៏កម្រ ដែលខ្លួនខំលះបង់គ្រប់បែបយ៉ាង និងកសាងយ៉ាងលំបាកនោះឲ្យរលាយសាបសូន្យទៅវិញបានឡើយ។

ទី៣៖ ពេលនេះ គឺជាពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឡងប្រណាំងប្រជែងគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសគេរៀងៗខ្លួន ក្នុងនោះក៏មានកម្ពុជាដែរ។ ដូច្នេះនេះជាពេលវេលាដែលកម្ពុជាត្រូវកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបានរឹងមាំដើម្បីអនុញ្ញាតឲ្យមេដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ទៅហើយនោះបានផ្ទេរអំណាច និងការទទួលខុសត្រូវដល់អ្នកបន្តវេនរបស់ខ្លួន ហើយពួកគេក៏អាចមានពេលឈប់សម្រាក និងអង្គុយចាំតម្រែតម្រង់អ្នកបន្តវេនរបស់ខ្លួនផង។

ទី៤៖ គេក៏គួរដឹងដែរថា ពេលនេះប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាពនិងភាពសម្បូរសប្បាយនិងចង់ឃើញកូនចៅរបស់ខ្លួនរស់ក្នុងស្ថានភាពបែបនេះទៅថ្ងៃអនាគត។ ដូច្នេះ គ្មានអ្នកណាចង់ឃើញ ប្រទេសជាតិរបស់ខ្លួនធ្លាក់ក្នុងសភាពវឹកវរវិលទៅរកអតីតកាលដ៏ឈឺចាប់វិញតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ីនោះឡើយ។

ទី៥៖ ងាកមកមើលស្ថានភាពទណ្ឌិត សម រង្ស៊ី វិញ! បច្ចុប្បន្ន គាត់ជាអ្ននយោបាយគ្មានបក្ស គ្មានអ្នកគាំទ្រច្រើនដូចគាត់បានអះអាងនោះឡើយ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ពីព្រោះកម្លាំងរបស់ខ្លួន បានបែកបាក់ខ្ទេចខ្ទីស្ទើរអស់ទៅហើយ។ ដោយឡែកពាក្យថា «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» នោះវាគ្រាន់តែជាល្បែងថ្ពឹនភ្នែកលើគោកដើម្បីបោកប្រាស់អ្នកគាំទ្រមួយគ្រាៗ សម្រាប់ដោះទ័លតែប៉ុណ្ណោះ។ តែធាតុពិត កឹម សុខា និង សម រង្ស៊ី បែកគ្នាបាត់ទៅហើយ និងក៏គ្មានថ្ងៃចូលគ្នាវិញបានឡើយ ប្រៀបបានទឹក និងប្រេង។ ស្ថិតក្នុងស្ថានភាពបែបនេះ បើសិនជាទណ្ឌិត សម រង្ស៊ី ហ៊ានតែប្រថុយឈានជើងចូលជាន់ដីកម្ពុជា សមត្ថកិច្ចពិតជាចាប់ខ្លួនញាត់គុកដោយងាយបំផុត ប្រៀបដូចជាការចាប់ឆ្កែចចកញាត់ក្នុងទ្រុង ដើម្បីកុំឲ្យវាបន្តដើរព្រូសក្នុងព្រៃនាំឲ្យរំខានត្រចៀកគេឯងតទៅទៀត។

មានមតិយោបល់ខ្លះយល់ថា រដ្ឋាភិបាលភ្នំពេញមិនចង់ឲ្យទណ្ឌិត សម រង្ស៊ី វិលចូលស្រុក ព្រោះខ្លាចប្រឈមនឹងបញ្ហាផ្សេងៗ ក្រោយចាប់ទណ្ឌិតនេះដាក់គុក។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈនេះទេ ពីព្រោះជំហានដើររយៈពេលជាង៤០ឆ្នាំ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិតជាបានផ្តល់នូវមេរៀន និងបទពិសោធន៍យ៉ាងសម្បូរបែប និងគ្រប់គ្រាន់ពេក ក្នុងការប្រឈមមុខដោះស្រាយបញ្ហាកើតឡើង កុំថាឡើយត្រឹមរឿងចាប់ និងក្រោយចាប់ទណ្ឌិត សម រង្ស៊ី ញាត់គុក ឬក្រោយពីអស់ទណ្ឌិត សម រង្ស៊ី ពីឆាកនយោបាយកម្ពុជាជាយថាហេតុ។

គួរកត់សម្គាល់ថា ការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់ ក្រោយការផ្តួលរំលំរបបខ្មែរក្រហម មិនត្រឹមតែបានធ្វើឡើងដោយមានតែបាតដៃទទេសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ដំណើរការកសាងប្រទេសពេលនោះបានធ្វើឡើងក្រោមសម្ពាធ និងការហ៊ុំព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ចពីអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែអាចជម្នះបានឧបសគ្គដ៏មហាសែនលំបាកទាំងនោះរហូតកសាងប្រទេសបានដូចសព្វថ្ងៃ។

ក្នុងចន្លោះពេលនោះទៀតសោត មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដោយជោគជ័យ។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលជាការតទល់ជាមួយកម្លាំងប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយមានទាំងការប្រើប្រាស់កម្លាំងខ្មែរក្រហមជាជំនួយផង ក៏ប៉ុន្តែ ការប៉ុនប៉ងនេះត្រូវបរាជ័យក្រោមកណ្តាប់ដៃដែករបស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ត្រី ហ៊ុន សែន។ ក្រៅពីនោះ កម្ពុជាក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលធំៗពីរ ដែលកើតមានឡើងកាលពីឆ្នាំ១៩៩៧ និងឆ្នាំ២០០៧-២០០៨ ប៉ុន្តែ កម្ពុជានៅតែអាចទប់ទល់បានយ៉ាងល្អ។

យុទ្ធសាស្ត្រឌីហ្វីត (Divide – Isolate – Finish – Integrate – Develop) ដើម្បីបំផ្លាញអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរ្រហម កាលពីឆ្នាំ១៩៩៨ ក៏ធ្វើឡើងក្រោមគំនិតដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែរ។ និងចុងក្រោយនេះគេក៏មិនត្រូវភ្លេចដែរនូវព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលក្រុមទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់កម្លាំងមហាជនដើម្បីផ្តួលរំលំដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែ កម្លាំងនោះ ក៏ត្រូវបរាជ័យទាំងស្រុង ក្រោមកណ្តាប់ដៃសម្តេចតេជោ ហ៊ុន សែន។ ចុះឥឡូវ ត្រឹមតែចាប់ចចកព្រៃពីរបីក្បាល ដែលកំពុងតែបែកហ្វូងមកដាក់ក្នុងទ្រុង ខ្ញុំយល់ថាដូចជាគ្មានអ្វីគួរឲ្យពិបាក ទាល់តែសោះខណៈចចកព្រៃទាំងនោះ បានប្រកាសវិលចូលទ្រុងវិញដោយខ្លួនឯង។

ដោយយោងលើអំណះអំណាងដូចបានលើកឡើងខាងលើ ខ្ញុំយល់ឃើញថា គេមិនគួរទុកឲ្យកម្ទេចភ្លើងតូចតាចបង្កជាផ្សែងនាំឲ្យខូចបរិយាកាសកសាងប្រទេស អូសបន្លាយតទៅទៀតនោះឡើយ ពោលគឺដល់ពេល ដែលរដ្ឋាភិបាលត្រូវតែកម្ចាត់ចោលកូនបន្លាក្នុងបាតជើងនេះហើយ។ តាមការវិភាគរបស់ខ្ញុំ ប្រសិនបើទណ្ឌិត សម រង្ស៊ី ហ៊ានប្រថុយចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា មែននោះ លទ្ធផលមានតែ២គត់៖ ទី១ គឺជាប់គុក និងទី២ គឺអាចត្រូវបាតដៃទី៣ឆក់យកជីវិត ដូចអ្វីដែលបានកើតឡើង នៅហ្វីលីពីន កាលពីឆ្នាំ១៩៨៣។

មិនថាជោគវាសនារបស់ទណ្ឌិត សម រង្ស៊ី ជួបប្រទះនឹងហេតុការណ៍ណាមួយក៏ដោយ ក្នុងចំណោមលទ្ធផលទាំងពីរ ក៏រដ្ឋាភិបាលគណបក្សប្រជាជននៅតែអាចគ្រប់គ្រងសភាពការណ៍បានដដែល ព្រោះវាពិតជាមិនមែនជារឿងថ្មី និងមិនពិបាកដោះស្រាយនោះឡើយ សម្រាប់បុរសខ្លាំងកម្ពុជា ដែលមានបទពិសោធន៍នយោបាយយ៉ាងជោគជាំ ហើយដែលបច្ចុប្បន្នកំពុងកាន់អំណាចណែនក្នុងដៃ តាំងពីជាង៤០ឆ្នាំមកហើយ។ សម្រាប់ទណ្ឌិត សម រង្ស៊ី វិញ មិនថាត្រូវជាប់គុក ឬត្រូវអស់ជីវិតដោយសារបាតដៃទី៣ឡើយ ជីវិតនយោបាយ នឹងត្រូវចប់ជាស្ថាពរពីព្រោះបើអស់ពីទណ្ឌិត សម រង្ស៊ី និងគូកនប៉ុន្មាននាក់នេះទៅ អ្នកបន្តវេនប្រឆាំងនឹងច្បាស់ជាមានជម្រើសនយោបាយល្អប្រសើរជាងទណ្ឌិត សម រង្ស៊ី ជាក់ជាមិនខាន។

ដូច្នេះ តើការជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា មិនមែនជាជម្រើសល្អជាងទុកបណ្តោយឲ្យជននេះ បន្តបង្កាត់ភ្លើងបក់ផ្សេងមកឲ្យគ្រប់គ្នាហិតក្នុងរយៈពេលយូរតទៅទៀតទេឬ?

អ្វីដែលយើងគួរចងចាំ គឺសកម្មភាពនយោបាយ និងមនោគមវិជ្ជារបស់ទណ្ឌិត សម រង្ស៊ី ក្នុងរយៈពេលជាង២០ឆ្នកន្លងមកនេះ គឺប្រៀបដូចជាមេរោគដំបៅមហារីកមួយ ដ៏គ្រោះថ្នាក់សម្រាប់សង្គមខ្មែរ។ ដូច្នេះការវះកាត់ដុំសាច់មហារីកមួយដុំនេះគ្រវាត់ចោល គឺជាការចាំបាច់ណាស់ បើទោះបីជាត្រូវរងការឈឺចាប់ខ្លះក៏ដោយ តែវាល្អជាងការទុកដុំសាច់មួយដុំតូចនេះឲ្យវាបង្កជាជំងឺមហារីក។ សម្រាប់ខ្ញុំ មានតែវិធីនេះទេ ដែលគណបក្សប្រជាជនអាចកសាងគ្រិះដ៏រឹងមាំសម្រាប់ «ការបន្តវេនដែលមិនបន្តទំនាស់»៕

(ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង