(កំពង់ចាម)៖ ទឹកទន្លេមេគង្គ បានហក់ឡើងជាងកន្លះម៉ែត្រ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ គឺទឹកឡើងខុសរដូវ បានធ្វើឲ្យស្ពានប្រដឹសឬស្សីកោះប៉ែន ក្នុងទីរួមខេត្តកំពង់ចាម បានរបើកដាច់ដោយកង់។ ទឹកទន្លេមេគង្គ ឡើងខុសធម្មតា នាពេលនេះ ត្រូវបានគេបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ នៅក្នុងប្រទេសឡាវ ដល់កម្រិតជាង ៤០មីលីម៉ែត្រ និងធ្វើឲ្យទឹកទន្លេនៅក្នុងប្រទេសឡាវ ហក់ឡើងខ្ពស់ជាងកម្ពស់ទឹកធម្មតា ប្រមាណជា ២,៦០ម៉ែត្រ។
ក្នុងពេលចុះពិនិត្យស្ពានប្រដឹសកោះប៉ែន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ទឹកទន្លេមេគង្គហក់ឡើងខុសប្រក្រតី បានធ្វើឲ្យស្ពានប្រដឹសឬស្សី សម្រាប់អ្នទេសចរ ឆ្លងពីក្រុងកំពង់ចាម ទៅឆ្នេរខ្សាច់កោះប៉ែន ដាច់ខូចអស់ប្រវែងប្រមាណជា ១០០ម៉ែត្រ។ ទឹកទន្លេមេគង្គ បានឡើងជាលំដាប់ប្រហែលមួយសប្តាហ៍សរុបទឹកឡើងប្រហែល ០,៨០ម៉ែត្រ ធ្វើឲ្យលិចស្ពាននៅកន្លែងខ្លះ មុននឹងដាច់។
នៅពេលនេះ អាជ្ញាធរខេត្ត បានជំរុញឲ្យអ្នកទទួលខុសត្រូវ ក្នុងការធ្វើអាជីវកម្មលើស្ពានប្រដឹសឬស្សីកោះប៉ែននេះ ធ្វើការសាងសង់ឡើងវិញ នៅកន្លែងដែលដាច់ និងត្រួតពិនិត្យដល់កន្លែងផ្សេងទៀត ឲ្យមានសុវត្ថិភាពដើម្បីបានបម្រើដល់បងប្អូនមកលេងនៅឆ្នេរខ្សាច់កោះប៉ែន។
ពាក់ពន្ធ័ទៅនឹងការជន់ឡើងខុសប្រក្រតីនៃទឹកទន្លេមេគង្គនេះ មន្ត្រីជំនាញជលសាស្ត្រ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាងពេលធម្មតា ប្រមាណជាកន្លះម៉ែត្រ មិនមែនដោយសារការបើកទ្វារទឹករបស់វារីអគ្គិសនីណាមួយនៅកម្ពុជាទេ គឺដោយសារមានភ្លៀងធ្លាក់ដល់កម្រិត ៤៣មីលីម៉ែត្រ នៅក្នុងប្រទេសឡាវ។ ភ្លៀងនេះ បានធ្វើឲ្យទឹកទន្លេនៅស្ថានីយលួងប្របាងឡើងខ្ពស់ជាងធម្មតា ដល់ទៅ ២,៦០ម៉ែត្រ កាលពីជាមួយសប្តាហ៍មុន។
មន្ត្រីជំនាញ ក៏បានប្រកាសថា ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចឡើងថែមបន្តិចទៀត មុនស្រកទៅវិញ។ នៅថ្ងៃទី២១ ខែមករានេះ ទឹកមានកម្ពស់ ៤,៥៥ម៉ែត្រ។
សូមរម្លឹកថា ស្ពានប្រដឹសឫស្សី កោះប៉ែន នៅពេលនេះ ត្រូវបានឯកជន សាងសង់ឡើង ដោយអនុញ្ញាតឲ្យតែអ្នកដើរឆ្លងកាត់ និងកង់ជិះកាត់ប៉ុណ្ណោះ។ អ្នកដំណើរម្នាក់ ត្រូវបង់លុយ ២០០០ រៀល និងកង់១គ្រឿង ២០០០ រៀល ក្នុងពេលឆ្លងកាត់ស្ពានប្រដឹសឫស្សី កោះប៉ែន នេះ។
កាលពីប៉ុន្មានឆ្នាំមុន គឺមុនពេលរាជរដ្ឋាភិបាល សាងសង់ និងដាក់ឲ្យដំណើរការនូវស្ពានថ្ម ដែលស្ថិតនៅប្រមាណជា ១គីឡូម៉ែត្រពីស្ពានប្រដឹសឫស្សី ភ្ជាប់ពីក្រុងកំពង់ចាម ទៅកោះប៉ែន គឺស្ពានប្រដឹសឫស្សីនេះ ត្រូវបានប្រើប្រាស់សម្រាប់ឡាន រទេះសេះ ម៉ូតូ កង់ អ្នកដំណើរឆ្លងកាត់ នៅរដូវទឹកស្រក។ ចំណែកនៅរដូវវស្សា គឺឆ្លងទូកដ៕
រូបខាងក្រោម ជាស្ពានប្រដឹសឫស្សីកោះប៉ែន ថតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ កាលពីទឹក មិនទាន់ជន់លិច៖
មតិយោបល់