(ជាតិ)៖ ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយពីសំណាក់ក្រសួងព័ត៌មាន។ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរ ប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។គួរបញ្ជាក់ថា នេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក៕
(ព័ត៌មានជាតិ)៖ ពេលវេលាដ៏មានតម្លៃ និងសប្បាយរីករាយឥតឧបមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ខ្មែររយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយរលូន បានបន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍រាប់មិនអស់ ជាពិសេសនៅតាមបណ្ដាខេត្ត និងរមណីដ្ឋាននានា មានភ្ញៀវទេសចរសរុបជាង ២១,៧០លាននាក់ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ជូលចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ខេត្តចំនួន៥ ដែលទទួលបានចំណាត់ថ្នាក់ជើងឯក មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេបំផុតមានដូចជា៖ ១/ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរចំនួន 5349 811នាក់២/ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរចំនួន 2 298 402នាក់៣/ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរចំនួន 2 103 915នាក់៤/ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរចំនួន 1 734 629នាក់៥/ ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន 1 403 497នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕
(សង្គម)៖ ក្មេងស្រីដ៏ស្រស់ស្អាត២នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី៣ វេលាម៉ោងប្រមាណជា៦ល្ងាច ត្រូវបានស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ដាយ បានយកមកបោះបង់ចោលក្នុងសួនកម្សាន្ត Sunshine Family ក្បែរបឹងកក់ រហូតមកដល់ពេលនេះហើយ នៅតែមិនទាន់ឃើញមានអាណាព្យាបាល ឬសាច់ញាតិណាម្នាក់មកទទួលក្មេងស្រីរង គ្រោះត្រឡប់ទៅផ្ទះវិញនោះទេ។ ជាក់ស្ដែង បើយោងតាមផេកហ្វេសបុករបស់សួនកម្សាន្ត Sunshine Family Park បានធ្វើការបង្ហោះរូបភាពអមដោយខ្លឹមសារថា « សេចក្ដីជូនដំណឹង កុមារតូចពីរនាក់ត្រូវបានស្រ្តីម្នាក់ បានយកមកទុកចោលនៅ សួនកម្សាន្ត Sunshine Family កាលពីថ្ងៃ 15 ខែ មេសា នៅវេលាម៉ោង ប្រហែល 6 ល្ងាច មកដល់ពេលហើយមិនមានមាតាបិតា ឬ អាណាព្យាបាលណាម្នាក់បានទាក់ទងមកទេ។ អំឡុងពេលនេះ អ្នកគ្រប់គ្រងសួនកម្សា្តនបានយកពួកគេទៅផ្ទះផ្ទាល់ខ្លួន ដើម្បីមើលថែយ៉ាងឌិតដល់។សង្ឃឹមថាបងប្អូនទាំងអស់ជួយផ្សាព្វផ្សាយដើម្បីរកមាតាបិតារបស់ពួកគេសូមទាក់ទង មកកាន់ ក្រុមការងារ Sunshine Family Park តាមលេខ ០៩៦ ២៦ ៧៤ ០០១។ជុំវិញករណីនេះ ធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង និងបង្ហាញក្ដីអាណិតអាសូរដល់ក្មេងស្រីរងគ្រោះទាំង២ ខណៈ វ័យកំពុងត្រូវការការថ្នាក់ថ្នម បីបាច់មើលថែរក្សា បែរជាមកត្រូវម្ដាយបោះបង់ចោល ទាំងគ្នាមិនដឹងអ្វីសោះ។ ស្ត្រីជាម្ដាយគ្រប់រូបបាននាំគ្នាលើកឡើងថា មីម្តាយចិត្តវាមិនដឹងសាងពីអី? បើមានរឿងបញ្ហាក្នុងគ្រួសារប្តីប្រពន្ធ ក៏មិនត្រូវយកកូនមកទុកចោលបែបនេះដែល .ចេះម្ចាស់សួនគេល្អ ចុះបើប៉ះមនុស្សមិនល្អគេយកកូនយើងទៅធ្វើបាបវិញ តើចិត្តវាជាម្តាយឈឺពិនណា? បើជាកូនខ្ញុំវិញហា មិនចោលទេកូន ទោះពិបាកអត់សីុអត់ឃ្លានក៏មិនយកកូនបោះចោលដែល ខំពពោះ9ខែ10ថ្ងៃ ពិបាកហើយកើតមកបានពិននេះហើយខ្ញុំមិនភ្លើទេ វើយ ចង់ប្តីមិនត្រូវការ ក៏មានកូនជាកំម្លាំងចិត្ត។ មហាជនបានកោតសរសើរដល់ម្ចាស់ អ្នកគ្រប់គ្រងសួនកម្សាន្ត Sunshine Family Park និងសម្ដែងការអរគុណដល់ម្ចាស់សួនកម្សាន្តខាងលើដែលបានជួយមើលថែក្មេងទាំងពីរបានយ៉ាងល្អ៕