តុលាការកាត់ទោសបុរសជនជាតិឥណ្ឌា ជាថៅកែផលិតឱសថម្នាក់ រឿងផលិតថ្នាំពេទ្យខុសច្បាប់

(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិឥណ្ឌាម្នាក់ ពាក់ព័ន្ធផលិតថ្នាំពេទ្យខុសច្បាប់។

ជនជាប់ចោទមានឈ្មោះ GOYAl KARTIK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌា ត្រូវបានចោទប្រកាន់ពីបទ ផលិត ផលិតផលនូវឱសថមិនគោរពតាមស្តង់ដា។

នៅក្នុងសវនាការនព្រឹកនេះ ជនជាប់ចោទ បានបដិសេធថា រូបគេមិនបានដឹងរឿងអ្វីទាំងអស់ ព្រោះការផលិតជាតួនាទីរបស់បុគ្គលិក ចំណែកខ្លួនគ្រាន់តែជានាយកក្រុមហ៊ុនគឺមិនបានដឹងនោះទេ។

យោងតាមរបាយការណ៍កោសល្យវិច័យរបស់ក្រសួងសុខាភិបាល បានរកឃើញថា គ្រាប់ឱសថដែលក្រុមហ៊ុនរបស់ជនជាប់ចោទផលិតនោះ គឺមិនត្រឹមត្រូវតាមឈ្មោះ ធាតុផ្សុំ និងមុខងាររបស់ឱសថដែលបានសរសេរនោះលើសំបកឱសថនោះទេ ពោលគឺឈ្មោះថ្នាំផ្សេង ចំណែកសាច់ថ្នាំផ្សិង។

ក្រោយសាកសួរដេញដោល តុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ខាងមុខ។

គួររម្លឹកថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីស្រាវជ្រាវ និងរកឃើញថា បានបើកទីតាំងផលិតឱសថដោយគ្មានច្បាប់អនុញ្ញាតនៅផ្ទះលេខ៦២១ ផ្លូវ៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅក្នុងតំនប់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង