បរិមាណសំរាមជិត៤លានតោន បានកើតឡើងនៅកម្ពុជា ក្នុងមួយឆ្នាំៗ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ សំណល់សំរាមចំនួនប្រមាណជាង១ម៉ឺនតោនត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងមួយថ្ងៃ ចំណែកមួយឆ្នាំ បរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត៤លានតោន។

នៅតាមបណ្តារាជធានី និងខេត្តធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង៣០០០តោនក្នុងមួយថ្ងៃ, ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ៤០០តោនក្នុងមួយថ្ងៃ។ តាមការប៉ាន់ប្រមាណ ភាគរយនៃប្លាស្ទិក ដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ១៧,៣ភាគរយ ក្នុងរាជធានីភ្នំពេញ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង៣៤ភាគរយ ក្នុងខេត្តព្រះសីហនុ។ ជាមធ្យម កំណើនសំរាមមានប្រមាណ១០ភាគក្នុងមួយឆ្នាំ។

ចំណែកមន្ត្រីជាន់ខ្ពស់មកពីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «សព្វថ្ងៃសេដ្ឋកិច្ចកម្ពុជាយើងកំពុងរីកលូតលាស់ ប្រជាពលរដ្ឋយើងកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួល ដូចជាផលិតផលធ្វើពីប្លាស្ទិក ដែលប្រើតែម្តងហើយ យើងបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី៤០ ទៅ៥២ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ ការគ្រប់គ្រងសំណល់រឹង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្»នា។

លោកបានអំពាវនាវថា «សូមប្រជាពលរដ្ឋចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលបងប្អូនរស់នៅ ឬកំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថា ជាផ្ទះរបស់បងប្អូន ដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។

សូមជម្រាបថា កាលពីខែសីហាកន្លងទៅនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី «លទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង