សិក្ខាសាលា បញ្ជ្រៀបការយល់ដឹង និងប្រយុទ្ឋប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ ខេត្តកោះកុង

(កោះកុង) ៖ ព្រឹកម្សិលមិញ នៅមន្ទីរទេសចរណ៍ខេត្តកោះកុង បានបើកសិក្ខាសាលាមួយ ស្តីពីការបញ្រ្ជៀបការយល់ដឹង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្ត ក្រោមអធិបតីភាព លោក ចិន សាមន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍។

លោក យួន ទាន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានរាយការណ៍ជូនអង្គសិក្ខាសាលាថា ក្នុងវិស័យទេសចរណ៍ ខេត្តកោះកុងក៏បានចូលរួមយ៉ាងសកម្មស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា វិស័យទេសចរណ៍ ជាមាសបៃតងសម្រាប់យសេដ្ឋកិច្ច ហើយក៏ជាប្រភពផ្តល់ដល់ប្រជាពលរដ្ឋ ទាំងការងារផ្ទាល់ និងការងារប្រយោល នៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេសផងដែរ។

ស្ថិតិភ្ញៀវទេសចរណ៍នៅក្នុងខេត្ត បានកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ភ្ញៀវជាតិចំនួន១៦២,៧៣២នាក់ កើនឡើង់២៧,៤៨៧នាក់ សម្រាប់ភ្ញៀវអន្តរជាតិវិញ មាន២៨,០២១នាក់ កើនឡើង៧,០៦៧នាក់។

ក្នុងឆ្នាំ២០១៦ មន្ទីរទេសចរណ៍ខេត្ត បានបើកវគ្គបណ្តុះបណ្តាល អំពីបដិសណ្ឋារកិច្ច និងមគ្គុទេសក៍ទេសចរណ៍ ដល់ទីតាំងអាជីវកម្មនៅតាមបណ្តាស្រុកទូទាំងខេត្តបានចំនួនប្រាំមួយវគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៥៣នាក់ ស្រី៨២នាក់ ដែលក្នុងនោះ បានបញ្រ្ជៀប និងផ្សព្វផ្សាយ ដូចជាការងារយិនឌ័រ ផ្សព្វផ្សាយការងារជួញដូរស្ត្រី និងកុមាក្នុងវិស័យទេសចរណ៍ ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងផ្សព្វផ្សាយស្តីពីការងារទេសចរណ៍។

ក្នុងឧិកាសនេះដែរ លោក ចិន សាមន ក៏បានគូសបញ្ជាក់អំពីផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ក្នុងរយៈពេលប្រាំមួយខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោកបានបដិសេធថា កម្ពុជាមិនមែនជាប្រទេសផលិត និងចែកចាយគ្រឿងឡើយ គឺគ្រឿងញៀនទាំងនេះសុទ្ធតែនាំចូលពីប្រទេសជិតខាងទាំងអស់ ហើយយុទ្ធនាការបង្ក្រាបនេះ មិនមែនធ្វើតែប្រាំមួយខែចប់នោះទេ គឺត្រូវតែប្រយុទ្ធប្រឆាំងរហូតទាល់តែអស់ពីក្នុងប្រទេសតែម្តង៕

លោកបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ក្រុមយុវជន សិស្សនិស្សិត ដែលមានវត្តមានក្នុងសិក្ខាសាល និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យចូលរួមប្រយុទ្ធប្រឆាំង និងលុបបំបាត់ឲ្យបាន ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានគ្រឿងញៀន៕(SN- សុន្នី)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង