(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលមកពីក្រសួងស្ថាប័នចំនួន៦ផ្សេងទៀតរួមមាន ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសុទ្ធសឹងតែជាក្រសួងជំនាញលើការចុះអធិការកិច្ច។ គួររំលឹកថា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងរបស់រាជរដ្ឋាភិបាលចុះអធិការកិច្ចទៅលើវិស័យឯកជនដែលត្រូវធ្វើត្រឹមតែមួយលើកក្នុងមួយឆ្នាំលើកលែងតែមានបណ្តឹង។ សូមបញ្ជាក់ថា ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងនេះ មានតួនាទីសំខាន់ៗចំនួន៥ ទី១. រៀបចំសមាសភាព និងបែងចែកក្រុមអធិការកិច្ចក្រសួងតាមវិស័យ និងធ្វើការផ្លាស់ប្តូរសមាសភាពតាមការចាំបាច់ ទី២. រៀបចំកម្មវិធីចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងពេលតែមួយ និងចុះតែម្តងក្នុងឆ្នាំសម្រាប់គោលដៅសហគ្រាស គ្រឹះស្ថានតែមួយ លើកលែងតែអធិការកិច្ចពិសេស ឬមានបណ្តឹង ទី៣. សហការជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ច ទី៤. រៀបចំទម្រង់របាយការណ៍ស្តីពីអធិការកិច្ចសម្រាប់ចុះធ្វើអធិការកិច្ចរួមគ្នា និងទី៥ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍នៃការចុះធ្វើអធិការកិច្ចរបស់ក្រុមអធិការកិច្ចអន្តរក្រសួង៕
(សង្គម)៖ ផ្ទុះការគាំទ្រពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចំពោះចំណាត់ការមួយចំនួនដែលស្នងការដ្ឋាននរបាលខេត្តកំពតបានអនុវត្តទៅលើក្រុមក្មេងបង្ហោះម៉ូតូដែលធ្វើឱ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ យ៉ាងណាមិញនៅថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២៤ យោងតាមវីដេអូចេញពីកាមេរាសុវត្តិភាពនៅលើដងផ្លូវ ដែលបង្ហោះដោយគណនីហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ព្រមទាំងអមមកជាមួយខ្លឹមសារថា «ដោយCamera សុវត្ថិភាពស្នងការដ្ឋាននគរបាលខេត្តកំពតបានបំពាក់នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពតជាច្រើនកន្លែង។ សូមកុំធ្វើអ្វីដែលប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងធ្វើអ្វីដែលខុសច្បាប់អោយសោះ។ ដឹងហើយ លឺហើយ ឃើញហើយ តែនៅតែចង់សាក។ ក្រុមបង្ហោះម៉ូតូមកពីភ្នំពេញមកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ក្មួយៗនៅកំពតក្លាយជាក្មេងល្អអស់ហើយ»។ជាមួយគ្នាក្នុងថ្ងៃដដែលនេះផងដែរឃើញថាខាងស្នងការក៏បានបង្ហោះរូបមួយចំនួនដែលបង្ហាញពីក្រុមបង្ហោះម៉ូតូទាំងនោះបានធ្វើសកម្មភាពជាច្រើន មានដូចជា រើសសំរាម សម្អាតបង្គន់ ថែមទាំងលើកម៉ូតូដោយដើរក្រឡឹងជុំវិញជាច្រើនដង។ ទោះជាយ៉ាងណាឃើញថាចំណាត់ការទាំងនេះបានធ្វើឱ្យមហាជនពេញចិត្តយ៉ាងពេញទំហឹង ចំពោះក្រុមទាំងឡាយណាដែលបង្ករសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕
(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីប្រគល់ជូននិងដាក់តម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន៖ ១. បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ២. ចូលរួមលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញតិ្ត និងទប់ស្កាត់ការនេសាទហួសកម្រិត ស្របតាមគោលនយោបាយនៃការគ្រប់គ្រងជលផលសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព ៣. ពង្រឹងការថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ៤. ចូលរួមអនុវត្តនិងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង សូចនាករ១៤.៦ របស់ អង្គការសហប្រជាជាតិ ៥. អាចទទួលបានជំនួយបច្ចេកទេសនិងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាព គ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ៕