នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ មាន​ក្រុម​ចោរ​ចាំ​ប្លន់​ ញឹកញាប់​ ធ្វើ​ឲ្យប្រជាពលរដ្ឋ​ កើតក្តី​បារម្ភ​

(​ភ្នំពេញ)​៖​ តារា​សម្ដែង​មួយ​រូប​ ត្រូវ​បាន​ចោរប្លន់​ម៉ូតូ​មិន​បាន​សម្រេច​ នៅ​ចំណុច​ផ្លូវ​ងងឹត​មួយ​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ​ តែ​យក​បាន​កាបូប​ និង​ឯកសារ​របស់​លោក​បាន​សម្រេច​ ដែល​ធ្វើ​អោយ​លោក​បារម្ភ​ពី​រឿង​ចោរ​ធ្វើ​ស៊ី​។​

​ក្នុង​ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​នឹង​១០​នាទី​យប់​ ថ្ងៃ​សុក្រ​ ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ជាប់​វត្ត​ស្ទឹង​មាន​ជ័យ​ បត់​ចុះ​ពី​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​តារា​សម្ដែង​លោក​ ធី​ ចិ​ត្រា​ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ បាន​ថ្លែង​បញ្ជាក់​ថា​ ក្រោយ​ពេល​លោក​បំបែកជួរ​ពី​កម្មវិធី​ហូប​ចុក​តិចតួច​ជាមួយ​មិត្ត​ភ័ក្ត្រ​ ហើយ​ជិះ​ត្រលប់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ​ លោក​ក៏​ច្រ​លំ​ជិះ​កាត់​ច្រក​ផ្លូវ​បេតុង​មួយ​ ជាប់​វត្ត​ស្ទឹង​មាន​ជ័យ​ ហើយ​ជិះ​ទៅ​មុខ​មិន​រួច​ ព្រោះតែ​គេ​ធ្វើ​លូ​។​

​ក្នុង​វេលា​ម៉ោង​កើតហេតុ​ខាងលើ​លោក​ថា​មិន​ស្ងាត់​ណាស់ណា​នោះ​ទេ​ ក៏​ឈប់​ម៉ូតូ​ឈរ​បត់ជើងតូច​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​វិនាទី​ផង​ ស្រាប់តែ​ក្រុម​ចោរ​៣​នាក់​ចូល​មក​ក្បែរ​លោក​ ហើយ​ម្នាក់​សួរ​ថា​ អូន​ឯង​យក​របស់​(​ថ្នាំ​ញៀន​)​ មក​មែន​?​

​តារា​សម្តែង​រង​គ្រោះ​បន្ត​ថា​ លុះ​ពេល​ឆ្លើយ​ថា​ មិនមែន​ទេ​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រតាយប្រតប់​ជាមួយ​លោក​តែ​ម្ដង​ ហើយ​ជនសង្ស័យ​ម្នាក់​បាន​កញ្ឆក់​យក​កាបូប​លុយ​របស់​លោក​ ហើយ​បាន​រើស​ដុំ​ថ្ម​មក​វាយ​លោក​ ចំ​ដៃ​បណ្ដាល​ឲ្យ​លោក​ហើម​ដៃ​ និង​របួស​ដោយ​អន្លើរ​។​ ហើយ​លោក​ស្រែក​ឲ្យ​គេ​ជួយ​ និង​ស្រែក​ឆោឡោ​ឡើង​ ទើប​ក្រុម​ចោរ​ក៏​ស្ទុះ​រត់គេច​ ទុក​ម៉ូតូ​របស់​លោក​វិញ​ រួច​យក​តែ​កាបូប​លុយ​របស់​លោក​ ហើយ​នាំ​គ្នា​រត់គេច​បាត់​ស្រមោល​អស់​។​

​ក្រោយមក​លោក​ក៏​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​ភ្លាមៗ​ ស្រប​ពេល​ដែល​នៅ​ប៉ុស្តិ៍​កំពុង​រៀបចំ​កម្មវិធី​អបអរសាទរ​លោក​ ប៉ុន្តែ​ប៉ូលិស​សូ​ម្បី​តែ​លោក​សុំ​ថត​ឯកសារ​បណ្ដឹង​ និង​សុំ​ថត​សំលេង​ក្នុង​ពេល​ដាក់​បណ្ដឹង​ ដើម្បី​បញ្ជាក់​ថា​ លោក​ពិតជា​បាន​ជូនដំណឹង​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ ក្រោយ​កើតហេតុ​ផង​ តែ​បែរជា​មិន​ត្រូវ​បាន​អនុញ្ញាត​។​

​លោក​ថា​ ខ្លួន​មិន​ស្ដាយ​លុយ​ក្នុង​កាបូប​ប្រមាណ​១៧០​ដុល្លារ​នោះ​ទេ​ ប៉ុន្តែ​លោក​ស្ដាយ​ឯកសារ​មួយ​ចំនួន​ ក្នុង​កាបូប​ ពិសេស​គឺ​កាត​គ្រី​ម៉ូតូ​ដែល​លោក​ប្រាប់​ថា​ ក្រុម​ចោរ​នឹង​អាច​ធ្វើ​ស៊ី​ ប្រសិនបើ​ពួក​ចោរ​សម្អាង​ថា​ខ្លួន​ មាន​កាត​គ្រី​ដើម​ ហើយ​បែរជា​មក​ចោទ​ថា​ ម៉ូតូ​ Nex​ ពណ៌​ស​ ២០១៨​ ដែល​លោក​ជិះ​ប្រចាំ​ថ្ងៃជា​ម៉ូតូ​ទិញ​ត​ពី​ចោរ​ទៅ​វិញ​។​

​ប៉ូ​លី​សបាន​ទាំង​ទាញ​ទូរស័ព្ទ​របស់​លោក​ទៅ​ត្រួតពិនិត្យ​ក្រែង​មាន​ថត​ដោយ​ឯកសារ​ ដោយ​រូប​ប៉ូលិស​ ឬ​ដោយ​សំលេង​ពេល​សន្ទនា​គ្នា​នោះ​ផង​។​ លោក​ថា​ មិន​មាន​ជំនឿ​ចិត្ត​ ក្រោយ​ពេល​ប្ដឹង​នោះ​ ខណៈ​ដែល​លោក​កាន់តែ​មាន​អារម្មណ៍​ភ័យ​ឡើង​ខ្លាច​ក្រុម​ចោរ​ធ្វើ​ស៊ី​ទៅ​វិញ​ថា​ លោក​ប្រើប្រាស់​ម៉ូតូ​គ្មាន​ឯកសារ​ស្របច្បាប់​ ឬ​ម៉ូតូ​ចោរ​ ហើយ​ចោរ​ដែល​មាន​ឯកសារ​ក្នុង​ដៃ​ក្លាយជា​ម្ចាស់​ទៅ​វិញ​។​

​ករណី​ទី​២​ ក្រុម​ចោរ​២​នាក់​ ជិះ​ម៉ូតូ​ ICON​ មួយ​គ្រឿង​ ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ Suzuki​ Let’s​ ពី​នារី​រូប​ស្រស់​ម្នាក់​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ ហើយ​ឌុ​ប​មិត្ត​ភ័ក្ត្រ​ទៅ​ផ្ទះ​ លុះដល់​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​ជួប​ក្រុម​ចោរ​ជិះ​មក​បុក​ឲ្យ​ដួល​ ហើយ​វាយ​មួយ​ដៃ​ រួច​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ ដោយ​សុវត្ថិភាព​ មិន​រំខាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១​ ចេញ​អន្តរាគមន៍​ឡើយ​។​

​ហេ​ត​តុ​ការណ៍​វាយ​ប្លន់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​នឹង​០៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃអាទិត្យ​ ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ផ្លូ​បេតុង​ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​សាមគ្គី​រង្សី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ពី​នារី​រង​គ្រោះ​ ឈ្មោះ​ ពន្ធ​ ដា​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ធ្វើការ​រោងចក្រ​ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​ បាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូប​នាង​និង​មិត្ត​ភ័ក្ត្រ​ បាន​នាំ​គ្នា​ទៅ​រាំ​លេង​កម្សាន្ត​នៅ​ក្លឹ​ប​ស៊ី​ធី​ លុះ​ពេល​ចេញ​មក​វិញ​ រូប​នាង​បាន​ជិះ​ម៉ូតូឌុប​មិត្ត​ភ័ក្ត្រ​បស់​នាង​ ត្រលប់​ទៅ​ផ្ទះ​វិញ​ តាម​ផ្លូវ​បេតុង​ជិត​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន​ លុះ​មក​ដល់​ផ្លូវកែង​មុខ​ក្លោ​ង​ទ្វារ​ចូល​វត្ត​សាមគ្គី​រង្សី​ ជិត​ដល់​ផ្ទះ​ហើយ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​ ICON​ មួយ​គ្រឿង​ (​មិន​ចាំ​ស្លាក​លេខ​)​ មិនដឹង​ជិះ​តាម​មកពីណា​ទេ​ ដោយ​បិទ​ភ្លើង​ម៉ូតូ​ រួច​មក​បុក​ម៉ូតូ​របស់​នាង​ បណ្ដាល​ឲ្យ​ដួល​ ហើយ​ជនសង្ស័យ​ម្នាក់​ ក៏​លោត​ចុះ​មក​ធ្វើ​សកម្មភាព​វាយ​រូប​នាង​មួយ​ដៃ​ ហើយ​បាន​លើក​ម៉ូតូ​របស់​នាង​ជិះ​ចេញ​ទៅ​បាត់​តែ​ម្តង​។​

​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​នោះ​ ម៉ាក​ Suzuki​ Let’s​ ស៊េរី​ឆ្នាំ​២០១៥​ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ មិន​ចាំ​ក្បាល​ ដឹង​តែ​លេខ​កន្ទុយ​ (0481)​ ។​

​ក្រោយ​ពេល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ហើយ​បាន​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ​ នារី​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ ហើយ​ក៏​ត្រលប់​មក​បន្ទប់​ជួល​វិញ​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com