(គូឡាឡាំពួរ)៖ បុគ្គលិកយោធាម៉ាឡេស៊ី១០នាក់ នៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿង បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានបើកបុកគ្នានៅកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹក នៅទីក្រុង Lumut រដ្ឋ Perak ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។មូលដ្ឋានកងទ័ព Royal Malaysian Navy (RMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានធ្លាក់នៅម៉ោង 9.32 ព្រឹក។យោងតាមសារផ្ញើដោយកងទ័ពជើងទឹកបានឱ្យដឹងថា ឧទ្ធម្ភាគចក្របានហោះឡើងនៅម៉ោង ៩ និង០៣នាទីព្រឹក។ សារនោះបាននិយាយថា ឧទ្ធម្ភាគចក្រ HOM បានធ្លាក់ នៅលើជណ្តើរ នៃកីឡដ្ឋានមួយ ខណៈដែលឧទ្ធម្ភាគចក្រ Fennec បានធ្លាក់ចូលទៅក្នុងអាងទឹក។កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយ បានបញ្ជូនទៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធមូលដ្ឋានទ័ពជើងទឹក Lumut សម្រាប់ដំណើរការ កំណត់អត្តសញ្ញាណ ដោយបន្ថែមថា នាបសមាជិកនាវិក 7 នាក់នៅលើឧទ្ធម្ភាគចក្រ HOM និង 3 នាក់ ទៀតនៅលើឧទ្ធម្ភាគចក្រ Fennec ។មេប៉ូលីសរដ្ឋ Perak លោក Mohd Yusri Hassan Basri បានបញ្ជាក់ថាមនុស្ស 10 នាក់បានស្លាប់។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃការហាត់សមសម្រាប់ព្យុហយាត្រាទិវាកងទ័ពជើងទឹកលើកទី 90 ។កងទ័ពនឹងបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃឧប្បត្តិហេតុនេះ។វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីឧទ្ធម្ភាគចក្រចំនួន ៧គ្រឿងបានហោះពីលើមូលដ្ឋាន បន្ទាប់មកឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា ដែលចេញនូវផ្សែង និងកម្ទេចកម្ទី មុននឹងធ្លាក់មកដី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ៕
(ក្រចេះ)៖ ជាការពិតណាស់នេះអាចចាត់ទុកថាជាដំណឹងមួយដ៏រីករាយផងដែរ ដោយកាលពីពេលថ្មីៗនេះគេបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីបានមួយក្បាលថែមទៀតនៅអន្លង់កាំពី ខេត្តក្រចេះ។ វត្តមានសមាជិកថ្មីនេះផងដែរនឹងកាន់តែធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តក្រចេះកាន់តែមានភាពទាក់ទាញនូវទស្សនីយភាពទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។យ៉ាងណាមិញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២%។ ៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕