រដ្ឋមន្ត្រីបរិស្ថាន៖​ ស្រកាសត្វពង្រូល​ដែលគេយកធ្វើជាឱសថ​ តាមពិតប្រៀបដូច​ជាសក់​ និងក្រចក​របស់​មនុស្សយើងប៉ុណ្ណោះ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ ខែតុលានេះថា មិនគួរហូប មិនត្រូវហូប សត្វពង្រូលនោះទេ។ ឯកឧត្តមឲ្យដឹងថា សត្វពង្រូលមានច្រើនប្រភេទហើយជាថនិកសត្វតែមួយគត់ ដែលត្រូវបានគ្របដណ្តប់ដោយស្រកា។ សត្វពង្រូល ស៊ីតែស្រមោច និងកណ្តៀរជាអាហារតែប៉ុណ្ណោះ។ ពួកវាមិនបង្កនូវការគំរាមកំហែងចំពោះមនុស្សនោះទេ។ នៅពេលសត្វពង្រូលមានការភ័យខ្លាច ពួកវារមួរខ្លួនទៅចាដុំបាល់ ដើម្បីការអារខ្លួនវា។

ឯកឧត្តមបានបញ្ជាក់ថា «តាមជំនឿ សាច់ ស្រកា និងក្រចករបស់សត្វពង្រូល ត្រូវបានយកមកធ្វើជាឱសថ ដែលតាមការពិត ផ្នែកទាំងអស់នេះ មានអង្គធាតុដូចគ្នាទៅនឹងសក់ និងក្រចករបស់មនុស្សយើងប៉ុណ្ណោះ។ ដោយសារជំនឿទាំងនេះ ផ្នែកផ្សេងៗរបស់សត្វពង្រូលត្រូវបានពន្លះយកចេញពីខ្លួន ហើយជាញឹកញាប់ត្រូវបានប្រទះឃើញនៅក្នុងជំនួញសត្វព្រៃខុសច្បាប់។ សត្វពង្រូលមិនត្រូវបានស្គាល់ទូលំទូលាយនៅខាងក្រៅទ្វីបអាហ្រ្វិក និងអាស៊ីនោះឡើយ។ មានប្រភេទពូជសត្វពង្រូលសរុបចំនួន​ ប្រាំបីប្រភេទ ដែលបួនប្រភេទនៅទ្វីបអាហ្វ្រិក និង៤ប្រភេទទៀតនៅក្នុងទ្វីបអាស៊ី»។

បើតាមរដ្ឋមន្ត្រីបរិស្ថាន ប្រភេទពូជសត្វពង្រូលទាំងប្រាំបីត្រូវបានរាយនាមនៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITES I) ដែលជាកម្រិតខ្ពស់បំផុតនៃការការពារជាអន្តរជាតិ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង