ប្រជាធិបតេយ្យមួយ គឺសម្រាប់តែរដ្ឋឯករាជ្យអធិបតេយ្យមួយប៉ុណ្ណោះ…!

(ភ្នំពេញ)៖ បច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា គឺបាននិងកំពុងធ្វើដំណើរបោះជំហានទៅមុខយ៉ាងហាប់ក្នុងភាពជឿនលឿន និងភាពបរិសុទ្ធ តាមបែបបទនៃរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ពោលគឺគិតត្រឹមថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ មានរយៈ ៦នីតិកាលនៃរដ្ឋសភាមកហើយ ហើយនេះជាសមិទ្ធផលផ្តើមចេញពីសុច្ឆន្ទៈប្រជាពលរដ្ឋខ្មែរក្នុងការរៀបចំសង្គមប្រជាធិបតេយ្យពិតរបស់ខ្លួន ដោយខ្លួនឯង។

ប្រាកដហើយថា លើពិភពលោកដែលមានមនុស្សជាតិកំពុងរស់នៅ គ្មានប្រទេសណាមួយ, រដ្ឋាភិបាល, សភា, បុគ្គល, មន្ត្រីស្ថាប័នបរទេស ឬអង្គការអន្តរជាតិ ត្រូវបានចាត់តាំងឲ្យធ្វើជាអាជ្ញាធរ ឬចៅក្រមប្រជាធិបតេយ្យនៃប្រទេសដទៃឡើយ ពោលគឺប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក គឺប្រជាជាតិអាមេរិកាំងជាម្ចាស់ នៅអង់គ្លេសប្រជាជាតិអង់គ្លេសជាម្ចាស់ហើយនៅព្រះរាជាណាចក្រកម្ពុជា គឺប្រជាពលរដ្ឋខ្មែរជាម្ចាស់។

ក្នុងខណៈដែលប្រជាពលរដ្ឋខ្មែរជាម្ចាស់នៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា គឺយើងពិតជាដឹង និងទទួលស្គាល់ថា ប្រជាជននៃប្រជាជាតិនីមួយៗ ជាអ្នកកំណត់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង ព្រោះពិភពលោកគ្មានទម្រង់ប្រជាធិបតេយ្យស្តង់ដាររួមទេ ដោយសារតែប្រទេសនីមួយៗមានប្រវត្តិ​សាស្ត្រ, ប្រពៃណីទំនៀមទម្លាប់, វប្បធម៌, ផ្នត់គំនិតនៃការគិតរបស់ប្រជាជន, ល័ក្ខខ័ណ្ឌ និងកម្រិតរីកចម្រើនជាក់ស្តែងខុសៗគ្នា ដោយមិនអាចចម្លងទម្រង់ និងបែបផែនប្រជាធិបតេយ្យពីបរទេសបានទេ ពោលគឺមិនអាចយកប្រជាធិបតេយ្យបែបអាមេរិក ឬបែបប្រទេសណាមួយមកដាំនៅកម្ពុជាបានទេ។ នេះ គឺជាអំណាចនៃភាពជាម្ចាស់ប្រទេស ដែលភាសានីតិរដ្ឋធម្មនុញ្ញ ហៅថា “ប្រជាជាតិធិបតេយ្យ”។

ក្នុងបរិបទ “ប្រជាជាតិធិបតេយ្យ” នេះ យុវជនកម្ពុជា ជាពិសេស សិស្ស, និស្សិត, កម្មករ/កម្មការិនី ជាចលករសំខាន់នៃការចូលរួមចំណែកកំណត់ជោគ វាសនាជាតិមាតុភូមិដោយភាពម្ចាស់ការ និងជាម្ចាស់ប្រទេសដោយឲ្យតម្លៃថា កម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យ។

ប្រទេសមួយមានឯករាជ្យអធិបតេយ្យ គឺមិនត្រូវចំណុះនឹងការដាក់ពិន្ទុ ឬវាយតម្លៃថាល្អ/អាក្រក់ពីបុគ្គលបរទេស, អង្គការអន្តរជាតិ និងអ្នកនយោបាយជាតិសាសន៍ដទៃនោះទេ ព្រោះបរទេសមិនមែនជាចៅក្រម,
រដ្ឋអាជ្ញា និងប៉ូលិសប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។ និយាយឲ្យខ្លី គឺកម្ពុជារៀបចំ និងដំណើរការប្រជាធិបតេយ្យរបស់ខ្លួន ដោយមិនតម្រូវចិត្តបរទេសនោះទេ ព្រោះវាក្បត់នឹងសតិសម្បជញ្ញៈក្នុងភាពជាម្ចាស់អំណាចនៃប្រជាជាតិខ្មែរ ប៉ុន្តែយើងត្រូវការកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មើភាព និងស្មើសិទ្ធិ ជាមួយនឹងការផ្លាស់ប្តូរបទពិសោធគ្នារវាងប្រជាជាតិ និងប្រជាជាតិ។

រីឯ ប្រជាធិបតេយ្យក្នុងន័យនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺការប្រកួតប្រជែងរវាងខ្មែរ និងខ្មែរតាមរយ:គណបក្សដែលត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់គណបក្សនយោបាយ និងអនុលោមតាមនីតិវិធី, ល័ក្ខខ័ណ្ឌ និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ហើយការបង្កើតគណបក្សនយោបាយនេះ ទៀតសោត គឺបង្កើតដោយប្រជាពលរដ្ឋខ្មែរមួយក្រុម ដែលមានទស្សនៈដូច ឬស្រដៀងគ្នា ក្នុងគោលដៅប្រកួតប្រជែងអភិវឌ្ឍន៍សង្គមជាតិ។

ការបោះឆ្នោតក្នុងប្រព័ន្ធពហុបក្សនៅប្រទេសណាក៏ដោយ មិនអនុញ្ញាត ឲ្យបរទេសណាមកលូកដៃចូលក្នុងឆន្ទៈនៃប្រជាជនម្ចាស់ប្រទេសបានឡើយ នេះបើនិយាយជារួម ហើយបើនិយាយដោយឡែកវិញ គឺគណបក្សមិនអនុញ្ញាតធ្វើជាអង្គការចាត់នយោបាយរបស់បរទេសជាដាច់ខាត។ គណបក្សបែបហ្នឹង មិនមែនជាគណបក្សរបស់ប្រជារាស្ត្រខ្មែរឡើយ ពោលគឺត្រូវរំលាយចោលពីប្រព័ន្ធពហុបក្សរបស់កម្ពុជា។

ដូច្នេះ ការបោះឆ្នោតនៅកម្ពុជាគ្មានវត្តមានគណបក្ស ដែលធាតុពិតជា អង្គការចាត់តាំងនយោបាយរបស់បរទេស គឺជាបោះឆ្នោតដ៏ត្រឹមត្រូវសម្រាប់ជោគ​វាសនាប្រជាជាតិខ្មែរ។ ជារឿងធម្មតាទេ ដែលចៅហ្វាយ
នាយបរទេស ទាំងបុគ្គលនយោបាយ ទាំងបុគ្គលមេដឹកនាំអង្គការបរទេស ពុះកញ្ជ្រោល និងខឹងសម្បាចំពោះភាពអកុសលរបស់កូនយ៉ងរបស់ខ្លួន ដែលមិនមានមុខមាត់លើទីលានពហុបក្ស។

ប៉ុន្តែប្រជានុរាស្ត្រខ្មែរ ពិសេសយុវជនជំនាន់ក្រោយមិនត្រូវធ្លាក់ក្នុងទង្វើបម្រើឲ្យបរទេស ទៅចូលរួមក្នុងចលនាឧទ្ទាម ហើយលះបង់សិទ្ធិស្វ័យសម្រេចលើសន្លឹកឆ្នោត ដែលជាការជាន់ឈ្លីសិទ្ធិអំណាចអធិបតេយ្យ
របស់ខ្លួន និងចូលរួមជាមួយក្រុមក្បត់ជាតិរាំងខ្ទប់ដំណើរជាជំហានៗឆ្ពោះទៅកសាងប្រជាធិបតេយ្យពិតរបស់ប្រជាជាតិកម្ពុជាយើងឡើយ៕ (ដោយ៖ កណ្តុរ ស)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com