ក្រៅពីផាកពិន័យ អ្នកបើកបរត្រូវមានមួកសុវត្ថិភាព ទើបអនុញ្ញាតបន្តដំណើរបាន

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងមួយ ទៅកាន់ស្នងការដ្ឋានខេត្តក្រុងទូទាំងប្រទេស ឲ្យរឹតបន្តឹងការពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ។

លោកនាយកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៩ ខែកុម្ភៈ នេះថា «អគ្គស្នងការនគរបាលជាតិបានកត់សម្គាល់ឃើញ ទោះបីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានខិតខំធ្វើការផ្សព្វផ្សាយអប់រំ និងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអស់រយៈពេលពេញមួយឆ្នាំ២០១៦ ក៏នៅមានអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តមួយចំនួនមិនពាក់មួកសុវត្ថិភាព ហើយក្នុងចំណោមនោះបានបាត់បង់ជីវិត ឬទទួលរងគ្រោះធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប៉ះទង្គិចក្បាល»។

Announcementដើម្បីពង្រឹងការអនុវត្តផែនការកាត់បន្ថយហានីភ័យដល់អាយុជីវិត ដែលបណ្តាលមកពីការមិនពាក់មួកសុវត្ថិភាព លោក នេត សាវឿន បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ក្រុង ឲ្យពង្រឹងការអនុវត្តតាមគោលដៅ និងចល័ត។

«នៅគ្រប់គោដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ជាពិសេសនៅថ្នាក់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ត្រូវជំរុញការត្រួតពិនិត្យចល័ត និងអចល័តឲ្យបានម៉ឺងម៉ាត់ជាប្រចាំ ចំពោះអ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្ត ដែលពាក់មួកសុវត្ថិភាព ដោយធ្វើការពិន័យអន្តការណ៍តាមច្បាប់ និងថែមទាំងឲ្យរកមួកសុវត្ថិភាពមកពាក់ឲ្យបានត្រឹមត្រូវទើបអនុញាតឲ្យធ្វើដំណើរបាន”។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ លោកនាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យពង្រឹងវិធានការផ្សព្វផ្សាយអប់រំនៅតាមគ្រឹស្ថានសិក្សារបស់រដ្ឋ និងឯកជន ដើម្បីឲ្យប្រជាពលរដ្ឋ ជ្រួតជ្រាបពីហានីភ័យនៃការមិនពាក់មួកសុវត្ថិភាពំ ហើយរាល់ស្ថានភាពការងារទាំងអស់ត្រូវរាយការណ៍ជាប្រចាំមកអគ្គស្នងការឲ្យបានទៀតទាត់ ដើម្បីវាយតម្លៃអំពីលទ្ធផលប្រចាំថ្ងៃ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង