ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក បានទាមទារអោយកូរ៉េខាងត្បូង បង្កើនការចំណាយថវិកាអោយបានច្រើនជាងមុន ក្នុងការទ្រទ្រង់វត្តមានយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។
កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងរយៈពេលខ្លីមួយ ស្តីពីការចំណាយរួមគ្នាលើវត្តមានកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។
ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កូរ៉េខាងត្បូងបានបង្កើនការចំណាយថវិការហូតដល់ជិត១០ភាគរយ ស្មើនឹងទឹកប្រាក់ ១.០៣ កោដិវ៉ុន ប្រហាក់ប្រហែលនឹងទឹកប្រាក់ ៨៩០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ទៅតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងត្បូងបានចំណាយថវិកាបដិភាគត្រឹមតែ ៩៦០ ពាន់លានវ៉ុនប៉ុណ្ណោះក្នុងមួយឆ្នាំ ក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែនៅឆ្នាំនេះចំនួនថវិកាបានកើនឡើងដល់ ១.០៣ កោដិវ៉ុន ។
មេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង បានជំទាស់ខ្លាំងណាស់ចំពោះការទាមទារបស់លោក ដូណាល់ ត្រាំ ដែលតម្រូវអោយកូរ៉េខាងត្បូងបង្កើនថវិកាបដិភាគក្នុងការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។
តាមគម្រោងរបស់កូរ៉េខាងត្បូង នៅឆ្នាំ២០១៩នេះ កូរ៉េខាងត្បូងនឹងចំណាយថវិកាបដិភាគនេះ ត្រឹមតែ ៨.២ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណ ១ កោដិវ៉ុន ឫស្មើនឹងទឹកប្រាក់ប្រមាណ៨១៦លានអឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើបាន ។
សូមបញ្ជាក់ជូនថា ទម្រាំតែឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបចរចាគ្នារយៈពេល១០ដង ហើយកាលពីមុន កិច្ចព្រមព្រៀងនេះ មានរយៈពេល៥ឆ្នាំទើបផុតកំណត់ តែនៅឆ្នាំ២០១៩នេះ គឺកិច្ចព្រមព្រៀងមានរយៈពេលតែមួយឆ្នាំទេ ។
អ្នកជំនាញខាងភូមិសាស្ត្រនយោបាយកូរ៉េខាងត្បូងបានអោយដឹងថា មេដឹកនាំកូរ៉េខាងត្បូង ដែលយល់ព្រមបង្កើនថវិកាបដិភាគលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង គឺអាចមកពីហេតុផលនៃកិច្ចចរចារវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ។
មេដឹកនាំកូរ៉េខាងត្បូង អាចមិនចង់អោយមានភាពតានតឹងរវាងកូរ៉េខាងត្បូង និងអាមេរិកនៅមុនពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបចរចាជាលើកទីពីរជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
ហេតុផលមួយទៀត គឺភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានស្ងប់ស្ងាត់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដោយសារតែមេដឹកនាំកូរ៉េខាងជើង និងអាមេរិក បានជួបចរចាគ្នាជាលើកទីមួយនៅប្រទេសសិង្ហបុរី ។
នៅពេលបច្ចុប្បន្ននេះ កងកម្លាំងយោធាប្រមាណ២៨៥០០នាក់របស់សហរដ្ឋអាមេរិក កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ដែលជាការឈរជើងអស់រយៈពេលជិត១០០ឆ្នាំហើយ គឺចាប់តាំងពីក្រោយឆ្នាំ១៩៥៣កន្លងមក ។
វត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង គឺត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាត្បូង និងខាងជើង មានសង្គ្រាមជាមួយគ្នា ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ហើយអតីតមេដឹក នាំកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងអោយអាមេរិកដាកពង្រាយកងទ័ពនៅក្នុងប្រទេសនេះ ដើម្បីការពារពីការវាយប្រហារពីកូរ៉េខាងជើង ។
កិច្ចព្រមព្រៀងនេះហើយ ដែលជាការអនុញ្ញាតអោយមេដឹកនាំរបស់សហរដ្ឋអាមេរិក ដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនដោយស្របច្បាប់នៅលើទឹកដីកូរ៉េខាត្បូង ដោយតម្រូវអោយកូរ៉េខាងត្បូងចេញលុយអោយកងទ័ពអាមេរិកថែមទៀត ៕ លីលី
មតិយោបល់