ពួកម៉ាហ្វីយ៉ា និងពួកឧក្រិដ្ឋជន ជួលបន្ទប់មន្ទីរពេទ្យរុស្សីជាកន្លែងដេកលំហែកាយក្រៅគុក

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ជាកន្លែងព្យាបាលពិសេសលំដាប់ វីអាយភី សម្រាប់អ្នកទោសដែលមានលុយច្រើន និងលំដាប់ខ្ពស់ ដើម្បីគេចពីការរស់នៅក្នុងពន្ឋនាគារ ។

កន្លងមក និងជាហូរហែ អ្នកទោសមួយចំនួន ដែលមានឈ្មោះអាស្រូវ ប៉ុន្តែមានលុយច្រើន មានដូចជាអ្នកទោសឈ្មោះ ថោង សារ៉ាត់ ឧកញ៉ាខ្មែរជនជាតិវៀតណាម អ្នកទោស ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ឧកញ៉ា សុខ ប៊ុន និងឧកញ៉ា តាន់ សេងហាក់ ជាដើម តែងតែបានចូលទៅស្នាក់នៅយ៉ាងស្រួលនៅក្នុងមន្ទីរពេទ្យនេះ ដោយលើកហេតុផលថា ចូលសម្រាកព្យាបាលជំងឺច្រើនមុខ។

ថោង  សារ៉ាត់  ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ករណីសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីខែតុលា ឆ្នាំ២០១៤។ ជននេះត្រូវបានចៅក្រមចេញដីការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ខណៈដែលដំណើរការជម្រះក្តីកំពុងតែបន្ត ដោយគ្មានវត្តមានជនត្រូវចោទ។

លោក ឆឹង យ៉ៅយ៉េន អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានមានប្រសាសន៍ប្រាប់ Swift News តាមទូរស័ព្ទថា ថោង សារ៉ាត់ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះនាពេលកន្លងមក ប៉ុន្តែលោកមិនចាំថាសព្វថ្ងៃជននេះនៅតែសម្រាកព្យាបាលដែរឬទេ ប៉ុន្តែបានបញ្ជាក់ថា ថោង សារ៉ាត ចូលសម្រាកក្នុងមន្ទីរពេទ្យរបស់លោកដោយសារ មានជំងឺចុកថ្លើម និងសម្ពាធឈាមឡើង។

កាលពីសប្តាហ៍មុន នៅពេលអ្នកយកពត៌មានរបស់អង្គភាព Swift News សួរថាតើ ថោង សារ៉ាត់ សម្រាកព្យាបាលនៅបន្ទប់ វីអាយភី មែនឬយ៉ាងណានោះ លោកបានឆ្លើយថា «គាត់សម្រាកនៅបន្ទប់ធម្មតាទេ គ្រាន់តែនៅដាច់ដោយឡែកពីគេ ពីព្រោះយើងមិនមានបន្ទប់ វីអាយភី ដូចនៅមន្ទីរពេទ្យបរទេស ដែលហៅថា វីអាយភី គឺមានសម្ភារៈគ្រប់ទាំងអស់ទេ»។

លោកបានរំឭកថា «មន្ទីរពេទ្យនេះបានចុះកិច្ចព្រមព្រៀងទទួលព្យាបាលអ្នកទោសទូទាំងប្រទេសឲ្យតែមានជំងឺ គឺគេបញ្ចូនពួកគេមកទីនេះហើយ» ។

ឈូក បណ្ឌិត ធ្លាប់បានជាប់គុកពាក់ព័ទ្ធនឹងការបាញ់កម្មករក្នុងក្រុងបាវិត ខេត្តស្វាយរៀង បីនាក់ឲ្យរបួសធ្ងន់ កាលពីឆ្នាំ២០១២។ នៅពេលជាប់ឃុំក្នុងពន្ធនាគារព្រៃស ឈូក បណ្ឌិត បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត កាលពីខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង មកភ្នំពេញកន្លងមក។ ចំណែក តាន់ សេងហាក់ ដែលជាប់ពាក់ព័ទ្ធនឹងការជួយដូរគ្រឿងញៀនក្នុងឆ្នាំ២០១៣ ក៏ធ្លាប់ទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះដែរ។

លោក នុត សាវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ចូនអ្នកទោសទៅព្យាបាលនៅមន្ទីរពេទ្យរុស្សីនេះ។

លោកក៍បានទទួលស្គាល់ថា អ្នកទាំងប៉ុន្មាននាក់ខាងលើពិតជាបានទៅសម្រាកព្យាបាលនៅមន្ទីររបស់លោកមែន បន្ទាប់ពីវេជ្ជបណ្ឌិតបានអនុញ្ញាតឲ្យពួកគេ ដោយសារមានជំងឺត្រូវតែព្យាបាល។

លោកបានមានប្រសាសន៍ថា «ប៉ុន្តែមិនសំដៅតែអ្នកទោសមានលុយ ទើបអាចទៅព្យាបាលបានទេ គឺអ្នកទោសទាំងអស់ អាចព្យាបាលគ្រប់ៗគ្នា ពេលដែលឈឺ»។

លោក អំ សំអាត ប្រធានអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា កន្លងមកមិនសូវជាមានភាពស្មើគ្នាប៉ុន្មានទេ ក្នុងការទទួលបានសេវាថែទាំសុខភាពនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងចំណោមអ្នកជាប់ពន្ធនាគារ ពីព្រោះអ្នកទោសក្រីក្រខ្លះគ្រាន់តែបញ្ចូនទៅពិនិត្យរួចឲ្យថ្នាំ ហើយបញ្ចូនត្រឡប់ទៅគុកវិញ ប៉ុន្តែអ្នកមានលុយអាចទទួលបានការអនុញ្ញាតឲ្យសម្រាកព្យាបាលបាន។

លោកបានមានប្រសាសន៍ដូច្នេះថា «មានមតិសាធារណជនជាច្រើនរិះគន់ថា ពួកគាត់គ្រាន់ទៅសម្រាកនៅទីនោះ ដើម្បីគេចវេះពីការរស់នៅក្នុងពន្ធនាគារ»។

កាលពីព្រឹកមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ  ហើយសវនាការនេះ ក៏គ្មានវត្តមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ដែរ គឺមិនដែលចូលរួមតែម្តង ប៉ុន្តែកំពុងដេកសំងំនៅក្នុងមន្ទីពេទ្យ ដោយលើកហេតុផលថា មានជំងឺច្រើនមុខ។

ក្នុងកិច្ចសម្ភាសជាមួយ Swift News តាមទូរស័ព្ទ មេធាវីការពារ ថោង សារ៉ាត់ គឺលោកមេធាវី ទួត លុច បានបញ្ជាក់ថា អវត្តមាន ព្រោះតែកូនក្តីរបស់លោកមានជំងឺច្រើនមុខ ហើយពេទ្យតម្រូវឲ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺដូច្នេះ មិនអាចចូលរួមសវនាការបានទេ ជាពិសេសកូនក្តីរូបនេះមានសភាពឆាប់ភ័យរន្ធត់។

លោក មេធាវី ទួត លុច បានបញ្ជាក់ដូច្នេះថា «ស្ថានភាពជំងឺ មិនអាចធ្វើកិច្ចការហ្នឹងបាន ដូច្នេះហើយគាត់មិនអាចចូលរួមបានទេ ប៉ុន្តែខ្ញុំក៏បានសុំឲ្យតុលាការអនុញ្ញាតឲ្យគាត់ធ្វើជាសេចក្តីបំភ្លឺ ដោយបញ្ជាក់នូវសំណូមពរចុងក្រោយរបស់គាត់ដាក់ជូនតុលាការ»។

លោកមេធាវីបានមានប្រសាសន៍ថា សំណូមពរចុងក្រោយរបស់ ថោង សារ៉ាត់ នឹងត្រូវធ្វើឡើងមុនការសន្និដ្ឋានរបស់មេធាវី និងរបស់មហាអយ្យការ នៅមុនថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

លោកមេធាវីក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ថោង សារ៉ាត់ ពុំមានវត្តមាននៅពន្ធនាគារព្រៃសទេ ដោយកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមិត្តភាពសខ្មែរ-សូវៀត ដើម្បីព្យាបាលជំងឺច្រើនមុខ៕


download (1) CPM_015_063 6-tann-senghak-arrest

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង