លិខិតមិត្តអ្នកអាន៖ «អាមេរិកចោទកម្ពុជានិងចិន​ ដើម្បីបិទបាំងផែនការសម្ងាត់​របស់ខ្លួន​ជាមួយស្រីល័ង្កា​និង​អូស្ត្រាលី​!​»

យប់មិញ ពេលខ្ញុំឃើញកាសែត បរទេស២គឺ South China Morning Post និង The Business Insider Australia ចេញផ្សាយនូវអត្ថបទអំពីការបែកធ្លាយនូវកិច្ចព្រមព្រៀងសម្ងាត់ក្នុងការដាក់ និងពង្រីកវត្តមានយោធាជើងទឹកអាមេរីកនៅក្នុងប្រទេស ស្រីល័ង្កានិងអូស្ត្រាលី ខ្ញំពិតជាជឿថា ទេវតាពិតជាមានភ្នែក មែននិងតាមការពារអ្នករងគ្រោះដោយអំពើអយុត្តិធម៌ ហើយផ្តន្ទាអ្នក ប្រព្រឹត្តទង្វើអាក្រក់ដែល ពោរពេញដោយពុតត្បុតមែន។

ប្រទេសកម្ពុជានិងប្រជាជនខ្មែរយើងពិតជាមានបារមីតាមជួយការពារថែរក្សាយ៉ាងពិត ប្រាកដ។ ល្បែង​ឆ្ពិនភ្នែកដ៏អាក្រក់ «ស្វាស៊ីបាយរួចលាបមាត់ពពែ»ដោយ សុខចិត្តទម្លាក់កំហុសលើអ្នកដទៃដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរបស់ខ្លួនត្រូវបានវែកមុខនិងបកអាក្រាតជាសាធារណៈអោយគេបានដឹងលឺខ្ទរខ្ទារពេញពិភពលោកហើយ។

«យោធាសហរដ្ឋអាមេរិកគ្រោងនឹងពង្រីកផែនការធ្វើនាវាចរថ្មីជាសម្ងាត់ដែលមានទឹកប្រាក់ 305 លានដុល្លារនៅប្រទេសអូស្ត្រាលី ប៉ុន្តែ គ្មាននរណាម្នាក់ចង់និយាយអំពីរឿងនេះនោះទេ» នេះគឺជាចំណងជើងនៃអត្ថបទរបស់​កាសែត​អនឡាញ​ The Business Insider Australia ដែលចេញផ្សាយកាលពីថ្ងៃទី ៣០ កក្កដានេះ។ យោងតាមខ្លឹមសារនៃកាសែតនេះ ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាចំណាយថវិកា 305.9 លានដុល្លារ សម្រាប់​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​កងទ័ពជើង ទឹកនៅ Darwin ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុង​ប្រទេស​អូស្ត្រាលី​។​

ប្រភពដដែលក៏បានឲ្យដឹងថា យោងតាមសេចក្តី ព្រាងច្បាប់របស់សភាអាមេរិកដែលទូរទស្សន៍អូស្ត្រាលី ABC ទទួល បាន គឺទឹកប្រាក់ចំនួន 211.5ដុល្លារអាមេរិក ត្រូវបានគេគ្រោងសម្រាប់សាងសង់មូលដ្ឋានកងទ័ពជើងទឹកអាមេរីកនៅរដ្ឋធានីភាគខាងជើងនៃប្រទេសអូស្ត្រាលីដោយនៅរង់ចាំតែការអនុម័តយល់ព្រមពីសមាជិកសភាអាមេរិកតែប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់ដដែលនេះក៏បានបញ្ជាក់ថា សំណង់យោធាត្រូវបានសាងសង់នៅចំណុចជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងនៅកោះ Guam និង ជប៉ុន។ គំរោង Darwin គឺជាគំរោងដែលថ្លៃជាងគេលំដាប់ទី2 នៅក្នុងច្បាប់នេះបន្ទាប់ពីគំរោង Guam ដែលមានតំលៃខ្ពស់ជាងបន្តិចគឺ 327 លានដុល្លារ។ គម្រោង នេះបានកើតឡើង នៅ ពេលដែលភាពតានតឹងរវាងប្រទេសមហា អំណាចពិភពលោក ទាំងពីរនៅសមុទ្រចិនខាងត្បូងនិងប៉ាស៊ីហ្វិកកាន់តែរីកធំឡើងៗ។

កាលពីសប្តាហ៍មុន នាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីប្រទេសចិនបានព្រមានថា ខ្លួននឹងប្រើកងកម្លាំងដើម្បីការពារផលប្រយោជន៍ របស់ខ្លួន។ ​ប្រសិន​បើ​គម្រោង ​Darwin នេះ​ត្រូវបានអនុម័ត​ នេះ​គឺជាគម្រោងអភិវឌ្ឍយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅប្រទេសអូស្ត្រាលីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាបែបនេះក្តី ក៏អាជ្ញាធរនៃប្រទេសទាំង២គឺអាមេរីកនិង អូស្ត្រាលីស្ទាក់ស្ទើរក្នុងការនិយាយអំពីគម្រោងសម្ងាត់នេះ។

ទោះជាយ៉ាងណា គម្រោង Darwin បាន បង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងរបស់ សហរដ្ឋអាមេរិកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងវិស័យការពារជាតិដែលមានតម្លៃ 2ពាន់លានដុល្លារ ដើម្បី​ពង្រឹងវត្តមានរបស់ខ្លួននៅភាគខាងជើងអូស្ត្រាលី។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមាន ដែនអាកាស កន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។

សហរដ្ឋអាមេរិកក៏កំពុងតែផ្តល់មូលនិធិដល់គម្រោង មួយនៅ Geraldton នៅភាគខាងលិចអូស្ត្រាលីហើយកាលពីឆ្នាំមុន ក៏បានបញ្ជូនកងម៉ារីនអាមេរិកជាង 1,500 នាក់ ដែលជាការដោះដូរ កង​កម្លាំង​ជើងទឹកអាមេរិកដ៏ធំបំផុតមិនធ្លាប់មាននៅអូស្ត្រាលី។ សហរដ្ឋអាមេរិកក៏បានធ្វើប្រតិបត្តិការណ៍ Pine Gap រួចទៅហើយដែលជាមូលដ្ឋានស៊ើបការណ៍ដ៏សម្ងាត់របស់ខ្លួននៅ Alice Springs ហើយក៍នៅ មានកិច្ចព្រមព្រៀងជា មួយរដ្ឋាភិបាលអូស្រ្តាលីក្នុងការ ប្រើប្រាស់ មូលដ្ឋានទ័ពអាកាសអូស្ត្រាលី RAAF ថែមទៀត។ បញ្ហានេះវាបានកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់​ពីរដ្ឋា​ភិ​បាល​សហ​រដ្ឋអាមេរិក​ និង អូស្រ្តាលី​បានសម្តែងការព្រួយបារម្ភចំពោះព័ត៌មានដែលថា មានកិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសកម្ពុជានិងចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិនចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា​នៅជិតក្រុងព្រះសីហនុ។ ឥឡូវនេះ ក៏បែរជាមាន ការលេចធ្លាយមកថា គឺកងទ័ពអាមេរិកនិងអូស្ត្រាលីខ្លួនឯងឯណោះទៅវីញទេដែលបានចុះកិច្ចព្រមព្រៀងសម្ងាត់របស់ខ្លួន។

ព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ The Business Insider Australia គឺជាពន្លឺដែលទម្លុះទម្លាយភាពមន្ទិល សង្ស័យទាំងឡាយជុំវិញការបង្កើតនិងប្រឌិតព័ត៌មានថា កម្ពុជានិងចិន បានចុះហត្ថលេខាសម្ងាត់ដែលអនុញ្ញាតឲ្យចិន ប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ ព័ត៌មានមិនពិតនេះត្រូវបានភាគីកម្ពុជានិងចិន បដិសេធជាផ្លូវការរួចហើយ។ ហើយអាជ្ញាធរកម្ពុជាថែមទាំងបាននាំក្រុមអ្នកកាសែតជាតិនិងអន្តរជាតិអោយទៅពិនិត្យដល់ កន្លែងជាក់ស្តែងទៀតផង។

ប៉ុន្តែ ក៏នៅមានអ្នកជឿលើ ព័ត៌មានប្រឌិតនេះ ហើយបន្ដដាក់ការសង្ស័យចោទប្រកាន់មកលើកម្ពុជានិងចិនពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។មជ្ឈដ្ឋានក្រុមប្រឆាំងបម្រើបរទេសក៏នៅ តែបន្តយកបញ្ហាមិនពិត ដែលគេប្រឌិតឡើងនេះធ្វើជាប្រធានបទនៃការឃោសនាបង្ខូចបង្កាច់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដដែលដូចដែល ប្រជាជនបារាំងតែងតែ និយាយថា « Qui se resemble, s’assemble » « ឆ្នាំងណាគ្របហ្នឹង » ។ ប៉ុន្តែ ក្រោយពីបានអានអត្ថបទរបស់កាសែតបរទេសទាំង២នេះ ខ្ញុំពិតជាអាចយល់បានយ៉ាង ច្បាស់ហើយថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្កើតព័ត៌មានក្លែងក្លាយនេះឡើង។ ចម្លើយដ៏សាមញ្ញនិងងាយយល់បំផុតនោះ គឺដើម្បីបង្វែរសភាពការណ៍ឲ្យសាធារណៈមតិជាតិនិងអន្តរជាតិ ងាកមក ចាប់អារម្មណ៍លើ កម្ពុជានិងចិនដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរបស់ខ្លួនជាមួយអូស្ត្រាលីនិងស្រីល័ង្កា។

ប៉ុន្តែ ពាក្យចាស់បូរាណ ពោលថា «ដំរីស្លាប់មិនអាចយកចង្អេបាំងបានឡើយ រឺ ក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានដែរ » ពោលគឺ ការពិតនៅតែជាការពិត។ ទីបំផុត ល្បិចកលទុច្ចរិតនេះត្រូវបានបំបែកដោយ សារព័ត៌មាន The Business Insider Australia និង South China Morning Post យ៉ាងទាន់ហន់បំផុត។

ម៉្យាងវីញទៀត ខ្ញុំក៏កាន់តែអាចវាយតំលៃបានកាន់តែច្បាស់ជាក់ស្តែងថែម ទៀតថា ការលើកឡើងច្រំដែលៗមិនចប់មិនហើយអំពីបញ្ហាថា កម្ពុជាគ្មានប្រជាធិប្បតេយ្យនិងសិទ្ធមនុស្សនិងការរំលាយអតីតបក្សប្រឆាំងគឺវាគ្មានអ្វីក្រៅតែយកធ្វើជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាផងហើយក៏ជាឈ្នាន់បំរើអោយផែនការក្នុងការបង្កើ តបក្សអាយ៉ងរបស់ខ្លួនមួយនៅកម្ពុជាក្នុងគោលដៅបំរើអោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អាមេរីកតែប៉ុណ្ណោះ ។

ចុងក្រោយនេះ ដើម្បីជាផ្នែកមួយនៃការបង្វែរការចាប់អារម្មណ៍និងបន្លំភ្នែកសាធរាណៈមតិ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏ទើបតែបានបង្កើតបញ្ហាថ្មីមួយទៀតនៅថ្ងៃ ៣០ កក្កដានេះដែរតាមរយៈការបញ្ចេញអត្ថបទវាយតម្លៃសភាពការណ៍បោះឆ្នោតនៅកម្ពុជាដែលផ្ទុយស្រឡះពីការពិត។ ការបង្កើតព័ត៌មានអកុសលជាបន្តបន្ទាប់អំពីកម្ពុជា ពិតជាមានបំណង ច្បាស់លាស់ដោយប្រើប្រាស់យុទ្ធសាស្ត្រ កូរទឹកឲ្យល្អក់ដើម្បីបំពុលត្រី ឬនិយាយបែបផ្សេង គឺការ«ប្រើល្បិច ចោរស្រែកឲ្យគេចាប់ចោរ»។

ទោះយ៉ាងណា កម្ពុជាក៏មិនមែនជាត្រីក្នុងបឹងហើយក៏មិនបណ្តោយខ្លួនឲ្យគេវាយធ្វើបាបដោយចោទថាខ្លួនជាចោរនោះដែរ។ កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វ័យការពារដើម្បីរក្សាសុខសន្តិភាពនិង ដើម្បីជៀសផុតពីល្បែងហ្គេមស៊ីដាច់របស់បរទេស «Zero Sum Game»។ ​ពេល​នេះ ​អាប៉ោង​បើក​គ្របហើយ​។ ​ល្បែងហ្គេមក៏ល្មមអាចចប់ត្រឹមនេះដែរ។ សូមចងចាំថា ក្នុងយុគសម័យនេះ ប្រទេសណាក៏គិតពីប្រយោជន៍របស់ខ្លួនជាធំដែរ។ ក្នុងបរិបទពិភពលោកពហុប៉ូល ចង្ទុលបង្អែកក៏មានច្រើន មិនមែនមានតែមួយគត់ ដូចពីមុនទៀតទេ។

ដូច្នេះ កុំសូម្បីតែ ប្រយោជន៍របស់ខ្លួន សុខចិត្តមួលបង្កាច់ ជាន់ពន្លិចប្រទេសតូចតាច ព្រោះនយោ​បាយទុច្ចរិតនិងទង្វើបែបនេះមិនខុសអ្វីពីការបាចអង្កាមបញ្ច្រាសខ្យល់នោះឡើយ។ បទពិសោធន៍ពី​អតីត​កាល ​និងបទពិសោធន៍នៃពិភពលោកថ្មីៗ គឺជា មេរៀនគ្រប់គ្រាន់សម្រាប់កម្ពុជា។ ល្បិចចោទប្រកាន់អ្នក ដទៃដើម្បីបិទបាំងផែនការទុច្ចរិតរបស់ខ្លួន យូររឺឆាប់ វាគង់តែបែក ធ្លាយចេញមកនូវការពិត ​ជាពិសេសក្នុងយុគ្គសម័យនៃសាកលភាវូបនីយកម្ម ​និង​ឌីហ្ស៊ី​តាល់​៕

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង