សំបុត្រ​មិត្ត​អ្នកអាន​៖ តើ​ចៅហ្វាយខេត្ត​ប៉ុន្មាន​នាក់ ធ្លាក់បុណ្យ​ស័ក្តិ​និង​ត្រូវបាន​ផ្ទេរតំណែង ក្រោម «​អភិក្រម​ទី​៥» នៃ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​!?

(​ភ្នំពេញ​)៖ អង្គភាព​ព័ត៌មាន Swift News ទទួលបាន​សំបុត្រ​ពី​មិត្ត​អ្នកអាន ដែលមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូចតទៅ​៖ រយៈពេល​ជិត​ ១​ឆ្នាំ គិត​ចាប់ពី​ការបង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ភាព​ម៉ឺង​មាត់ រហូតដល់​បំណាច់​ខែមិថុនា ឆ្នាំ​២០១៩​នេះ យ៉ាងហោច​មាន​ចៅហ្វាយខេត្ត ១១​រូប បាន​ធ្លាក់​បុណ្យស័ក្តិ​ និង​ត្រូវបាន​ផ្ទេរតំណែង​ក្រោម «​អភិក្រម​ទី​៥» នៃ​រាជរដ្ឋាភិបាល គឺ «​វះកាត់​»​។ ការធ្លាក់​បុណ្យស័ក្តិ និង​ផ្ទេរតំណែង​ចៅហ្វាយខេត្ត​ទាំងនោះ សុទ្ធ​តែមាន​មូលហេតុ ដោយសារ​ស្នាដៃ​លេចធ្លោ​ជា​វិជ្ជមាន និង​អវិជ្ជមាន​។​

«​ការកែទម្រង់​ខាងក្នុង​» និង​ការ​ហ៊ាន​វះកាត់​លើ​បញ្ហា​ជាក់ស្តែង គឺ​ដើម្បី​ធានា​ប្រសិទ្ធភាព​របស់ រាជរដ្ឋាភិបាល និង ធានា​ផលប្រយោជន៍​រួម​របស់​ប្រទេសជាតិ​។ យើងខ្ញុំ​ប្រជាជន ពិតជា​សូម​សម្តែង​ការអបអរសាទរ​និង​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ថ្នាក់ដឹកនាំ ដែល​ហ៊ាន​វះកាត់ ប្រកបដោយ​ការឈឺចាប់ ចំពោះ​បញ្ហា​ដែល​កើតមាន​កន្លងមកនេះ​។ ខាងក្រោម​នេះ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​អភិក្រម​ទី​៥៖

​ទី​១- ខេត្តតាកែវ​៖ លោក ឡាយ វណ្ណៈ ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​០១ ខែមេសា ឆ្នាំ​២០១៨ តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ឃាតកម្ម លើ​អតីត​ស្រី​កំណាន់ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា នៅក្នុង​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​។ ឯកឧត្តម អ៊ូច ភា ទទួល​តំណែង​ជំនួស​ជា​ចៅហ្វាយ​ខេត្តតាកែវ​។​

​ទី​២-​ខេត្តបន្ទាយមានជ័យ​៖ រឿងអាស្រូវ​ផ្លូវភេទ ក៏​កើតឡើង​ចំពោះ​លោក សួន បវរ អតីត​ខេត្តបន្ទាយមានជ័យ​ដែរ​។ នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ លោក សួន បវរ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តួនាទី​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​។ លោក សួន បវរ មានរឿង​អាស្រូវ​ផ្លូវភេទ ដែល​ស្ត្រី​ម្នាក់ បាន​បើក​កកាយ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​។ លោក អ៊ុំ រាត្រី ត្រូវបានតែងតាំង​ជំនួស​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​ទី​៣- ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រោយ​ការបោះឆ្នោត នា​ខែកក្កដា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​លោក ប៉ែន កុស​ល្យ ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនួស​លោក ស ថា​វី ដែល​ត្រូវ​ប្តូរ​មក​បម្រើ​ការងារ នៅ​ទីស្តីការក្រសួងមហាផ្ទៃ តាម​ព្រះរាជក្រឹត្យ​នេះ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ លោក ស ថា​វី ដល់​អាយុ​ចូលនិវត្តន៍ ហើយក៏​មាន​ល្បី​លេចឮ​ក្នុង​រឿង​ភរិយា​ចុង​របស់គាត់​សម្បើម​ណាស់ដែរ​។

​ទី​៤-​ខេត្តកំពត​៖ ការដូរ​ចៅហ្វាយ​ខេត្តកំពត​នេះ ដោយសារតែ​បញ្ហា​ផ្ទៃក្នុង ដែល​គេ​មិន​ទម្លាយ​ជា​សាធារណៈ​។ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច​លោក ចាន់ ចេស្តា ពី​អភិបាល​ខេត្តកំពត ហើយ​តែងតាំង​លោក ជាវ តា​យ ជា​អភិបាល​ខេត្តកំពត​។​

​ទី​៥-​ខេត្ត​ព្រះសីហនុ​៖ ការដោះដូរ​អភិបាលខេត្ត​ព្រះសីហនុ គឺ​លោក យន្ត មីន កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ដោយសារតែ​ការ​រលំ​បាក់​អគារ​៧​ជាន់ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២៨​នាក់ និង​របួស​២៦​នាក់​។ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ឡើងកាន់តំណែង​ជំនួស​ជា​អភិបាលខេត្ត​ព្រះសីហនុ​។​

​ទី​៦-​ខេត្ត​ត្បូងឃ្មុំ​៖ ដូរ​ចៅហ្វាយខេត្ត លោក លី ឡេង ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍ និង​ក៏​ដោយសារតែ​ការ​ថ្លោះធ្លោយ​រឿង​ត្រួត​មុខងារ​ផ្ទាល់ខ្លួន នោះ​គឺ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ បានតែងតាំង​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​។​

​ទី​៧-​ខេត្តកំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ត្រូវបាន​ផ្ទេរចូលកាន់​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក គួច ចំរើន​។ ពិធី​ប្រកាស​ចូលកាន់​តំណែង​ផ្លូវការ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។ រីឯ​លោក គួច ចំរើន ត្រូវបាន​ផ្ទេរ​ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​។​

​ទី​៨-​ខេត្តព្រះវិហារ​៖ លោក ប្រាក់ សុវណ្ណ អតីត​អភិបាលរង​ខេត្តស្វាយរៀង បាន​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ជំនួស​លោក អ៊ុន ចាន់​ដា ដែល​បាន​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម​។​

​ទី​៩-​សៀមរាប​៖ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង ជា​អភិបាល​ខេត្តសៀមរាប ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ជំនួស​លោក ឃឹម ប៊ុន​សុង​។​

​ទី​១០-​ខេត្តក្រចេះ​៖ លោក វ៉ា ថន ដែលជា​អភិបាលរង​ខេត្តក្រចេះ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត ជំនួស​លោក សរ ចំរុង ហើយ​ពិធី​ប្រកាស​ចូលកាន់​តំណែង បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​។​

​ទី​១១-​ខេត្ត​ប៉ៃលិន​៖ លោក ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត​ប៉ៃលិន ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត ជំនួស​លោក កើត សុធា​។ ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​។​

​ចំពោះ​ខេត្ត​រាជធានី​ដទៃទៀត ដែល​មិនទាន់​ដោះដូរ ​ក្នុង​រយៈពេល ​១​ឆ្នាំ​ដើម​អាណត្តិ​ទី​៦​នេះ អ្វីដែល​បង្ហាញ​ខាងលើនេះ ​អាចជា​ការឆ្លុះបញ្ចាំង​បាន​ថា ​តើ​មួយ​ឆ្នាំនេះ ការធ្លាក់​បុណ្យ ការដូរ​តំណែង ឬ​ឡើង​តំណែង និង​នៅ​តំណែង​ដដែល​ដោយសារ​អី​? រឿង​មួយ​ដែល​មន្ត្រី​ត្រូវ​ប្រុងប្រយ័ត្ន គឺ «​ការធ្វើ​ប្រជា​ភិ​ថុ​ត​ប្រជាជន និង​ការ​ភូតកុហក​ថ្នាក់ដឹកនាំ​»​។ យើង​ទទួលស្គាល់​ឃើញ​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​មនោសញ្ចេតនា​ប្រជាជន​ស្រឡាញ់​លោក គួច ចំរើន​។ ប៉ុន្តែ ក៏​តោង​ត្រូវ​សួរ​ខ្លួនឯង​ថា​៖ តើ​អ្វី​ជា​ស្នាដៃ​លេចធ្លោ ក្នុង​រយៈពេល​១​ឆ្នាំ​របស់ លោក គួច ចំរើន នៅ​ខេត្តកំពង់ចាម​?

​ចំពោះ​អ្នក​បន្ត​នៅក្នុង​តំណែង ក៏ត្រូវ​ធ្វើការ​ឆ្លុះបញ្ចាំង​លើ​សមិទ្ធផល​ស្នាដៃ​របស់ខ្លួន​ដែរ ដើម្បី​មាន​គណនេយ្យភាព​ជាមួយ​ប្រជាជន​, មាន​គណនេយ្យភាព​ជាមួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​, និង​មាន​គណនេយ្យ​ភាព​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ពីព្រោះ​ការរីកចម្រើន​របស់​ខេត្ត​នីមួយៗ គឺមាន​ផល​វិជ្ជមាន​ជះឥទ្ធិពល​ជា​ផលប្រយោជន៍​ទៅ​ឲ្យ​ប្រជាជន ទៅ​ឲ្យ​ខេត្ត និង​ទៅ​ឲ្យ​ប្រទេសជាតិ ព្រមទាំង​រួម​ចំណែក​​បង្កើន​ពង្រឹង​ជំនឿ​ទុកចិត្ត និង​ការស្រឡាញ់​ពី​ប្រជាជន ចំពោះ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ក្រៅពី​ចៅហ្វាយខេត្ត​ ១១​រូប ត្រូវបាន​ដោះដូរ​, ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ក៏មាន​ការកែទម្រង់​ផងដែរ​។ ចំណែកឯ​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី គឺមាន​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មុនដំបូង​គេ​ដែល​ត្រូវបាន​ដកតំណែង​ភ្លាមៗ ក្រោម​គោលការណ៍​អភិក្រម​ទី​៥ គឺ​ «​វះកាត់​» ភ្លាមៗ​។ ការវះកាត់​គឺ​ឈឺចាប់ ប៉ុន្តែ គឺជា​ជម្រើស​ចុងក្រោយ​ដ៏​ល្អ​មួយ​៖ «​ដក​មន្ត្រី​ម្នាក់ ដើម្បី​ប្រសិទ្ធភាព​រាជរដ្ឋាភិបាល គឺ​ប្រសើរ​ជាង​ទុក​គាត់​ម្នាក់ ប៉ុន្តែ​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ថ្កោលទោស​»​។

​ការកែទម្រង់​តាម​វិធានការ «​វះកាត់​» គឺជា​ចំណាត់ការ​មួយ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​។ ជាមួយ​គ្នានេះ ការយក​សុច្ចន​ករល​ទ្ធ​ផល​ការងារ មក​ធ្វើជា​ម៉ែត្រ​វាស់​ត្រួតពិនិត្យ​ជា​រៀងរាល់ឆ្នាំ គឺ​នឹង​រក​ឃើញ​កាន់តែច្បាស់​ថា​៖ «​មន្ត្រី​ណា​ធ្វើ​ការងារ​ជាក់ស្តែង​, មន្ត្រី​ណា​សម្តែង​ស្ពិ​ន​ភ្នែក​» ចំពោះ​ប្រជាជន​ និង​ថ្នាក់ដឹកនាំ​។ នៅពេល​រាជរដ្ឋាភិបាល​ធ្វើបាន​កាន់តែ​ល្អ​ឡើង នោះ​កម្ពុជា មិនត្រូវ​ការ​សំឡេង​ពី​ពួក​ប្រឆាំង​មិនបានការ​នោះទេ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង