​លិខិត​មិត្ត​អ្នកអាន​៖ «​យុទ្ធសាស្ត្រ​តាម​វ៉ៃ​ដល់ផ្ទះ​របស់លោក ហ៊ុន សែន ដាក់​សម រង្ស៊ី ឲ្យ​ស្ថិតក្នុង​ភាព​ឯកោ​!»

​ខ្ញុំ​យល់ថា​ បើ​និយាយ​នៅ​ស្រុក​ខ្មែរ​ អាច​លោក សម រង្ស៊ី និង​បក្សពួក​មួយ​ក្តាប់​តូច​ យល់ច្រឡំ​ ហើយ​បកស្រាយ​មក​វិញ​ថា លោក​ ហ៊ុន សែន​ ហ៊ាន​តែ​ពីចម្ងាយ​។ ប៉ុន្តែ កាលពី​យប់​ថ្ងៃ០៤​កក្កដា ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​និយាយ​នៅលើ​ទឹកដី​អឺរ៉ុប​តែម្តង ​នៅក្បែរ​កន្លែង ​ដែល លោក សម រង្ស៊ី កំពុង​រស់នៅ​។

ពី​ទីនោះ លោក ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់ៗ​ដូច​ថ្ងៃ ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង
​ភ្នំពេញ ​ពាក់ព័ន្ធ​នឹង «​សិទ្ធិ​ស្វ័យការពារ និង​ស្វ័យ​សម្រេច​របស់​កម្ពុជា » ក្នុង​ចំណាត់​ការប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​មានទោស​ជាប់​ខ្លួន ​ហើយ​រត់គេច​ពី​គុក​។

សម្រាប់​លោកនាយក​រដ្ឋមន្ត្រី វា​ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​ ប្រសិនបើ​ទណ្ឌិត ​ដែល​រត់ចោល​គុក​យល់ព្រម​វិល​មក​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​ ព្រោះ​លោក ហ៊ុន សែន​បាន​ប្រាប់ថា ​គុក និង​ខ្នោះដៃ ​បាន និង​កំពង់​​រង់ចាំ​ឈ្មោះ សម រង្ស៊ី ដែលមាន​ដីកាចាប់ខ្លួន របស់​តុលាការ​រួចហើយ​។​

​ខ្ញុំ​កត់សំគាល់​ឃើញថា មួយ​រយៈចុង​ក្រោយនេះ លោក សម រង្ស៊ី ដែល​តែងតែ​យក​បរទេស​ជាទី ពឹង​បាន​ឃោសនា​ថា​ នឹងមានតំណាងរាស្ត្រ​អឺរ៉ុប​ ៦​នាក់ ​អមដំណើរ​រូបគាត់​ ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ខែកញ្ញា​ ២០១៩ ​ខាងមុខ​នេះ​។

ប៉ុន្តែលោក សម រង្ស៊ី ហាក់ដូចជា​ភ្លេច​គិតថា ចេញពី​ប្រទេសមួយ​ ចូលទៅ​ប្រទេស​មួយទៀត​ជនបរទេស ​មិនអាច​ដើរ​ចេញចូល​ប្រទេស​ផ្សេង ​បាន​ស្រេច​តែ​តាម​ក្បាលវ៉ាល់​ខ្លួនឯង ចង់​នោះ​ឡើយ ​ប្រសិនបើ​គ្មាន​ទិដ្ឋាការ​ចូល​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាស្រេច​ថា ប្រសិនបើ​កម្ពុជា​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ទេ តំណាងរាស្ត្រ​អឺរ៉ុប​ ដែល​ចង់​ដង្ហែ​ សម រង្ស៊ី​ ទៅ​ចូល​គុក​នោះ ​មិន​អាចមក​កម្ពុជា​បានឡើយ​។

ហើយ​ទោះជា​កម្ពុជា​ជ្រុល​ផ្តល់​ទិដ្ឋាការ​ជូន​រួចហើយ​ក៏ដោយចុះ ប៉ុន្តែ ពេល​ទៅ​ជាន់​ទឹកដី​កម្ពុជា អាជ្ញា​ធរមាន​សមត្ថកិច្ច​ នឹង​នាំខ្លួន​តែ​ទណ្ឌិត ​និង​អ្នក​ផ្សេងទៀត ដែលមាន​ដិ​កា​ចាប់ខ្លួន​របស់​តុលាការ​ទៅ​ញាត់​ក្នុង​គុក។ ចំណែកឯ​​ជនបរទេស ឬ​អ្នក​មិន​ពាក់ព័ន្ធ​ផ្សេងទៀត អាច​ទៅ​សម្រាក​នៅ​សណ្ឋាគារ​យ៉ាង​រំភើយ និង​អាចធ្វើ​ទេសចរណ៍​បាន​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​បាន​តាមចិត្ត​ចង់​។

និយាយ​ដោយ​ខ្លី បើ​ហ៊ាន​ជាន់ដី​កម្ពុជា​ពេលណា សម រង្ស៊ី នឹងត្រូវ​សមត្ថកិច្ច​ក្រៀក​ចូល​គុក​នៅ ពេលនោះ​ភ្លាម ​ដោយ​គ្មាន​ការលំបាក​ឡើយ​ ពោលគឺ​ងាយស្រួល ដូច​បក​ចេក​មិន​ថា​គុក​ព្រៃ​ស
​ត្រពាំង​ផ្លុ​ង ឬ​គុក​ណាមួយ​ផ្សេងទៀត​នោះឡើយ​។​

សារ​ដ៏​ច្បាស់លាស់​ជាថ្មី​ម្តងទៀត​នេះ​របស់លោក ហ៊ុន សែន ដែល​ឥតមាន​អ្វី​ប្រែប្រួល​សោះ​នោះ​គឺ «​កម្ពុជា​ដាច់ខាត​មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ប្តូរ​នឹង​ជំនួយ​ឡើយ​»​ ព្រោះ​សម្រាប់​​រដ្ឋាភិបាល​​ភ្នំពេញ ​គឺមាន​ការ យល់​ និង​សន្ម​ត់​ច្បាស់​ណាស់​ថា​៖ «​ទោះ​មាន EBA ក៏​កម្ពុជា​មិន​ក្លាយជា​អ្នកមាន ហើយ​បើ​អត់ EBA ក៏​កម្ពុជា​មិន​ដាច់ពោះ​ស្លាប់​នោះដែរ​។ កម្ពុជា​មិន​បារម្ភ​ពី EBA ទេ​តែ​បារម្ភ​ពី​ភាព​ស្ពឹកស្រពន់​របស់​មន្ត្រី​»​។ នេះ​ជាស​ម្តី​បង្កប់​ដោយ​ភាពម៉ឺងម៉ាត់​មុត​ស្រួច​របស់លោក​ហ៊​ន សែន​ទៅ​កាន់​​ពលរដ្ឋ​ខ្មែរ​ក្នុងប្រទេស​ស្វី​ស ​និង​នៅ​អឺរ៉ុប​ ដែល​បានមក​ជួបជុំគ្នា​ទទួល​គាត់​។

ហើយ​សា​រគ​ន្លិះ របស់លោក​ហ៊ុន សែន​ដែល​បរទេស​តែងតែ​ហៅ​គាត់​ថា​ជា​បុរស​ខ្លាំង ​Strongman ​ នោះ​គឺ «​បើ​អឺរ៉ុប​ផ្តាច់ EBA មាន ន័យ​ថា អ្វីដែល​សហភាព​អឺរ៉ុប បាន​ជួយ​កម្ពុជា​កន្លងទៅ​ប្រៀបដូចជា​អំបិល​ត្រូវ​ទឹក​»​។ សំខាន់​ជាង​នេះ សហភាព​អឺរ៉ុប​ នឹង​រួមចំណែក​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​ផ្កាប់មុខ​ចប់សព្វ​គ្រប់​តែម្តង​ ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​មុខ​អ្វី​មក និយាយ​ជាមួយ​រដ្ឋាភិបាលភ្នំពេញ​ទៀតឡើយ​»​។

​ការប្រកាស​គោលជំហរ​ច្បាស់លាស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ នៅលើ​ទឹកដី​អឺរ៉ុប​ អាច​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ​តាម​វ៉ៃ​ដល់ផ្ទះ គឺ​វ៉ៃ​ក្រុមប្រឆាំង ​ដល់​ក្បែរ​ជម្រក​របស់​ពួកគេ​តែម្តង​។ ​​សារ​នេះទៀតសោត​ក៏​បានទទួល​ការ​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ពលរដ្ឋ​ខ្មែរ​ នៅ​អឺរ៉ុប​ ប្រមាណ​ជាជាង ១០០០ នាក់ ដែល​មក​ទទួលលោកនាយក​រដ្ឋមន្ត្រី​នៅប្រទេស​ស្វី​ស​ផងដែរ​។

​ចំនួន​អ្នក​ចេញមក​ទទួល​ ដែលមាន​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ក៏​អាច​ស​បញ្ជាក់ថា បងប្អូន​ខ្មែរ នៅក្រៅ​ប្រទេស​ភាគច្រើន​លើសលប់ ​លែង​ឆោតល្ងង់​ចាញ់បោក​លោក សម រង្ស៊ី ទៀត ហើយដោយ​ពួកគេ ​បាន​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ​ដែល​កំពុង​ខិតខំ​
​ការពារ​ និង​កសាង​ប្រទេស ​ឲ្យ​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ​។

​ការបាត់បង់​ការគាំទ្រ​យ៉ាងគំហុកនេះហើយ ​ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី ​រក​មនុ​ស្សមក​ធ្វើបាតុកម្ម ប្រឆាំង​លោក ហ៊ុន សែន លែង​បាន ​ខុស​ឆ្ងាយ​កាលពីមុន​។ នេះ​ជា​សញ្ញា​បញ្ជាក់ថា ក្រុមប្រឆាំង​ប្រហែលជា​បាន​ដើរ​ដល់​ថ្ងៃ​អ​វ​សាន្ត​ហើយ​។​

​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅឯ​ទីក្រុង​ហ្សឺ​ណែវ ​កាលពី​យប់​ថ្ងៃទី៤ កក្កដា ក៏បាន​បញ្ជាក់​យ៉ាងច្បាស់ អំពី​សិទ្ធិ​ស្វ័យ​សំរេច​របស់​កម្ពុជា ចំពោះ​សន្តិភាព​និង​ស្ថិរភាព​ ​សេដ្ឋកិច្ច ​ដែល​គាត់​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា ​ត្រូវតែ​ការពារ​ឲ្យ​បាន ​ទោះជា​ក្នុងតម្លៃ​ណា​ក៏ដោយ​។ ម្យ៉ាងទៀត ប្រការនេះ​ ក៏បាន​បញ្ជាក់​អំពី​សិទ្ធិ​ស្វ័យសម្រេច​របស់​កម្ពុជា​ ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ​ដោយ​គ្មាន​អ្នកណា​មាន​ឥទ្ធិពល​មកលើ​សិទ្ធិ​នេះ​បានឡើយ​។​

​​ខ្ញុំ​យល់ថា​សម្តី​ម៉ាត់ៗ​របស់លោក​នាយករដ្ឋមន្ត្រី ​ពី​ហ្សឺ​ណែវ​ ក៏​ជា​សារ​ ដែល​ដាក់​ឲ្យ សម រង្ស៊ី និង​គូកន​មួយ​ក្តាប់​តូច ​ស្ថិតក្នុង​ភាព​ទល់​ជញ្ជាំង ​និង​ឯកោ​កាន់តែខ្លាំង​។

ខ្ញុំ​ហ៊ាន​ស​ន្និ​ដ្ឋាន​ថា ឯកោ​ដោយសារ​ការ​រំពឹងថា​អាចមាន​តំណាងរាស្ត្រ​អឺរ៉ុប​ហែរ​ហម ​ទៅកាន់​ប្រទេស​កម្ពុជា​ គឺ​មិនអាច​ទៅរួច​នោះឡើយ​ បើសិនជា​កម្ពុជា ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​តំណាងរាស្ត្រ​អឺរ៉ុប​ទាំងនោះចូល​។

ហើយ​ទោះ​ជាមាន​ទិដ្ឋាការ ក៏​ពួកគេ ​មិនអាច​ការពារ សម រង្ស៊ី និង​គូកន​ ដែលមាន​ដី​កា​ចាប់ខ្លួន បានដែរ ពីព្រោះ​ទី​១​ គឺគ្មាន​សិទ្ធិ និង​ទី​២​ គឺ​មិនអាច​ធ្វើបាន​ ពីព្រោះ​ទីនេះ​ជា​ដែន​អធិបតេយ្យភាព របស់​កម្ពុជា ​ដែល​ស្ថិតក្រោម​​ច្បាប់​របស់​កម្ពុជា​។

ហើយ​ឯកោម្យ៉ាងទៀត គឺ អ្នកគាំទ្រ​របស់លោក​សម រង្ស៊ី បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ​ទាំង​នៅក្រៅ​ប្រទេស ​និង​នៅក្នុង​ប្រទេស​។​

នៅក្រៅ​ប្រទេស​ រក​មនុស្ស​មក​ធ្វើបាតុកម្ម​ លែង​ចង់បាន​ហើយ ​ខណៈដែល​នៅក្នុង​ប្រទេស​ ក៏​គ្មាន​អ្នកណា​ចេញមក​គាំទ្រលោក​សម រង្ស៊ី ទៀត​ដែរ​ ដោយសារតែ​ការបែកបាក់ និង​អស់ជំនឿ​។​

សរុប​មកវិញ ខ្ញុំ​ឃើញ​បុរស​ខ្លាំង​របស់​កម្ពុជា ​ពិតជា​មនុស្ស​សម្បូរ​ដោយ​យុទ្ធសាស្ត្រ ​និង​យុទ្ធវិធី បែងភាគ​មែន​។ មិន​ថា ​នៅក្នុង ឬក្រៅប្រទេស លោក ហ៊ុន សែន ​តែងតែ​ដាក់​គូរ​ប្រយុទ្ធ​ឲ្យ​ចុះខ្សោយ និង​ឯកោ​ជានិច្ច​។​

ដូច្នេះ តើ​លោក​ សម រង្ស៊ី បាន​អ្វី​មក​អួត​ក្អែ​ង​ក្អាង​ទៀត ​អំពី​ផែនការវិលត្រឡប់​របស់ខ្លួន ​បើ​ពេលនេះ​តំណាងរាស្ត្រ​សហភាព​អឺរ៉ុប ​ក៏​មិនអាច​ដង្ហែ​មក​បាន។ ចំណែកពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ ក៏​កាន់តែ​អស់ជំនឿ​ ហើយ​ងាក​មក​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​វិញ​អស់​ទៅហើយនោះ​?

រី​នៅឯ​ក្នុងប្រទេស​ឯណេះ​វិញ អាជ្ញាធរមាន​សមត្ថកិច្ច​នៅតែ​ឈរ​យ៉ាងរឹងមាំ​ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកណា​ មក​បង្ក​ភាពចលាចល​បានឡើយ​។

​ខ្ញុំ​យល់ថា​ នេះហើយ​ ជា​តម្លៃពិត នៃ​សិទ្ធិ​ស្វ័យការពារ និង​ស្វ័យ​សម្រេច​របស់​កម្ពុជា​ ដែល​លោក ហ៊ុន សែន ​បាន និងកំពុង​អនុវត្ត​៕

​ដោយ ៖ អ្នកតាមដាននយោបាយ​តុ​កាហ្វេ​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង