នៅ​សាធារណៈរដ្ឋ​កូរ៉េ​ ថ្ងៃ​ទី​១២-​មេ​សា​-២០១៩​នេះ​ ប្រធាន​អង្គភាព​ធានា​រ៉ាប់រង​សុខភាព​ជាតិ​ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ដ៏​ល្អ​មួយ​ជាមួយ​ប្រតិភូ​រាជ​ រដ្ឋាភិបាល​ទទួល​បន្ទុក​ នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​កម្ពុជា

​(​ប្រទេស​កូរ៉េ​)៖​ ឯកឧត្តម​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ នៅ​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​នេះ​បាន​ថ្លែង​ថា​ ៖​ ការ​ចុះ​អនុស្សា​រណៈ​ យោគយល់​គ្នា​នា​ពេល​នេះ​ ក្នុង​គោលបំណង​បង្កើត​ជំនាញ​ទំនាក់ទំនង​ផ្នែក​ ជំនាញ​បច្ចេកទេស​ផ្លាស់​ប្តូរ​បទ​ពិ​សោទ​ន៍​ និង​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ ជំនាញ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ផ្តល់​ឱកាស​សិក្សា​រៀនសូត្រ​តាម​រយៈ​ការ​អនុវត្ត​ជាក់ស្តែង​។​

ឯកឧត្តម​ប្រតិភូ​ ថ្លែង​បន្ត​ថា​៖​ «​តាង​នាម​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និង​បុគ្គលិក​ទាំងអស់​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ចំពោះ​ ​ Dr.YONG-IK​ KIM ​ ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ នា​ពេល​នេះ​»​។​

ឯកឧត្តម​ប្រតិភូ​ថ្លែង​បន្ត​ថា​ ៖​ ការ​ចាប់ដៃ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ទូលំទូលាយ​ ដើម្បី​ពង្រឹង​របប​ធានា​រ៉ាប់រង​សុខភាព​រវាង​ប្រទេស​ទាំង​ពីរ​ នា​ពេល​នេះ​ មិន​ត្រឹមតែ​បង្ហាញ​អំពី​ការ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​អង្គភាព​ទាំង​ពីរ​នោះ​ទេ​ ពោល​គឺ​នៅ​បាន​បង្ហាញ​អំពី​ការ​ទំនាក់ទំនង​ដ៏​ល្អ​ថ្លៃថ្លា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈរដ្ឋ​កូរ៉េ​ ក្នុង​នាម​ជា​អ្នក​ជិតខាង​ និង​ក្នុង​នាម​ជា​បង​ ជា​ប្អូន​ក្នុង​តំបន់​អាស៊ី​នេះ​ផង​ដែរ​។​ឯកឧត្តម​ប្រតិភូ​ សង្ឃឹម​ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ កិច្ចសហការ​រវាង​អង្គភាព​ទាំង​ពីរ​ ពិតជា​សញ្ញាណ​មួយ​នៃ​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ បង្កើន​កម្មវិធី​ និង​បទ​ពិសោធន៍​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍ​របប​ធានា​រ៉ាប់រង​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​បច្ចុប្បន្នកាល​និង​អនាគតកាល​។​

ឯកឧត្តម​ប្រតិភូ​ បាន​បញ្ជាក់​បន្ត​ថា​ ៖ ​ ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត​ក្នុង​សម័យកាល​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​ពេល​នោះ​មេដឹកនាំ​ផ្តាច់​ការ​បាន​បំផ្លាញ​ធនធានមនុស្ស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរតែ​ទាំងស្រុង​។​ក្រោយ​ពី​ទទួល​បាន​នូវ​សុខ​សន្តិភាព​ទូ​ទាំង​ប្រទេស​ ក្រោម​ការ​ជួយ​រំដោះ​ និង​ការ​ដឹកនាំ​ប្រទេស​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ និង​បាន​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ថាមភាព​ និង​សម្រេច​បាន​ជោគជ័យ​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​ដែរ​វិស័យ​មួយ​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​សង្គម​កម្ពុជា​កន្លង​មក​ គឺ​វិស័យ​សន្តិសុខ​សង្គម​ មាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ ដែល​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ទទួល​បន្ទុក​អនុវត្ត​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧​ ។

​ប​.​ស​.​ស​ បច្ចុប្បន្ន​មាន​ការិយាល័យ​តាម​បណ្តា​ខេត្ត​ចំនួន​ ២៤​ និង​ខណ្ឌ​ចំនួន​ ៤​ មាន​មន្ត្រី​ និង​បុគ្គលិក​សរុប​ ១​ ៤១៤​នាក់​ និង​បាន​ដាក់​ឱ្យ​ដំណើ​ការ​របប​សន្តិសុខ​សង្គម​សម្រាប់​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​។​ឯកឧត្តម​ប្រតិភូ​ បាន​ថ្លែង​បញ្ជាក់​បន្ថែម​ទៀត​ថា​ ៖​ សម្រាប់​វិស័យ​ឯកជន​ ផ្នែក​ហានិភ័យ​ការងារ​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០០៨​ ហើយ​មក​ដល់​បច្ចុប្បន្ន​ ប​.​ស​.​ស​ បាន​ចុះបញ្ជី​សហគ្រាស​ចំនួន​ ១២​ ៦៦៣​ និង​មាន​កម្មករនិយោជិត​ចំនួន​ ១​ ៦៣៧​ ៨៧៦​នាក់​ និង​បាន​ផ្តល់​តាវកាលិក​ចំនួន​ ២២០​ ៨៨៩​ដង​-​នាក់​។​ដោយឡែក​ផ្នែក​ថែទាំ​សុខភាព​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៦​ បាន​ចុះបញ្ជី​សហគ្រាស​ចំនួន​ ១០​ ៤១៨​ មាន​កម្មករ​ចំនួន​ ២​ ០០៧​ ២៥២​នាក់​ មាន​កម្មករនិយោជិត​ទៅ​ទទួល​សេវា​ចំនួន​ ២​ ២៥១​ ៨០០​ដង​-​នាក់​ និង​គ្រោង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ផ្នែក​ប្រាក់​សោធន​នៅ​ឆ្នាំ​២០១៩។

​ដោយ​មាន​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​មក​លើ​ ប​.​ស​.​ស​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រគល់​ភារកិច្ច​បន្ថែម​ដល់​ ប​.​ស​.​ស​ ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​អនុវត្ត​របប​សន្តិសុខ​សង្គម​សម្រាប់​វិស័យ​សាធារណៈ​ ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ​ អតីតមន្ត្រី​រាជការ​ និង​អតីត​យុទ្ធ​ជន​ ដែល​មក​ដល់​បច្ចុប្បន្ន​មាន​មន្ត្រីរាជការ​ ៣១៧​ ៥០៩​នាក់​ ត្រូវ​បាន​ចុះ​បញ្ជិកា​ (​មន្ត្រី​សាធារណៈ​ចំនួន​ ២០៧​ ៥១៧​នាក់​ អតីតមន្ត្រី​រាជការ​ចំនួន​ ៥៥​ ២២២​នាក់​ អតីត​យុទ្ធ​ជន​ចំនួន​ ៥៥​ ២៧៧​នាក់​)​ និង​មាន​មន្ត្រី​សាធារណៈ​ អតីតមន្ត្រី​រាជការ​ និង​អតីត​យុទ្ធ​ជន​ ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​បាន​ចំនួន​ ៣១​ ៨៦៤​ដង​-​នាក់​ និង​គ្រោង​អនុវត្ត​ផ្នែក​ហានិភ័យ​សម្រាប់​មន្ត្រី​សាធារណៈ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ផង​ដែរ​។​

ដោយឡែក​ ការ​អនុវត្ត​របប​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​អនុលោម​តាម​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួងសុខាភិបាល​ លេខ​៤៩៧​ ស​.​ហ​.​វ​-​ប្រក​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ស្តី​ពី​តម្លៃ​កញ្ចប់​សេវា​ព្យាបាល​របស់​មូលនិធិ​សមធម៌​សុខាភិបាល​ ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅ​ពេល​សម្រាលកូន​ និង​នីតិវិធី​អនុវត្ត​ចំណាយ​ ព្រមទាំង​បាន​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​បាន​ចំនួន​ ២៣​ ០៤៦​សហគ្រាស​ និង​កម្មករ​ ១២៣​ ៧៩១​នាក់​។​សូម​បញ្ជាក់​ថា​ ការ​ចុះ​អនុសា​រណៈ​យោគយល់​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខ​ណ្ខៈ​ដែល​ប្រតិភូ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ន​ឬ​ស្រ​សួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ចុះ​ទៅ​បំពេញការងារ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​១៥​ មេ​សា​ ​ ឆ្នាំ​២០១៩៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង