លិខិតមិត្តអ្នកអាន៖ ប្រជាជនសួរ និងជម្រាបលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា៖ «ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ កំពុងក្លាយជាលេខ២០ និងលេខ៣០អស់ហើយ!»

(តាកែវ-កំពត)៖ ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ២ ភ្នំពេញ- តាកែវ និងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត បានផ្ញើលិខិតមកកាន់ Swift News អមដោយរូបថតជាច្រើនសន្លឹក រៀបរាប់អំពីផលលំបាកប្រចាំថ្ងៃរបស់ពួកគាត់ បង្កឡើងដោយសារផ្លូវជាតិទាំងពីរខ្សែនេះ ដែលមិនព្រមជួលជុលឲ្យបានល្អ ឬចាប់ផ្តើមជួសជុលយូរហើយ ប៉ុន្តែ មិនព្រមឃើញរួចរាល់ទាល់តែសោះ។

ពលរដ្ឋក្នុងខេត្តតាកែវបានរៀបរាប់ថា៖ ផ្លូវជាតិលេខ២ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ គឺពួកគាត់មិនដែលបានឃើញផ្លូវនេះល្អម្តងណាឡើយ ប៉ុន្តែឮតែពាក្យសន្យាជួសជុលៗ ឬពង្រីកធ្វើថ្មីៗ ពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីលោកកាន់តំណែង។ ចំណែកឯ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ក៏បានរៀបរាប់ថា៖ «…ឃើញលោក ស៊ុន ចាន់ថុល ស្លៀកពាក់តឺនុយយ៉ាងស្អាត ជិះឡានទំនើប ទៅឈរមើល និងនិយាយអួតឆ្កាដៃឆ្កាជើង អំពីគម្រោងជួសជុលពង្រីកកំណាត់ផ្លូវជាតិនេះ»។ តែអត់ទៅមុខសោះ។ ជង្ហុក ដីហុយ ទ្រលោម ប៉ះពាល់សុខភាពប្រជាជន។

សូម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ២៣,៤៦៦នាក់ ក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្តដែរ ចំពោះភាពស្ពឹកស្រពាន់យឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២។ នៅពេលនោះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យខិតខំពន្លឿនការសាងសង់ផ្លូវជាតិលេខ២នេះ ឲ្យបានឆាប់រហ័ស។

ក្រោយមកពាក់ព័ន្ធនឹងផ្លូវជាតិលេខ២នេះដែរ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងធ្វើឲ្យប្រសើរឡើងវិញ ក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុបជាង៥៦លានដុល្លារ ក្នុងនោះថវិកាគ្រោងសម្រាប់ការសាងសង់ មានចំនួនជាង៤៣លានដុល្លារ និងថវិកាបម្រុងមានចំនួនជាង៨លានដុល្លារ។

ទោះបីជាយ៉ាងណា គម្រោងនេះហាក់នៅស្តូកស្តឹង សូម្បីរដ្ឋបាលថ្នាក់ខេត្តក៏គ្មានព័ត៌មានលម្អិតសម្រាប់យកទៅរាយការណ៍ឆ្លើយតបនឹងសំណួររបស់ប្រជាជននៅមូលដ្ឋានខ្លួនដែរ។ ពលរដ្ឋនៅក្នុងខេត្តតាកែវ បាននាំគ្នាផ្ញើសាររំឭកប្រាប់ Swift News ថា៖ ភ្លាមៗក្រោយពីបានការតែងតាំងឲ្យនៅជាកុងសីនៃក្រសួងដដែល នាដើមឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីក្រោមបង្គាប់ទៅបាញ់ថ្នាំក្រហមតាមជញ្ជាំងផ្ទះ និងរបងរបស់ពួកគាត់ ព្រមទាំងទៅឈូសឆាយ និងកាយប្រឡាយខ្លះ តាមអមសងសាងផ្លូវជាតិលេខ២នេះ ដោយប្រកាសថា ចាប់ដំណើរជួសជុលស្តារឡើងវិញ ដែលរហូតមកដល់ចុងឆ្នាំ២០១៩នេះ ផ្លូវកាន់តែអាក្រក់ទៅៗ។

ចំពោះផ្លូវជាតិលេខ៣ ទៅកាន់ខេត្ដកំពតវិញ Switf News បានទទួលលិខិត និងសារច្រើនណាស់ ស្តីពីស្ថានភាពផ្លូវក្នុងពេលបច្ចុប្បន្ន ព្រោះតែផ្លូវមួយខ្សែនេះ គឺត្រូវបានចាប់ផ្តើមធ្វើ និងជួសជុលអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែបើនិយាយអំពីផ្លូវវិញ បើស្ងួតទឹក គឺហុយងងិតមេឃ។ បើមានភ្លៀងធ្លាក់វិញ គឺរអិលដូចខ្លាញ់ ដក់ទឹកដូចត្រពាំង បង្កើតជាភក់ល្បាប់លំបាកធ្វើដំណើរ។ ម្តងម្កាលឃើញគេដឹកសម្ភារៈគ្រឿងចក្រ ដឹកមកព្រឹបៗ។ ដល់គេថតរូបភាពរួចហើយ ក៏បាត់ស្រមោលទៅវិញ តាមមិនទាន់ ដូចស្ពិនភ្នែក។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ គណនីហ្វេសប៊ុក មានឈ្មោះ Nouch Sopheaktra បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង និងបង្ហាញរូបថតខ្លួនឯងប្រលាក់ធូលី និងភក់ល្បាប់យ៉ាងស្រមកៗ ដោយសារផ្លូវនេះហុយពេក ពិបាកធ្វើដំណើរ។ ម្ចាស់គណនីរូបនេះ បានលើកឡើងថា៖ «មានតែអ្នកកំពតទេ មានសំណាងបានស្គាល់វា» គឺស្គាល់ផ្លូវដ៏មហាអាក្រក់។

ក្នុងលិខិត គឺពលរដ្ឋខេត្តកំពត និងខេត្តតាកែវ បានសរសើរពាក្យរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពូកែអួត និងសម្តែងដូចមែនទែន។ ប៉ុន្តែ ការពិតរាល់ថ្ងៃ ប្រជាជន គឺចង់ធ្លាក់ក្អួតហើយ ពេលធ្វើដំណើរម្តងៗ ដោយសារផ្លូវលំបាកពេក។ ប្រជាជនសូមជម្រាបទៅរដ្ឋមន្ត្រីថា៖ ផ្លូវជាតិលេខ២ វាមិននៅត្រឹមលេខ២ទៀតទេ គឺវាកំពុងក្លាយជាផ្លូវលេខ២០ហើយ។ រីឯផ្លូវជាតិលេខ៣ វាអន់ជាងផ្លូវជាតិលេខ៤ ហើយវាកំពុងក្លាយទៅជាលេខ៣០ហើយដែរ សូមជ្រាប!។ លិខិតសរសេរទៀតថា៖ លោករដ្ឋមន្ត្រីអើយ សុំកុំឲ្យប្រជាជនខកចិត្ត និងសុំកុំធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រី ជឿខុស៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង