វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រុមគ្រួសារពលការិនីមកពីអារ៉ាប៊ីសាអូឌីត អរគុណរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងជួយឱ្យពលការិនីបានត្រឡប់មកស្រុកវិញ
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាត្តិ បងប្អូន របស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ លោកស្រីបានលើកឡើងថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលឮដំណឹងថាកូនស្រីរបស់ខ្លួនបានវិលត្រឡប់មកបហរទេសវិញ។ ម្ដាយរបស់ពលការិនី រូបនេះលើកឡើងថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលជួយកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញ គាត់ជួយតាំងពីនៅអារ៉ាប់រហូតមកដល់ស្រុកខ្មែរតាំងពីកន្លែងស្នាក់នៅ និងការហូបចុក»។ទន្ទឹមនេះ លោក ផន ម៉េងឈ័ន ជាបងប្រុសបង្កើតរបស់ពលការិនីដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីប្អូនស្រីអាចវិលត្រឡប់មកស្រុកខ្មែរ ដោយសុវត្ថិភាព។ លោក ម៉េងឈ័ន បានលើកឡើងថា៖«ខ្ញុំមានអារម្មណ៍អររំភើបដែលប្អូនបានមកដល់ទឹកដីខ្មែរវិញ មានសុវត្ថិភាព។ ខ្ញុំអរគុណដល់ក្រសួងការងារដែលជួយជ្រោមជ្រែងពលករចំណាកស្រុកទាំងអស់បានជោគជ័យ»។ចំណែក លោកស្រី សូ ណាភណ្ឌ បងស្រីបង្កើតរបស់ពលការិនី សូ ចេនឡា ក៏មិនខុសគ្នាប៉ុន្មានដែរពីក្រុមគ្រួសារពលការិនីផ្សេងៗទៀត ដោយលោកស្រីបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធដែលបានដុតដៃដុតជើងជួយក្រុមពលការិនីឲ្យបានត្រឡប់មកវិញ»។ សូមបញ្ជាក់ថា ក្រសួងការងារបានរៀបចំជូនដល់ក្រុមគ្រួសារពលការិនី បានជួបជុំគ្នានៅទីស្តីការក្រសួងការងារ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅលំនៅដ្ឋានវិញ៕

ឯកឧត្តម ហេង សួរ សំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤នៅឯទីស្នាក់ការគណបក្សរាជធានីភ្នំពេញដែលមានសមាសភាពចូលរួម១១៩រូប។មុនការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ ក្រោយស្តាប់របាយការណ៍ ឯកឧត្តម ហេង សួរ បានអរគុណកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ដែលនឹងប្រារព្ឋឡើងនៅថ្ងៃទី២៦ ខែឧសភា ឱ្យជោគជ័យដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអារ៉ាប់រួមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកជំទាវ អគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកជំទាវ Ping M. Kitnikone អគ្គរដ្ឋទូតនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ​នៅវិមានសន្តិភាព៕

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឱ្យជនដែលបង្កើតគណនីក្លែងក្លាយផ្អាកសកម្មភាពជាបន្ទាន់
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានជនអនាមិក បង្កើតគណនីក្លែងក្លាយ (Fake Account) បានក្លែងបន្លំដោយយកឈ្មោះ និងរូបភាព សម្ដេចតេជោ ដើម្បីបង្ហោះសារ និងផ្ញើសារ ព្រមទាំងបានធ្វើសកម្មភាពក្នុងគោលបំណងផ្សេងៗ។នេះបើយោងតាមខ្លឹមសារដោយមានភ្ជាប់ជាមួយរូបភាព Fake Account ៣សន្លឹក របស់ សម្ដេចតេជោ បានបញ្ជាក់បែបនេះថា៖ “គណនីក្លែងក្លាយ (Fake Account) សូមបងប្អូន សាធារណៈ ជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។”ចំណែក ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ សម្ដេចតេជោ បានប្រាប់ឱ្យផ្អាកសកម្មភាពជាបន្ទាន់។សូមបញ្ជាក់ថា គណនី និង ទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម១/ Facebook Account ផ្ទាល់: Hun Sen (https://www.facebook.com/hunsenpm)២/ Facebook Page : Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers៣)Telegram : Samdech Hun Sen of Cambodia (https://t.me/spmhunsen)៤/ TikTok: Samdech Hun Sen (@hunsenofcambodia)៥/ Instagram: Samdech Hun Sen of Cambodia (https://www.instagram.com/hunsencambodia)៦/ Twitter: Hun Sen (@hunsencambodia)៧/ YouTube: Samdech Hun Sen of Cambodia (https://youtube.com/@hunsencambodia)

កូរ៉េខាងត្បូងនឹងបង្កើតក្រសួង ដើម្បីដោះស្រាយភាពអាសន្នជាតិនៃអត្រាកំណើតទាប
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកគ្រោងនឹងបង្កើតក្រសួង រដ្ឋាភិបាលថ្មីមួយដើម្បីដោះស្រាយភាពអាសន្នជាតិនៃអត្រាកំណើតទាបដ៏អាក្រក់របស់ប្រទេសនេះ ខណៈដែលប្រទេសនេះជួបវិបត្តិប្រជាសាស្រ្តកាន់តែស៊ីជម្រៅ។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានាធិបតី លោក Yoon Suk Yeol បាននិយាយថា លោកនឹងស្នើសុំ កិច្ចសហប្រតិបត្តិការពីសភាដើម្បីបង្កើតក្រសួងផែនការប្រឆាំងអត្រាកំណើតទាប។លោកបានបន្តថា៖ «យើងនឹងកៀរគរគ្រប់សមត្ថភាពរបស់ប្រទេសជាតិដើម្បីយកឈ្នះលើអត្រាកំណើតទាបដែលអាចចាត់ទុកថាជាគ្រោះអាសន្នជាតិ»។ថ្លែងក្រោយមកនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់គាត់ចាប់តាំងពីខែសីហា ឆ្នាំ 2022 ដែល ប្រារព្ធឡើងដើម្បីប្រារព្ធខួបពីរឆ្នាំនៅក្នុងតំណែង លោក Yoon បានទទួលស្គាល់ថា រដ្ឋបាលរបស់លោក បានធ្លាក់ចុះតិចតួចក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ប្រជាជន។ លោកបានសន្យាប្រើរយៈពេលបីឆ្នាំបន្ទាប់នៃអាណត្តិរបស់លោកដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងដោះស្រាយការមានកូនទាប។ប្រទេសកូរ៉េខាងត្បូងមានអត្រាមានកូនទាបបំផុតរបស់ពិភពលោក ដែលបង្ហាញពីចំនួនកូនជាមធ្យម ដែលស្ត្រីនឹងមានក្នុងជីវិត ដោយបានកត់ត្រាអត្រាត្រឹមតែ 0.72 ក្នុងឆ្នាំ 2023 ដែលធ្លាក់ចុះពី 0.78 កាលពី ឆ្នាំមុន ដែលជាការធ្លាក់ចុះចុងក្រោយបំផុតនៃការធ្លាក់ចុះប្រចាំឆ្នាំ។បណ្តាប្រទេសនានាត្រូវការអត្រាមានកូន 2.1 ដើម្បីរក្សាចំនួនប្រជាជនដែលមានស្ថិរភាព ប្រសិនបើមិន មានការធ្វើអន្តោប្រវេសន៍។ប្រទេសជាច្រើននៅអឺរ៉ុបក៏ប្រឈមមុខនឹងចំនួនប្រជាជនវ័យចំណាស់ដែរ ប៉ុន្តែល្បឿន និងផលប៉ះពាល់ នៃការផ្លាស់ប្តូរនោះត្រូវបានកាត់បន្ថយដោយការធ្វើអន្តោប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសដូច ជាកូរ៉េខាងត្បូង ជប៉ុន និងចិន បានគេចចេញពីការធ្វើអន្តោប្រវេសន៍ដ៏ធំ ដើម្បីដោះស្រាយ ការធ្លាក់ចុះនៃចំនួនប្រជាជនដែលមានអាយុធ្វើការរបស់ពួកគេ៕

ថៃនឹងចុះបញ្ជីសារជាថ្មីចាត់ទុកកញ្ឆាជា«គ្រឿងញៀន»នៅចុងឆ្នាំ២០២៤
ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២៤

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបាននិយាយថា ប្រទេសថៃនឹងចុះបញ្ជីកញ្ឆាឡើងវិញជា គ្រឿងញៀន នៅចុងឆ្នាំ ពោលគឺក្នុងរយៈពេលពីរឆ្នាំក្រោយ ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ នៅអាស៊ីដែលកាត់ផ្តាច់ការប្រើប្រាស់កញ្ឆាជាការកម្សាន្ត។ ការផ្លាស់ប្តូរនេះ បានកើតឡើងបើទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យលក់រាយ ក្នុងស្រុកសម្រាប់កញ្ឆាក៏ដោយ ជាមួយនឹងហាង និងអាជីវកម្មរាប់ម៉ឺនកន្លែងបានរីកដុះដាលនៅក្នុង ប្រទេសថៃក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅក្នុងឧស្សាហកម្មមួយដែលត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃរហូតដល់ 1.2 ពាន់លានដុល្លារនៅឆ្នាំ 2025។នាយករដ្ឋមន្ត្រីលោកស្រេថា ថាវីស៊ីន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្ញុំចង់ឱ្យ ក្រសួងសុខាភិបាលធ្វើវិសោធនកម្មច្បាប់ និងចុះបញ្ជីកញ្ឆាឡើងវិញជាគ្រឿងញៀន។ក្រសួងគួរតែចេញច្បាប់មួយយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់វាសម្រាប់តែគោល បំណងសុខភាព និងផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ។កញ្ឆា ត្រូវបានកាត់បន្ថយសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ 2018 និងការប្រើប្រាស់កម្សាន្ត ក្នុងឆ្នាំ 2022 ក្រោមរដ្ឋាភិបាលមុន ប៉ុន្តែអ្នករិះគន់និយាយថា សេរីភាវូបនីយកម្មរបស់វាត្រូវ បានប្រញាប់ប្រញាល់ឆ្លងកាត់ ដែលបណ្តាលឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងអំពីច្បាប់ និងបទប្បញ្ញត្តិ។ការអត្ថាធិប្បាយរបស់លោកស្រេថា ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធ ក្នុងការបង្ក្រាប គ្រឿងញៀន ដែលលោកបានប្តេជ្ញាប្រកាន់ជំហរតឹងរ៉ឹងលើគ្រឿងញៀនខុសច្បាប់ និងបានបញ្ជាឱ្យ អាជ្ញាធរផ្តល់លទ្ធផល និងបង្ហាញវឌ្ឍនភាពច្បាស់លាស់ក្នុងរយៈពេល 90 ថ្ងៃខាងមុខ៕

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា
ថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៤

នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ទាំង ៧០០ នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត។ នាឱកាសនោះ ឯកឧត្តមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ និងភ្នាក់ងារ គណបក្សទាំងអស់នាឱកាសនេះ។ ឯកឧត្តមក៏បានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៤ ជូនចំពោះ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់គ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក សមាជិក សមាជិកា ដែលតែងតែរួមគ្នាខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដែលបាននាំមកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាកន្លងមក និងឆ្ពោះទៅមុខ។ មានប្រសាសន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសនៃការនាំមកនូវការជួបជុំគ្នារវាងអង្គបោះឆ្នោត និងបេក្ខជបពេញសិទ្ធ និងបម្រុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាស្មារតីនៃកិច្ចប្រជុំយុទ្ធសាស្រ្តក្នុងការផ្តល់ជូនជាព័ត៌មានចុងក្រោយ រំលឹកដល់អង្គបោះឆ្នោតចំពោះការត្រៀមនូវឯកសារ ការថែរក្សាសុខភាព សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោតទាំងអស់ឱ្យត្រៀមខ្លួនបានរួចរាល់ទាំងឯកសារ និងស្មារតី និងនាំគ្នាចេញទៅបោះឆ្នោតថ្ងៃ ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ទាំងអស់គ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោត១ សន្លឹករបស់អ៊ំពូមីង គឺជាការបង្ហាញនូវភាពជឿជាក់ ក្តីស្រលាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាយន្តការមួយបន្ថែមទៀតសម្រាប់ថ្នាក់ការដឹកនាំខេត្ត ក្រុងស្រុក ក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺ ចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត៕

សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា។
ថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៤

សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា។

មកដឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។ លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទី១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤។ ទន្ទឹមនោះ លោកបណ្ឌិត បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយសម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។ មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ទទួលបានជោគជ័យនាដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ធុញទ្រាន់ផ្ទះមានស្រមោចច្រើនធ្វើយ៉ាងណាក៏មិនបាត់ សាកល្បងវិធីសាស្រ្តងាយៗមួយនេះអស់លុយតិចដោយប្រើប្រាស់របស់មាននៅផ្ទះបាយស្រាប់!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ចំណេះដឹង)៖ រូបមន្តកម្ចាត់ស្រមោចមួយកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំធ្វើការចែករំលែកយ៉ាងព្រោងព្រាត ដោយខ្លះធ្វើហើយបានជោគជ័យក៏ចង់ចែករំឡែកទៅកាន់អ្នកដទៃ ឯខ្លះទៀតក៏ចែករំលែកដើម្បីទុកអនុវត្តនៅពេលក្រោយ ដោយហេតុថារូបមន្តមួយនេះហាក់ងាយៗក្នុងការអនុវត្តថែមទាំងចមណាយលុយតិចតួចប៉ុណ្នោះ ពោលគឺរបស់ដែលមាននៅក្នុងផ្ទះបាយស្រាប់ពុំពិបាកទៅរកនៅឯណាឆ្ងាយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ Collin បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ផ្ទះអ្នកណាខ្លះមានស្រមោចច្រើនយកម្ទេស ១ស្លាបព្រាបាយ+ សាប៊ូលាងចាន ១ស្លាបព្រាបាយ+ជាមួយនឹងទឹក ១លីត្រ។លាយចូលគ្នាចាក់ចូលដប់បាញ់ត្រង់កន្លែងមានស្រមោចវៀច្រើនស្រមោច ក្រហម និង ស្រមោច ខ្មៅ ធានាថាអស់ ពីផ្ទះ តោះ ប្រើ វិធីល្អ ៗហើយអស់លុយតិច»។ក្រោយពីបានដឹងនូវរូបមន្តហើយឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមិនតិចនោះទេបានចាប់អារម្មណ៍ និងមានបំណងចង់អនុវត្តតាម។ ចុះមហាជនដែលកំពុងទស្សនានូវវីដេអូនេះធ្លាប់បានសាកល្បងហើយឬនៅ? បើធ្លាប់ហើយតើពិតជាមានប្រសិទ្ធភាពដូចការចែករំលែកដែរឬទេ? អាចខំមិននៅខាងក្រោមដើម្បីប្រាប់ដល់អ្នកមិនទាន់បានអនុវត្ត៕

មហាជនឆ្ងល់ថា ខេត្តបន្ទាយមានជ័យស្ថិតក្នុងកម្ពុជា បែរជាវិក្ក័យប័ត្រភ្លើង គិតចេញជាប្រាក់បាតថៃ មិនមែនប្រាក់រៀលទៅវិញ?
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ ស្របពេលបច្ចុប្បន្ននេះកំពុងមានរឿងរ៉ាវចម្រោងចម្រាសឥតឈប់ឈរ រវាងកម្ពុជា និងប្រទេសជិត ពាក់ព័ន្ធនឹងវប្បធម៌ផងនេះ បែរជាពេលនេះផ្ទុះរឿងថ្មីពេញបណ្ដាញសង្គមទៀយហើយ ក្រោយមហាជនបានឃើញ វិក័យប័ត្រភ្លើង នៅខេត្តបន្ទាយមានជ័យទូរទាត់ជាប្រាក់បាតថៃ មិនមែនជាប្រាក់រៀលខ្មែរ ខណៈខេត្តបន្ទាយមានជ័យជាទឹកស្ថិតក្នុងប្រទេសកម្ពុជាសោះ បង្កឱ្យមហាជននិយមលេងបណ្ដាញសង្គមរិះគន់មិនសំចៃមាត់។ បើយោងតាមគណនីហ្វេសបុកឈ្មោះ Sar Rotha Post បានធ្វើការបង្ហោះវិក័យប័ត្រភ្លើងមួយសន្លឹក អមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែអត់យល់រឿងមួយនេះ ទឹកដីខ្មែរ ចាយលុយសៀម បន្ទាយមានជ័យជាទឹកដីខាងណាអោយប្រាកដ? សូមចូលរួមលើកស្ទួយ ប្រាក់រៀលខ្មែរផង អស់លោកអ្នកមុខអ្នកការ លើកស្ទួយប្រាក់រៀលគឺចាប់ពីពលរដ្ឋម្នាក់ៗបើអស់លោកជាអ្នកមុខអ្នកការក្នុងខេត្តផ្តល់នូវគំរូ អវិជ្ជមាន តើរំពឹងអីទៅ?»។មហាជនដែលឃើញការផុសនេះហើយនាំគ្នាសម្ដែងអារម្មណ៍ហួសចិត្ត ខ្លោចចិត្តជាខ្លំាង និងចែករំលែកយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គមដោយបានលើកឡើងថា «ជារឿងដែលខ្ញុំឆ្ងល់យូរមកហើយ គ្រាន់តែចាយលុយខ្លួនឯងលើទឹកដីខ្លួនធ្វើមិនបាន មិនមែនតែភ្លើងទេចាយទៅឲ្យតែជាប់ព្រំប្រទល់ថៃគឺចឹង ចាញ់ប្រៀបគេ។ មហាជនខ្លះបន្តថា វាជារឿងមិនល្អទេសម្រាប់ជាតិ ខ្ញុំលក់ដូរនៅខេត្តកំពង់ចាមមានក្មេងប្រុសរស់នៅបន្ទាយមានជ័យ មានទិញខ្ញុំនិយាយលុយជាបាតទាំងខ្ញុំស្ដាប់គាត់ទិញមិនចង់យល់សោះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលជំនាន់ក្រោយមិនស្គាល់ប្រាក់រៀលខ្លួន»។ ចំណែក ប៉ោយប៉ែត កន្លែងខ្លះយកលុយខ្មែរទៅទិញគេមិនលក់អោយទេ គេអោយទៅដូរយកលុយBទៅទិញបានគេលក់អោយ ទាំងដែលលក់របស់ខ្មែរ ហើយកូនខ្មែរជានាក់លក់ តែមិនចាយលុយខ្មែរទេ លោកពូអើយមិនត្រឹមតែប៉ុណ្ណោះ មានមហាជនរស់នៅខេត្តផ្សេងទៀតបានចែករំលែកថា «កោះកុងក៏ចឹងដែរបង ព្រោះកាលពីជំនាន់មុន កោះកុងអត់ភ្លើងប្រើ សុំចុះកុងត្រាយកភ្លើងពីថៃមកប្រើ ទោះពេលនេះមានភ្លើងប្រើគ្រប់គ្រាន់ក៏មិនទាន់ចប់កុងត្រាគេ បើដកសិទ្ធិគេចេញ សងលុយគេ» ។ ខ្លះបន្តថា ខាងបាត់តំបងក៍ចឹង លក់ដូរនិយាយតែលុយបាត»។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវ និងការបញ្ចេញមតិទាំងនេះ មហាជនកំពុងរងចាំមើលបន្តថា តើមន្ត្រី ឬស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងមានការបកស្រាយបែបណាចំពោះករណីខាងលើនេះ៕

សោកស្ដាយ! ដំរីញី១ក្បាលនៅខេត្តមណ្ឌលគិរីត្រូវបានបាត់បង់ជីវិត ដោយសារតែជាប់ផុងយូរពេកនៅអូរក្រាក់!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ខេត្តមណ្ឌលគិរី)÷ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។ ក្រុមការងារបានព្យាយាមជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ប៉ុន្តែគួរឱ្យសោកស្ដាយ 10 ថ្ងៃក្រោយមក ដំរីញី១ក្បាលនោះបានបាត់បង់ជីវិត។ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅ កន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ដោយសុខភាព សត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង២រសៀលនាថ្ងៃនេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

សិស្សរៀនជំនាញវិជ្ជាជីវៈ បច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលគឺជារឿងចាំបាច់
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា ការដឹកនាំអ្នកសាព័ត៌មានចុះមកទស្សនកិច្ចផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែងយល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មានបានយ៉ាងទំលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ យុវជន សម្បត្តិ ឈាំង ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា៖«ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មានជាច្រើននាក់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មានអាចផលិតមាតិកាល្អៗអំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។ យុវជនរូបនេះបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺជាវិធីសាស្រ្តមួយក្នុងការកៀរគរយុវជនគោលដៅ ក៏ដូចជាពលរដ្ឋឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះឱ្យបានច្រើន។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានអាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។ ដោយឡែកយុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា៖«រីករាយដែលបានឃើញអ្នកសារព័ត៌មានជាច្រើននាក់ចុះមកយកព័ត៌មានផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹងកំពុងចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៉ីនធើណែត»។ យុវជនរូបនេះសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន។ ទន្ទឹមនឹងការទទួលបានជំនាញមួយពិតប្រាកដប្រចាំជីវិតតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនដ៏ទៃទៀតដែលពុំទាន់មានជំនាញច្បាស់លាស់ សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាននៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់ខេត្ត ក្រុងរបស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាពគ្រួសារក្រោយសិក្សាចប់តែម្តង។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu) ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕

បណ្តាញសង្គម