វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
លាភធំពេញភូមិ! ប៊ូសស្រ្តង ១កំប៉ុង ២៥០០៛ ប្ដូរបានឡានថ្មីខ្លាញ់គោរាប់ម៉ឺនដុល្លារ
ថ្ងៃទី០៦ ខែឩសភា ឆ្នាំ២០២៤

មិនធម្មតាមែន បី្ដប្រពន្ធមួយគូ ក្រោយទិញប៊ូសស្រ្តងអស់២៥០០៛ ត្រូវបានឡានថ្មីខ្លាញ់គោរាប់ម៉ឺនដុល្លារ សប្បាយចិត្តខ្លាំងពេក សង់រោងជប់លៀងពេញ១ភូមិ ធ្វើម្ហូបឆ្ងាញ់ៗ ញុំាប៊ូសស្រ្តងត្រជាក់ៗ រាំលេងយ៉ាងសប្បាយ។ ប្ដីប្រពន្ធមហាសំណាង ប្រពន្ធឈ្មោះ ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងប្ដីឈ្មោះ ភុន ម៉ារ៉ា អាយុ ៤១ឆ្នាំ មុខរបរស៊ីឈ្នួលបើកឡាន ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បងស្រី លីណា បានប្រាប់ថា ពេលគាត់ចេញពីបង្រៀនសម្រាកញុំាបាយថ្ងៃ ក្ដៅខ្លាំងពេក ប្ដីក៏ទិញប៊ូសស្រ្តងត្រជាក់ៗឱ្យញុំា ១កំប៉ុង គាស់ភ្លែត ត្រូវរង្វាន់ឡានភ្លាម រំភើបខ្លាំងពេកស្រែកហ៊ោពេញផ្ទះ។ ហើយក្នុងថ្ងៃក្រុមហ៊ុនយកឡានមកប្រគល់ជូនដល់ផ្ទះ គាត់ក៏រៀបចំសង់រោង បបួលអ្នកភូមិមកចូលរួមជប់លៀងឡានថ្មី ញុំាអាហារឆ្ងាញ់ៗ ផឹកប៊ូសស្រ្តងត្រជាក់ៗ និងរាំលេងយ៉ាងសប្បាយ។ នេះបានថា មេឃកាន់តែក្ដៅ ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំងហើយនាំលាភសំណាងធំពេញ ១ភូមិទៀត។ ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស!

មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដុតបំផ្លាញចោលនូវគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកដែលខូចគុណភាពប្រមាណជាង ១៧តោន
ថ្ងៃទី០៥ ខែឩសភា ឆ្នាំ២០២៤

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើការដុតបំផ្លាញចោលនូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កកចំនួន ១៧ ៨៨០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ។ ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះរួមមាន ទឹកម្ទេស ទឹកស៊ីអ៉ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក។ល។ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះត្រូវបានមន្រ្តីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិតក្នុងខណ្ឌចំនួនបីរួមមាន ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ គួររំលឹកផងដែរថា មន្រ្តីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ ការពារ និងទប់ស្កាត់ទំនិញខូចគុណភាពដែលចរាចរលក់នៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងធានាភាពស្មើគ្នាក្នុងធុកិច្ច៕

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤៖
ថ្ងៃទី០៥ ខែឩសភា ឆ្នាំ២០២៤

សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

កំពត៖ សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
ថ្ងៃទី០៥ ខែឩសភា ឆ្នាំ២០២៤

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចាប់ផ្តើមបញ្ជូនយុវជនសិក្សាជំនាញនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់ខ្លួនចុះហាត់ការនៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំយកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុននឹងទទួលយកជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់នៅ៣សប្តាហ៍ខាងមុខទៀត។ ការលើកឡើងបែបនេះរបស់សិក្ខាកាមបន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។ យុវជន កឹម ពេជ្យ សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានលើកឡើងថា៖«បន្ទាប់ពីបានសិក្សាជំនាញបច្ចេកទេសបានជិត៤ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំបញ្ជូនទៅចុះហាត់ការនៅក្រុមហ៊ុនខាងអគ្គិសនីឈ្មោះ ក្រុមហ៊ុនកម្ពុជាចក្រីទីង រយៈពេល៣សប្តាហ៍»។ យុវជនរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះការហាត់ការជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនបន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុតអំឡុងពេលធ្វើការនៅក្រុមហ៊ុនឯកជននេះ។ យុវជន ភឿង សំណាង សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បន្តថា៖«អំឡុងពេលសិក្សាជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត តែពេលរៀនចប់ ចុះហាត់ការតាមក្រុមហ៊ុន ខ្ញុំទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនជាង ២០០ដុល្លារក្នុងមួយខែថែមទៀត។ ខ្ញុំសប្បាយចិត្តពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ»។ យុវជនរូបនេះបន្តថា ខ្លួនត្រូវបានសាលាបញ្ជូនទៅហាត់ការនៅក្រុមហ៊ុនពូចិន ដែលជាក្រុមហ៊ុនខាងអគ្គិសនី និងសំណង់ រយៈពេលចំនួន៣សប្តាហ៍។ ការហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គសិក្សាចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដូច្នេះរំពឹងយ៉ាងមុតមាំថានឹងទទួលការជ្រើសរើសជាបុគ្គលិកពេញសិទ្ធិពីសំណាក់ក្រុមហ៊ុនបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់។ ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តនៅពេលមានឱកាសចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជននានា
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ យុវជននៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថាខ្លួនសប្បាយចិត្តនៅពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះវាជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តងក្រោយបញ្ចប់វគ្គហាត់ការ។ យុវជន ជុំ ចំរើន សិក្ខាកាមសិក្សាផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានមានឱកាសចុះហាត់ការនៅក្រុមហ៊ុន ឯកជនឈ្មោះ Lotus ដែលជាក្រុមហ៊ុនផ្នែកសំណង់ ព្រោះខ្ញុំបានរៀនជំនាញនៅក្នុងថ្នាក់ហើយ បន្ទាប់មកបានចុះអនុវត្តផ្ទាល់នៅក្រុមហ៊ុនឯកជនថែមទៀត»។ យុវជនរូបនេះបន្ថែមថា នៅវគ្គចុះហាត់ការនេះខ្លួនរំពឹងយ៉ាងមុតមាំថានឹងមានឱកាសក្នុងការបម្រើការងារជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនដែលកំពុងចុះហាត់ការនេះផ្ទាល់តែម្តង ពីព្រោះការហាត់ការរយៈពេល១ខែមកនេះមានភាពល្អប្រសើរ ហើយមានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនផ្ទាល់តែម្តង។ ដោយឡែកយុវជន សូ កក្កដា សិក្ខាកាមម្នាក់ទៀតសិក្សា ផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងដែរថា៖«ខ្ញុំរីករាយណាស់ដែលបានរៀនជំនាញក្នុងថ្នាក់បានយ៉ាងល្អ ហើយមានឱកាសចុះហាត់ការនៅក្រុមហ៊ុនឯកជនឈ្មោះ A2Z ដែលជាក្រុមហ៊ុនផ្នែកសំណង់ ពីព្រោះវាជាឱកាសរៀនសូត្របន្ថែម ពង្រឹងសមត្ថភាព និងជាពិសេសនឹងអាចមានឱកាសធ្វើការនៅក្រុមហ៊ុនដ៏ល្អនេះផងដែរ»។យុវជនរូបនេះបន្ថែមថា ខ្លួនបានចុះហាត់ការបានរយៈពេល១ខែហើយ បន្ទាប់ពីសិក្សាជំនាញអស់រយៈពេលជិត៤ខែនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយរំពឹងថាក្រុមហ៊ុននឹងអាចជ្រើសរើសខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការហាត់ការនៅទីនេះ។ ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕

សិក្ខាកាម Re-Skill, Up-Skill ថាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥ លាននាក់គឺជាឱកាសពង្រឹងសមត្ថភាពបន្ថែម លើជំនាញបច្ចុប្បន្ន
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។ លោក ព្រហ្ម វាសនា បុគ្គលិកនៃក្រមហ៊ុនយ៉ូស ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation បានលើកឡើងថា៖«គោលបំណងរបស់ខ្ញុំដែលសម្រេចចិត្តមករៀនជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងឱ្យមានសមត្ថភាពល្អជាងមុនដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់នៅក្រុមហ៊ុនបច្ចុប្បន្ន»។លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ហើយវាជាឱកាសមួយសម្រាប់ពលរដ្ឋទាំងឡាយណាដែលចង់សិក្សាជំនាញរយៈពេលខ្លី ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានប្រាក់ចំណូលសមរម្យ។ ដោយឡែកលោក ឡេង វណ្ណៈ បុគ្គលិកនៃក្រុមហ៊ុនវីតាល់ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation ក៏បានលើកឡើងដែរថា៖«ខ្ញុំសម្រេចចិត្តមកសិក្សាជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់អភិវឌ្ឃន៍សមត្ថភាពឱ្យល្អជាងមុន ហើយលើសពីនេះទៅទៀតដើម្បីជាឱកាសក្នុងការចាប់យកអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីក្រុមហ៊ុនបច្ចុប្បន្ន»។ លោកបន្ថែមថា ការសិក្សាជំនាញបន្ថែមតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឈជំនាញ និងបង្កើតជំនាញ ពីព្រោះការសិក្សាមានរយៈពេលខ្លី និងសិក្សាដោយឥតគិតថ្លៃ លើសពីនេះទៅទៀតការសិក្សាមានគុណភាព ច្បាស់ និងមានការយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះសិក្ខាកាមដែលកំពុងរៀនជំនាញនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចបើកឱកាសឱ្យពលរដ្ឋដែលមានការងារធ្វើ និងមិនមានការងារធ្វើមករៀនជំនាញ និងបន្ថែមជំនាញបានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្នុងនោះដែរកម្មវិធីនេះក៏ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋទាំងឡាយណាដែលមានការងារធ្វើក៏មានឱកាសមកសិក្សាជំនាញបន្ថែមទៀត (Re-Skill, Up-Skill) ពីលើការងារបច្ចុប្បន្នដោយឥតគិតថ្លៃ៕

ច្បាប់ថ្មី! យោធាមីយ៉ាន់ម៉ា នឹងហាមមិនឱ្យបុរស ទៅបរទេស
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(​យ៉ាំងហ្គោន)៖ របប​យោធា​មីយ៉ាន់ម៉ា ​បាន​ផ្អាក​ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​បុរស​ទៅ​ធ្វើ​ការ​នៅ​បរទេស ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ប្រើ​ច្បាប់​កាត្វពកិច្ចយោធា​ដែល​នាំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់ ​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស។របបយោធាដែលកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធ បាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែ លអនុញ្ញាត បុរសទាំងអស់ឱ្យបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ពីរឆ្នាំ។ការផ្លាស់ប្តូរនេះ ធ្វើឱ្យមនុស្សរាប់ពាន់នាក់តម្រង់ជួរ សុំទិដ្ឋាការនៅខាងក្រៅស្ថានទូតបរទេស នៅទីក្រុង យ៉ាំងហ្គោន និងមួយចំនួនទៀតឆ្លងចូលទៅក្នុងប្រទេសថៃ ដែលជាប្រទេសជិតខាង ដើម្បីគេចពីច្បាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ក្រសួង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​ដោយ​ក្រុម​ព័ត៌មាន​របស់​របប​យោធា​ ​ថា ក្រសួង​ការងារ​បាន "ផ្អាក​ជា​បណ្ដោះ​អាសន្ន" ទទួល​យក​ពាក្យ​សុំ​ពី​បុរស​ដែល​ចង់​ធ្វើ​ការ​នៅ​បរទេស។វិធានការនេះគឺត្រូវការជាចាំបាច់ដើម្បី ចំណាយពេលវេលាបន្ថែមទៀតដើម្បី ផ្ទៀងផ្ទាត់ដំណើរ ការចាកចេញ និងយោងទៅតាមបញ្ហាផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ាជាង ៤ លាននាក់កំពុងធ្វើការនៅបរទេសក្នុងឆ្នាំ ២០២០ នេះបើ យោងតាមការប៉ាន់ប្រមាណរបស់អង្គការពលកម្មអន្តរជាតិដែលដកស្រង់តួលេខពីរដ្ឋាភិបាលនៅពេលនោះ៕

យុវជន សិស្ស និស្សិត បានត្រៀម CV រួចហើយឬនៅ? នៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យុវជន សិស្ស/និស្សិត បានត្រៀម CV រួចហើយឬនៅ? នៅសល់តែ ៦ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ឱកាសការងារសរុបជាង ៥ពាន់ កន្លែងពីក្រុមហ៊ុនធំៗ ជាង ២០! ដាក់ពាក្យភ្លាម បានសម្ភាសភ្លាម! កុំភ្លេច ត្រៀម CV ឲ្យបានច្រើន ដើម្បីចូលរួមទាំងអស់គ្នាណា៕

ភូមិខ្មែរ នៅប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ប្រពៃណីរបស់ខ្មែរ!
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ប្រទេសជប៉ុន)៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕

ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

 ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម ។ កញ្ញា បន្តថា៖ «ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ»។កញ្ញាបញ្ជាក់បន្តថា ជាក់ស្តែងក្នុងឱកាសចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីពនាថ្ងៃទី៩-១០ ខាងមុខនេះ MEKONGNET នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនតួនាទីសម្រាប់ផ្តល់ជូនដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ កញ្ញាបញ្ជាក់បន្ថែមថា ការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។លោកបន្ថែមថាព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ហេតុការណ៍ផ្ទុះមួយ បណ្តាលឱ្យមនុស្ស៦នាក់បាត់បង់ជីវិត នៅភាគខាងត្បូងប្រទេសវៀតណាម
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មនុស្ស 6 នាក់បានស្លាប់បន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងនៅឯក្រុមហ៊ុនផលិតឈើមួយ នៅក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម។នៅវេលាម៉ោង៩ព្រឹក មានការផ្ទុះដ៏ខ្លាំងមួយ ដែលគេជឿថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី បានកើត ឡើងនៅឯក្រុមហ៊ុនផលិតឈើ Binh Minh ក្នុងឃុំ Thien Tan ស្រុក Vinh Cuu ខេត្ត Dong Nai ។ការ​ផ្ទុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​នឹង​កន្លែង ។ បើ​តាម​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មនុស្ស ៧ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ។នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​រោង​ឈើ​មួយ​ផ្នែក​បាន​បាក់​រលំ​ដំបូល​ដែក​ប្រក់​ដំបូល​។បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​បាន​និយាយថា កម្មករ​ទើបតែ​ជួសជុល​ឡ​ចំហាយ​ទឹក ហើយ​វា​បាន​ផ្ទុះ​ប្រហែល ៣ នាទី​ក្រោយមក​។លោកវេជ្ជបណ្ឌិត Nguyen Tuong Quang អនុប្រធានមន្ទីរពេទ្យទូទៅ Thong Nhat ក្នុងខេត្ត Dong Nai និយាយថា បច្ចុប្បន្ននេះ ពួកគេកំពុងព្យាបាលអ្នករបួសចំនួន ៥ នាក់ក្នុងហេតុការណ៍ផ្ទុះ ដោយក្នុងនោះ អ្នកជំងឺម្នាក់បានរងរបួសជាច្រើននាក់។ក្រុមហ៊ុនផលិតកម្ម និងជួញដូរឈើ Binh Minh ដែលមានប្រតិបត្តិការជាងមួយទសវត្សរ៍ និងការវិនិយោគ ផ្ទាល់ពីបរទេសបានចូលរួមក្នុងការផលិត និងពាណិជ្ជកម្មផលិតផលឈើ៕

លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីធ្វើរឿងមួយពាក់ព័ន្ធនឹងរុស្សី
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ប៉េកាំង)៖ លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ដើម្បីការពារ សម្ព័ន្ធភាព "គ្មានដែនកំណត់" របស់ចិនជាមួយរុស្ស៊ី ដែលដំបូងគេនឹងទៅប្រទេសបារាំង ដែលជាអ្នក គាំទ្រដ៏សំខាន់សម្រាប់អ៊ុយក្រែន បន្ទាប់មកទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រី ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយវិមានរុស្សី។មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ កំពុងស្វែងរកការធ្វើឱ្យកាន់តែស៊ីជម្រៅ ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ដើម្បីទប់ទល់នឹងទំនាក់ទំនងដ៏លំបាក ជាមួយគូប្រជែង គឺទីក្រុងវ៉ាស៊ីនតោន។ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រសិនបើបារាំង និងសម្ព័ន្ធមិត្តអ៊ុយក្រែនផ្សេងទៀតនៅអឺរ៉ុបជឿថា លោក ស៊ី ជិនពីង អាចត្រូវបានបង្រួបបង្រួមឱ្យបោះបង់ចោលមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពួកគេនឹងខកចិត្ត។ថ្វីបើប្រធានាធិបតីបារាំងលោក Emmanuel Macron ស្វាគមន៍ដោយកម្រាលព្រំក្រហម សម្រាប់លោក ស៊ី ជិនពីងក៏ដោយ ប៉ុន្តែការពិភាក្សារបស់ពួកគេនឹងនៅឆ្ងាយពីភាពត្រង់។នៅទីក្រុងប៉ារីសនៅថ្ងៃច័ន្ទ លោក Xi និង Macron នឹងជួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានជំរុញទីក្រុងប៉េកាំងឱ្យដើរតួនាទីកាន់តែធំ ក្នុងការបញ្ចប់ សង្គ្រាមអ៊ុយក្រែន។លោក Ding Chun នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអឺរ៉ុបនៅសៀងហៃបាននិយាយថា ប្រសិនបើ ភាគី អឺរ៉ុបរំពឹងថាប្រទេសចិននឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ឬចូលរួមជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី លោកគិតថារឿងនេះមិនទំនងកើតឡើងនោះទេ។ លោក ស៊ី ជិនពីង កំពុងស្វែងរកការជំរុញត្រឡប់មកវិញលើការស៊ើបអង្កេត របស់សហភាពអឺរ៉ុបនា ពេលថ្មីៗនេះនៅក្នុងឧស្សាហកម្មរបស់ប្រទេសចិន ប៉ុន្តែប្រទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា របៀបវារៈទីមួយ និងសំខាន់បំផុត គឺជាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ប្រទេសចិនអះអាងថាជាភាគីអព្យាក្រឹតនៅអ៊ុយក្រែន ប៉ុន្តែមិនដែលបានថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទេ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងម៉ូស្គូនឹងតស៊ូដើម្បីរក្សាសង្រ្គាម របស់ ខ្លួនដោយគ្មានការគាំទ្រពីទីក្រុងប៉េកាំង៕

ចិន នឹងបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទ័ ដើម្បីប្រណាំងប្រជែងជាមួយ អាមេរិក
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រទេសចិន គ្រោងនឹងចាប់ផ្តើមបេសកកម្មឋានព្រះច័ន្ទមួយ ដែលមានបំណងនាំយក មកវិញនូវគំរូពីផ្នែកឆ្ងាយនៃព្រះច័ន្ទជាលើកដំបូង នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ សម្រាប់កម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសនេះ។យាន Chang'e-6 ដែលជាបេសកកម្មឋានព្រះច័ន្ទដ៏ស្មុគស្មាញបំផុតរបស់ប្រទេសចិន រហូតមក ដល់បច្ចុប្បន្ន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញរបស់ប្រទេសនេះ ដើម្បីក្លាយជាមហាអំណាច អវកាស ជាមួយនឹងផែនការចុះចតអវកាសយានិកនៅលើឋានព្រះច័ន្ទនៅឆ្នាំ 2030 និងសាងសង់ មូលដ្ឋានស្រាវជ្រាវនៅលើប៉ូលខាងត្បូងរបស់ខ្លួន។ ការរំពឹងទុកនៃការបាញ់បង្ហោះរ៉ុក្កែត Long March-5 ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang នៅកោះ Hainan ភាគខាងត្បូងប្រទេសចិន កើតឡើងនៅពេលដែលប្រទេសមួយចំនួន រួមទាំង សហរដ្ឋអាមេរិក កំពុងសម្លឹងមើលអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងវិទ្យាសាស្រ្តនៃការរុករក តាមច័ន្ទគតិក្នុងការកើនឡើងកាន់តែខ្លាំង។ បេសកកម្មរយៈពេល 53 ថ្ងៃរបស់ប្រទេសចិនដែលបានគ្រោងទុក នឹងឃើញយាន Chang’e-6 ចុះចត នៅក្នុងរណ្ដៅដែលមានចន្លោះប្រហោងនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ ដែលមិនដែលប្រឈមមុខនឹងផែនដី។ ប្រទេសចិនបានក្លាយជាប្រទេសដំបូង និងតែមួយគត់ដែលបានចុះចតនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ ក្នុងអំឡុងពេលបេសកកម្ម Chang'e-4 របស់ខ្លួនក្នុងឆ្នាំ 2019 ។សំណាកឆ្ងាយណាមួយដែលទាញយកដោយយាន Chang’e-6 អាចជួយអ្នកវិទ្យាសាស្ត្រពិនិត្យ មើលការវិវត្តនៃព្រះច័ន្ទ និងប្រព័ន្ធព្រះអាទិត្យដោយខ្លួនឯង ហើយផ្តល់ទិន្នន័យសំខាន់ៗ ដើម្បីជំរុញមហិច្ឆតាឋានព្រះច័ន្ទ របស់ប្រទេសចិន៕

ត្រី២០០តោនងាប់ នៅអាងស្តុកទឹក ក្នុងប្រទេសវៀតណាម
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ត្រីរាប់សែនក្បាលបានងាប់នៅក្នុងអាងស្តុកទឹកមួយ ក្នុងប្រទេសវៀតណាម ដោយសារតែ កម្រិតទឹកធ្លាក់ចុះ ចំពេលមានរលកកម្តៅខ្លាំងនៅក្នុងតំបន់ ដែលកម្តៅបានបំបែកកំណត់ត្រា និងបិទ សាលារៀន។ត្រីងាប់បានគ្របដណ្តប់ទិដ្ឋភាពទាំងមូល នៃអាងស្តុកទឹក Song May លើផ្ទៃដី 300 ហិចតា ក្នុងខេត្ត Dong Nai ក្នុងសប្តាហ៍នេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ត្រីយ៉ាងហោចណាស់ 200 តោនអាចងាប់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។តំបន់​នេះ​កំពុង​ប្រឈម​នឹង​កម្ដៅ​ខ្លាំង​ដូច​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង ដោយ​មិន​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​សប្តាហ៍​មក​ហើយ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន ស្តីបន្ទោសសីតុណ្ហភាពក្តៅខ្លាំង និងការគ្រប់គ្រងមិន ត្រឹមត្រូវនៃទំនប់សម្រាប់បានបញ្ហាត្រីងាប់ច្រើនបែបនេះ។កម្រិតទឹកនៅក្នុងអាងស្តុកទឹក កំពុងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បើយោងតាមកាសែត Tuoi Tre ក្រុមហ៊ុនទទួលបន្ទុកគ្រប់គ្រងបឹងនេះ បានចាប់ផ្តើមការបូមខ្សាច់នៅដើមឆ្នាំ 2024 ដោយ គ្រោងនឹង បញ្ចេញទឹកបន្ថែមទៅក្នុងអាងស្តុកទឹកសម្រាប់ត្រី និងសម្អាតដីល្បាប់ និងកំទេចកំទី។ ទោះជាយ៉ាងណា ក៏ដោយ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើង ក្រុមហ៊ុនបានសម្រេចចិត្ត បញ្ចេញទឹកដែលបានបូម ចេញពីអាងស្តុកទឹកចូលទៅក្នុងតំបន់ខាងក្រោម ជំនួសឲ្យត្រឡប់ទៅអាង ស្តុកទឹកវិញ ដែលនាំឱ្យកម្រិតទឹកធ្លាក់ចុះ។កាសែត​បាន​រាយការណ៍​ថា​ «​ជា​លទ្ធផល ត្រី​បាន​ងាប់​យ៉ាង​ច្រើនសន្ធឹក។ អ្នក​ស្រុក​និយាយ​ថា ក្លិន​ស្អុយ​ចេញ​ពី​អាង​ស្តុក​ទឹក​បន្ទាប់​ពី​មាន​ត្រីងាប់ ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។នៅក្នុងខេត្ត Dong Nai តែមួយប៉ុណ្ណោះ សីតុណ្ហភាពបានកើនឡើងដល់ 40C ដែលបំបែកកំណត់ត្រា ដែលបានកំណត់កាលពីពីរទសវត្សរ៍មុន។បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង កំពុងឆ្លងកាត់រលកកំដៅប្រវត្តិសាស្ត្រ" ជាមួយនឹង លក្ខខណ្ឌដ៏ក្តៅគគុក ដែលជំរុញឱ្យមានវិធានការសង្គ្រោះបន្ទាន់នៅទូទាំងតំបន់៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ក្រោមប្រធានបទផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ”ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិកឯ.ក ឯខេត្តពោធិ៍សាត់ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅកាន់អង្គពិធីដែរថា ប្រទេសកម្ពុជាបានប្រារព្ឋរយៈពេល១៩លើកមកហើយដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យវិស័យឯកជនបន្ត និងខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រសហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត ក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករ។ បន្ថែមពីនេះ រោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារដើម្បីអាចពិនិត្យមើលលើស្ថានភាពសុខភាពជាក់ស្តែងរបស់កម្មករផង និងដើម្បីត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយផងដែរដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា ការបង្កើតបាននូវ សុខសុវត្ថិភាព ដែលមាន លក្ខណៈស្តង់ដារ នៅតាមរោង ចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

បណ្តាញសង្គម