(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហោះព្រះរាជក្រឹត្យអំពីការលុបឈ្មោះ លោក គឹម រស្មី ចេញពីក្របខណ្ឌកងកម្លាំប្រដាប់អាវុធ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចអមដោយសារ «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់» មហាជនបានសម្តែងការគាំទ្រយ៉ាងទំហឹង និងចេញពីដួងចិត្ត។
អ្នកគាំទ្រម្នាក់បានបញ្ចេញទស្សនៈថា «សូមគោរពគាំទ្រការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ សូមគោរពបួងសួងទេវតាតាមថែរក្សាសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ អាយុវែង កម្លាំងមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាច្រើនអាណត្តិទៀត»។
ចំណែកអ្នកគាំទ្រការសម្រេចដ៏ត្រឹមត្រូវចំពោះការអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោនេះ មហាជនបន្តបញ្ចេញទស្សនៈគាំទ្រជាប្តបន្ទាប់ថា៖
«គាត់មោទនភាពជ្រុល សូមទទួលការគោរពចេញពីបេះដូងខ្ញុំបាទ នេះជាការវះកាត់មួយសម្រាប់ជាគំរូដល់អ្នកដទៃ! មានតម្លៃធំធេងណាស់សម្ដេចមា!
ក្នុងនាមខ្ញុំជាពលរដ្ឋដ៏សាមញ្ញម្នាក់ខ្ញុំសូមគាំទ្រចំណាត់ការរបស់ប្រមុខដឹកនាំរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដែលវះកាត់ករណីនេះ…ហើយក៏សូមមន្ត្រីទូទាំងប្រទេសបើបានសុខហើយសូមមានមនសិការជួយរាស្រ្តក្រីក្រផង កុំអួតក្អេងក្អាង និងកុំជាន់អ្នកតូចទាប…កូនចៅសង្ឃឹមលើការដឹកនាំរបស់សម្តេចសង្ឃឹមថាសម្តេចនឹងបន្តវះកាត់ចោលអោយអស់នូវមន្ត្រីអសមត្ថភាពជាបន្តទៀត…សូមសម្តេចមានសុខភាពល្អ…។
ក្នុងនាមក្មួយជាយុវជនគំរូម្នាក់របស់សម្តេចពូ ក្មួយសូមគាំទ្រចំណាត់ការរបស់សម្ដេចពូ ក្នុងការវះកាត់ករណីនេះ ហើយក្មួយក៏ស្នើសុំសម្តេចពូ បន្តវះកាត់សាច់ស្អុយបន្តទៀត បើសិនទុកខ្លាចបង្កទៅជាជំងឺមហារីក។
កុំត្រឹមតែវះកាត់ គួរស្រាវជ្រាវមើលថា តើមានជាប់ពាក់ព័ន្ធនឹងករណីពុករលួយ ឬបទឧក្រិដ្ឋអីផ្សេងដែររឬអត់? រាស្ដ្រមិនស្កប់ចិត្តត្រឹមចំណាត់ការប៉ុណ្ណឹងទេ!
ខ្ញុំយល់អារម្មណ៍សម្តេច ក្នុងនាមជាឪពុក។ កំណែទម្រង់ដែលឈឺចាប់បំផុត គឺមានប្រសិទ្ធភាពបំផុត។ ប្រជាជនយ៉ាងណា នៅជាមួយសម្តេចជានិច្ច ដើម្បីលួងលោមការឈឺចាប់របស់សម្តេចពីការវះកាត់មួយនេះ និងក្រោយៗទៀត មានតែផ្តួលមន្ត្រីអាក្រក់ ទើបមន្ត្រីល្អអាចងើបមុខរួច ហើយអាចបំពេញមុខងារជូនរដ្ឋាភិបាលឲ្យបានកាន់តែប្រសើរ។
ខ្ញុំបាទសូមគាំទ្រពេញទំហឹងចំពោះវិធានការវះកាត់របស់សម្តេច ដើម្បីជាគំរូ និងដើម្បីកុំឲ្យក្លាយជាជំងឺមហារីកគ្រោះថ្នាក់គណបក្សទៅថ្ងៃក្រោយ។
សម្តេចពិតជាមានឧត្តមគតិស្មោះស្ម័គ្រចំពោះរាស្រ្តមែន ប៉ុន្តែទន្ទឹមនឹងដកមន្រ្តីរូបនេះចេញពីក្របខណ្ឌ សូមសម្តេចពិនិត្យមើលរាល់សកម្មភាពមន្រ្តីផ្សេងទៀត ដែលកំពុងយកស្ថាប័នជាតិមកធ្វើអាជីវកម្មបម្រើប្រយោជន៍ខ្លួន ក្រោមរូបភាពជានគរបាលស្របច្បាប់។
ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ សង្ឃឹមថា នេះជាសារដល់មន្ត្រីមួយចំនួន ជាពិសេស អភិបាលស្រុក មេឃុំ ចៅសង្កាត់។
សូមគាំទ្រសម្តេចតេជោ ដើម្បីប្រជាពលរដ្ឋកម្ពុជា សម្តេចបានខិតខំធ្វើពលិកម្ម គ្រប់បែបយ៉ាង សែសិបឆ្នាំកន្លងមក។ សូមជូនពរសម្តេចពុក ទទួលបានការគោរពកោតសរសើរពីប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស។
សម្តេចកំពុងជំម្រះបន្លា ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពបក្ស។ សម្តេចពិតជាអ្នកដឹកនាំវៃឆ្លាតនិងយល់ស៊ីជម្រៅ»។
ក្រៅពីសារបង្ហោះលើហ្វេសប៊ុករបស់សម្តេច ដែលទទួលបានការគាទ្រពីមហាជនគ្រប់ទិសទី, សម្តេចតេជោ បានមានប្រសាសន៍ជាសារសំឡេង តាមបណ្តាញសង្គម ដើម្បីណែនាំដល់មន្ត្រីជាទូទៅថា៖
«ជូនថ្នាក់ដឹកនាំ ក្នុងគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំដទៃៗទៀត ថ្ងៃនេះខ្ញុំសម្រេចចិត្តទាំងការឈឺចាប់ ដើម្បីនឹងដកតំណែង និងបណ្តេញចេញពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខេត្តរតនគិរី។ នៅក្នុងរយៈកាលកន្លងទៅនេះ បានធ្វើបុណ្យខួបកំណើរ ហើយសម្ញែងនូវទ្រព្យសម្បត្តិ។ នេះជាអភិក្រមទី៥ ដែលខ្ញុំត្រូវតែធ្វើ ដោយជៀសវាង និងខានពុំបាន។ បើខ្ញុំមិនធ្វើរឿងនេះ មួយទេ គឺប្រហែលជាខ្ញុំត្រូវលាលែងពីតំណែង»៕ (ផាន់ អាណា)
មតិយោបល់