ប្រពៃណីនៃការប្រោះព្រំទឹកមន្តនៅសម័យអង្គរ

(ភ្នំពេញ)៖ ការប្រោះព្រំទឹកមមន្ត ជាខឿនវប្បធម៌នៃសង្គមខ្មែរ ដែលបានបន្តនិរន្តរភាព តំាងពីសម័យអង្គរមកទល់នឹងបច្ចុប្បន្ននេះ​។ ជាក់ស្តែងបុព្វបុរសបានឆ្លាក់ថ្មជញ្ជាំងប្រាសាទបាយ័ន តម្កល់ទុកជាប្រពៃណី នៃការប្រោះព្រំទឹកមន្តលើករាសី និងជាសិរីមង្គលនៃជាតិខ្មែរ។

ដើម្បីស្វែងយល់ពីបញ្ហានេះទៅតាមទស្សនៈ ឬជាឧត្តមគតិដូនតា នោះគេសួរថា អ្វីទៅជាទឹកមន្ត? ហើយអ្នកណាដែលមានតួនាទីបំពេញកិច្ចក្នុងការប្រោះព្រំទឹកមន្ត? ជាចុងក្រោយតើអ្នកណាដែលទទួលទឹកមន្ត?។

ជាដំបូងយើងតែងយល់ពីបញ្ហានេះដែលមានប្រភពពីសាសនាព្រាហ្មណ៍ជាមុនសិន ហើយដែលគេបានទទួលបានតាមរយៈទេវកថា  មហាបេសកម្ម កូរសមុទ្ទទឹកដោះ គឺក្នុងគោលបំណងស្វែងរកទឹកអម្រឹត។ ទឹកអម្រឹតនេះហើយដែលគេចង់បាន ព្រោះជាទឹកផ្តល់នូវភាពត្រជាក់ត្រជំរុងរឿង ពោរពេញដោយសុភមង្គល និងសិរីសួស្តី។ ជាពិសេសទឹកនេះបានធ្វើឲ្យជីវិតរស់នៅជាអមតៈ។

ចំណែកនៃការបង្ហាញម្យ៉ាងទៀតនោះ គឺទឹកជាមេនៃជីវិត ដែលធាតុទឹក បានដើរតួសំខាន់ក្នុងការទ្រទ្រង់ជីវិត មនុស្ស សត្វ និងរុក្ខជាតិ។ ពាក្យថាទឹកនេះចាស់បុរាណ បានប្រើប្រាស់ដូចជា ទឹកចិត្ត, ទឹកដៃ, ទឹកសំដី, ទឹកដម ដែលបានបង្ហាញនូវភាពល្អ គួរឲ្យសរសើរ និងគួរឲ្យចង់នែបនិត្យ។ ជាមួយនេះដែរក៏មានពាក្យថាទឹកអង្គបំពង់ខ្ចី, ទឹកដោះ, ទឹកកាម ដែលទឹកជាមេជីវិត និងទ្រទ្រង់ជីវិតសត្វលោកឲ្យមានអត្តិភាពនៅលើផែនដីនេះជាអមតៈ។

ចំពោះពាក្យថាទឹកមន្តជាការសូត្រផ្លុំ ឬជាការកូរទឹកតាមរយៈការបញ្ជូលគ្នាជាមួយអាគមគាថា និងបាលីដែលជាខ្លឹមសារបញ្ជាក់ថា ឲ្យបានសុខសប្បាយរីករាយ មានសុភមង្គល ថ្កុំថ្កើន។ ជាពិសេសឲ្យបានគេចផុតពីគ្រោះ ភយន្តរាយ ទាំងពួង ឬឲ្យឧបទ្រពទាំងឡាយបរវាសចៀសចេញឆ្ងាយទៅ។

ជាក់ស្តែងដូចបច្ចុប្បន្ននេះគេតែងនិយាយថា ព្រះសង្ឃសូត្រមន្ត និងព្រះសង្ឃបាចទឹកមន្ត ឬប្រោះព្រំទៅលើរថយន្តទើបតែទិញថ្មី យាន្តជំនិះថ្មី ផ្ទះថ្មី និងគូស្រករថ្មី….។ បានសេចក្តីថា ទាំងការស្រោចទឹក, ទាំងការសូត្រមន្ត ឬទាំងការ រលាស់ទឹកមន្តនោះមានន័យថាជាការមាន «មន្តដ៏សក្តិសិទ្ធិ» ដែលជាការនិយមក្នុងសង្គមខ្មែរ។ ជាពិសេសប្រជាពលរដ្ឋខ្មែរនិយមនិមន្តព្រះសង្ឃសូត្រមន្តនៅតាមផ្ទះមុនពេលចូលឆ្នាំថ្មីមកដល់។

កាលពីសម័យបុរាណ ដូចជាសម័យអង្គរជាដើមនោះ គឺព្រាហ្មណ៍ ឬអាចារ្យ ជាអ្នកមានតួនាទីខាងប្រោះព្រំទឹកមន្ត។ ចំណែកឯក្នុងសម័យបច្ចុ្បន្ននេះគេតែងនិមន្តព្រះសង្ឃ សូត្រមន្ត និងប្រោះព្រំទឹកមន្ត ព្រមទាំងនិមន្តព្រះសង្ឃស្រោចទឹកទៀតផង។ បានសេក្តីថា បច្ចុប្បន្ននេះ មានតែព្រះសង្ឃ និងលោកអាចារ្យជាអ្នកចេះចាំធម៌អាថ៌នោះទេ ទើបគេនិមន្ត និងអញ្ជើញឲ្យប្រោះព្រំទឹកមន្ត។

គេតែងបានកត់សំគាល់បន្តទៅទៀតថា ចំពោះអ្នកដែលមានទុក្ខព្រួយ កង្វល់, អ្នកមានគ្រោះវិបត្តិ ដោយសាររកទទួលទានខាត, ការកំសត់ព្រាត់ប្រាស់កូនចៅ… តែងនិមន្តព្រះសង្ឃ សូត្រមន្តរំដោះគ្រោះ ឬប្រោះព្រំលើករាសី ដោយសារឃើញ ឧបទ្រពចង្រៃកុំឲ្យបៀតបៀន ញំាញីទៀត។

ម្យ៉ាងទៀតកន្លងមក កូនសិស្សជិតប្រឡងក៏មានការរៀបចំសូត្រមន្ត ឬស្រោចទឹកមន្តដែរ។ ទទ្ទឹមនេះចំពោះកងទ័ព ដែលរៀបចំខ្លួនចូលសមរភូមិ ក៏គេឃើញមានពិធីនិមន្តព្រះសង្ឃថ្នាក់ខ្ពស់ៗមកប្រោះព្រំទឹកមន្តដើម្បីឲ្យកងទ័ពប្រយុទ្ធប្រកបដោយជោគជ័យ និងបានសុខសប្បាយ ចាកផុតពីឧបសគ្គតូចធំ ទំាងអស់ផងដែរ។ មានន័យថា«អាគមផ្សំអាយុ គឺឆន្ទៈរួមផ្សំនឹងជំនឿក្រៅខ្លួននោះទើប មានជោគជ័យ និងមានវឌ្ឈភាព»៕ (ដោយ៖ លី​ ហាក់សេង)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com