ម្ចាស់សំណង់ខុសច្បាប់លើច្រាំងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ ពិតជាខ្លាំងជាងអាជ្ញាធរ​​​ដែនដី និងមន្ត្រីធំមកពីក្រសួង

(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញផ្នែកសំណង់ ដែលនៅក្រោមឪវាទរបស់ខ្លួន ដូចជាមន្ត្រីសុរិយាដីក្រុងនិងមន្ត្រីសុរិយោដីខណ្ឌ ក៏មន្ត្រីមូលដ្ឋានជាច្រើនទៀត ចុះទៅហាមឃាត់សំណង់ខុសច្បាប់មួយកន្លែង ស្ថិតនៅប៉្រមមាត់ទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ។

 

ជាលទ្ធផលពួកគេមិនបានធ្វើអ្វីជាដុំកំភួនទេ ដោយសារម្ចាស់សំណងមិនសហការ។ ជាពិសេស បិទទ្វារមិនឲ្យពួកគេចូលទៅក្នុងបរិវេណសំណង់ឡើយ។

 

សំណង់ខុសច្បាប់នេះ ជាកម្មសិទ្ធិរបស់ឈោ្មះ អ៊ុយ វាំងសង់ ដែលបាននិងកំពុងបន្តសាងសង់លំនៅដ្ឋានរហូតដល់កំពស់ប្រាំជាន់ នៅលើច្រាំងទន្លេមេគង្គ ទាល់មុខនឹងរោងចក្រផលិតទឹកស្អាតជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

 

មាត្រា១៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ច្រាំងទន្លេ«ជាសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ»។ ដូច្នេះ ការសាងសង់សំណង់នៅលើច្រាំងទន្លេមេគង្គ របស់លោក អ៊ុយ វាំងសង់ គឺជាករណីខុសច្បាប់ ដែលភ្នាក់ងាររបស់រដ្ឋអាចចាត់វិធានការទប់ស្កាត់ ឬបំផ្លាញចោលបាន។

 

លោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វារ បានសារភាពនៅថ្ងៃនេះថា សំណង់ខុសច្បាប់នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានរបស់លោកព្យាយាមឃាត់តាំងពីពេលចាប់ផ្ដើមការដ្ឋានសាងសង់ម្ល៉េះ និងបានណែនាំឲ្យផ្អាកសកម្មភាព ពីព្រោះសំណង់នេះ គឺខុសច្បាប់ ដោយសារសាងសង់លើដីចំណីទន្លេ ដែលជាដីសាធារណៈរបស់រដ្ឋ និងមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។

 

ពេលក្រុមមន្ត្រីជំនាញផ្នែកសំណង់ចុះទៅពិនិត្យ ឬណែនាំ ម្ចាស់សំណង់តែងតែបដិសេធមិនសហការជាមួយ។ នាពេលកន្លងមក អាជ្ញាធរមូលដ្ឋានក៏បានរឹបអូសសម្ភារៈសំណង់បានពីរលើកហើយដែរ ព្រមទាំងបានណែនាំជាបន្តបន្ទាប់ ប៉ុន្តែ ពេលឃាត់នោះ ពួកគេមិនដែលបានជួបផ្ទាល់ជាមួយម្ចាស់សំណង់ ឬអ្នកទទួលខុសត្រូវឡើយ ចំណែកអាជ្ញាធរខណ្ឌ បានត្រឹមតែរាយការណ៍ទៅសាលារាជធានីភ្នំពេញប៉ុណ្ណោះ។

 

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការមួយ ដើម្បីប្រជុំដោះស្រាយបញ្ហាសំណង់នេះ ប៉ុន្តែខាងភាគីសំណង់នៅតែមិនអនុវត្តតាម ដោយបន្តសាងសង់រហូតបានកម្ពស់ប្រាំជាន់ និងស្ទើរតែរួចរាល់ទាំងស្រុង។

 

នៅព្រឹកមិញនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះទៅពិនិត្យសំណង់ខុសច្បាប់នេះម្តងទៀត។

 

ម្តងនេះ គឺដូចតែលើកមុនៗ។ ពេលក្រុមការងារទៅដល់ ម្ចាស់សំណង់មិនព្រមសហការដដែលដោយបានបិទទ្វារចាក់សោទ្វាររបងជាប់ មិនអាចឲ្យក្រុមការងារចូលពិនិត្យនៅខាងក្នុងការដ្ឋានបានឡើយ។

 

នៅតាមបណ្តោយច្រាំងទន្លេក្នុងទឹកដីរាជធានីភ្នំពេញ ដូចច្រាំងទន្លេមេគង្គ ច្រាំងទន្លេសាប និងតាមបណ្ដោយច្រាំងទន្លេបាសាក់ មានសំណង់រឹងមាំច្រើនណាស់ ត្រូវបានសាងសង់ ដោយបំពានច្បាប់ភូមិបាល៕

photo_2017-03-24_16-42-16photo_2017-03-24_16-41-34

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង