(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu នៅក្នុងការរង្គោះរង្គើដ៏ធំមួយចំពោះថ្នាក់ដឹកនាំយោធារបស់រុស្ស៊ី អស់រយៈពេលជាងពីរឆ្នាំ ក្នុងការវាយលុកអ៊ុយក្រែនរបស់ខ្លួន។លោកពូទីន បានស្នើសេដ្ឋវិទូលោក Andrey Belousov ជាអ្នកជំនួសលោក Shoigu នេះបើយោងតាមបញ្ជី នៃការតែងតាំងថ្នាក់រដ្ឋមន្ត្រីដែលចេញផ្សាយដោយក្រុមប្រឹក្សាសហព័ន្ធដែលជាសភាជាន់ខ្ពស់របស់ រុស្ស៊ី។ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដ៏សំខាន់មួយ នៅក្នុងជម្លោះជាមួយកងទ័ពរុស្ស៊ីដែលកំពុងរុលទៅមុខ នៅភាគខាងកើតអ៊ុយក្រែន ហើយទើបតែចាប់ផ្តើមប្រតិបត្តិការជើងគោកថ្មីដ៏សំខាន់មួយប្រឆាំងនឹងតំបន់ Kharkiv ភាគឦសាន។ទោះបីជាមានការបរាជ័យផ្នែកយោធាជាច្រើននៅក្នុងឆ្នាំដំបូងនៃយុទ្ធនាការ រួមទាំងការបរាជ័យ ក្នុងការដណ្តើមយករដ្ឋធានី Kyiv របស់អ៊ុយក្រែន និងការដកថយពីតំបន់ Kharkiv និង Kherson ភាគខាងត្បូងក៏ដោយ ក៏លោក Shoigu បានឈរក្បែរលោក Putin រហូតមកដល់បច្ចុប្បន្ន។ដោយពន្យល់ពីពេលវេលានៃការសម្រេចចិត្តនេះ វិមានក្រឹមឡាំងបាននិយាយថា វាត្រូវការឱ្យក្រសួងការ ពារជាតិរក្សា "ភាពច្នៃប្រឌិត"។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅក្នុងសន្និសីទសង្ខេបស្តីពីការតែងតាំងនេះថា "ក្រសួងការពារជាតិត្រូវតែបើកចំហយ៉ាង ពិតប្រាកដ ចំពោះការបង្កើតថ្មី ដល់ការដាក់បញ្ចូលនូវគំនិតជឿនលឿនទាំងអស់ ដល់ការបង្កើតលក្ខខណ្ឌ សម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច" ។ លោក Peskov បាននិយាយថា "សមរភូមិត្រូវបានឈ្នះដោយ អ្នកណាដែលបើកទូលាយជាង ចំពោះការច្នៃប្រឌិត។រដ្ឋមន្ត្រីការពារជាតិថ្មី លោកBelousov គ្មានប្រវត្តិខាងយោធាទេ តែគឺជាទីប្រឹក្សាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោក Putin ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។លោក Shoigu ដែលមានអាយុ 68 ឆ្នាំត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក្នុងឆ្នាំ 2012 ហើយមានអាជីពនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍នៃភាពជាប់បានយូរដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រទេសរុស្ស៊ីក្រោយសូវៀត។មុនពេលដែលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 លោកត្រូវបានគេមើលឃើញថាជាអនុសេនីយម្នាក់ដែលគួរឱ្យទុកចិត្តបំផុតរបស់លោកពូទីន៕
(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ករណីបងប្អូនអតីតបុគ្គលិក ណាហ្កាវើល (Naga World) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រឹងប្រែងសម្របសម្រួលដោះស្រាយករណីកូដករណាហ្កាវើលនេះតាមសមត្ថកិច្ច និងតួរនាទី ដូចមានចែងក្នុងច្បាប់ការងារ ដោយប្រើប្រាស់យន្តការដោះស្រាយវិវាទការងារតាមការសម្របសម្រួលផ្សះផ្សាចំនួន២លើក ប៉ុន្តែភាគីវិវាទមិនសះជា។ ក្រសួងបានបញ្ជូនករណីនេះទៅដោះស្រាយតាមយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចរួចហើយផងដែរ។ ក្រុមហ៊ុនណាហ្កាវើលក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារចូលគណនីធនាគាររបស់អតីតបុគ្គលិកទាំង នោះរួចរាល់ជាយូរមកហើយ។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានសម្របសម្រួលដោះស្រាយករណីនេះចំនួន ២៧លើក តែភាគីទាំងពីរមិនមានដំណោះស្រាយបញ្ចប់វិវាទនោះទេ។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣ នាក់នោះ មានអតីតបុគ្គលិកចំនួន ២៩៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ៨០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមបុគ្គលិក ៨០នាក់នេះ សព្វថ្ងៃមួយចំនួនបានមានការងារថ្មីធ្វើ ឯអ្នកដែលជាកូដករកំពុងបន្តការតវ៉ាសព្វថ្ងៃមានប្រហែលជាង២០នាក់ប៉ុណ្ណោះ ។ជាដំណោះស្រាយ ខ្ញុំយល់ឃើញថា៖១.បងប្អូនអតីតបុគ្គលិកណាហ្កាវើសគួរមានជម្រើសធ្វើការងារដើម្បីមានប្រាក់ចំណូលឬប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ (NEA) ជួយសម្របសម្រួលស្វែងរកការងារថ្មីជូនបងប្អូន។ សព្វថ្ងៃនេះមានការងាររាប់ម៉ឺនកន្លែងកំពុងត្រូវការបុគ្គលិកធ្វើការដូចជា ធនាគារ ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ ២.បងប្អូនកូដករណាហ្កាវើល ត្រូវបង្ហាញនូវឆន្ទះរបស់ខ្លួនក្នុងការដោះស្រាយបញ្ចប់វិវាទការងារនេះ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់កូដករ ជៀសជាងការធ្វើកូដកម្មក្នុងរបៀបវារៈផ្សេង និងតាមការរៀបចំដោយក្រុមណាមួយ ដែលយកកូដករជាឧបករណ៍របស់គេ។ ៣. ក្រសួងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានបំពេញតួនាទីតាមសមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ ភាគីណាមួយអាចប្តឹងទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ៕
(ភ្នំពេញ)៖ ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាត្តិ បងប្អូន របស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ លោកស្រីបានលើកឡើងថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលឮដំណឹងថាកូនស្រីរបស់ខ្លួនបានវិលត្រឡប់មកបហរទេសវិញ។ ម្ដាយរបស់ពលការិនី រូបនេះលើកឡើងថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលជួយកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញ គាត់ជួយតាំងពីនៅអារ៉ាប់រហូតមកដល់ស្រុកខ្មែរតាំងពីកន្លែងស្នាក់នៅ និងការហូបចុក»។ទន្ទឹមនេះ លោក ផន ម៉េងឈ័ន ជាបងប្រុសបង្កើតរបស់ពលការិនីដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីប្អូនស្រីអាចវិលត្រឡប់មកស្រុកខ្មែរ ដោយសុវត្ថិភាព។ លោក ម៉េងឈ័ន បានលើកឡើងថា៖«ខ្ញុំមានអារម្មណ៍អររំភើបដែលប្អូនបានមកដល់ទឹកដីខ្មែរវិញ មានសុវត្ថិភាព។ ខ្ញុំអរគុណដល់ក្រសួងការងារដែលជួយជ្រោមជ្រែងពលករចំណាកស្រុកទាំងអស់បានជោគជ័យ»។ចំណែក លោកស្រី សូ ណាភណ្ឌ បងស្រីបង្កើតរបស់ពលការិនី សូ ចេនឡា ក៏មិនខុសគ្នាប៉ុន្មានដែរពីក្រុមគ្រួសារពលការិនីផ្សេងៗទៀត ដោយលោកស្រីបានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធដែលបានដុតដៃដុតជើងជួយក្រុមពលការិនីឲ្យបានត្រឡប់មកវិញ»។ សូមបញ្ជាក់ថា ក្រសួងការងារបានរៀបចំជូនដល់ក្រុមគ្រួសារពលការិនី បានជួបជុំគ្នានៅទីស្តីការក្រសួងការងារ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅលំនៅដ្ឋានវិញ៕