វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រោយពីបានឃើញរូបភាពរបស់សិស្សសាលាបឋមអង្គុយរៀនបណ្ដើរស្អំក្បាលជាមួយកន្សែងពោះគោបណ្ដើរទាំងនេះហើយ មហាជនមិនតិចនោះទេដែលបានសំណូមពរទៅកាន់ក្រសួងអប់រំឱ្យផ្អាកការសិក្សាមួយរយៈ!
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ដោយហេតុថាអាកាសធាតុកាន់តែកើនកម្ដៅខ្លាំងឡើងៗជាពិសេសធ្វើប្រជាជនមួយចំនួនប្រឈមទៅនឹងបញ្ហាសុខភាពផ្សេងៗមិនថាតែមនុស្សចាស់ឬកូនក្មេងនោះទេ ដូច្នេះហើយកាលពីពេលថ្មីៗនេះក្រោយពីបានឃើញរូបភាពក្មេងៗអង្គុយរៀនបណ្ដើរនិងស្អំក្បាលជាមួយកន្សែងពោះគោសើមបណ្ដើរ ឃើញថាមានអាណាព្យាបាលនិងមហាជនជាច្រើនបានធ្វើការសំណូមពរទៅកាន់ក្រសួងអប់រំឱ្យផ្អាកការសិក្សាចំពោះថ្នាក់បឋមសិក្សាមួយរយៈសិន ក៏ព្រោះតែបារម្ភពីសុវត្តិភាពក៏ដូចជាសុខភាពក្មេងៗ ណាមួយក្មេងៗក៏មិនទាន់យល់ច្បាស់ទាំងស្រុងពីការថែរក្សាសុខភាពកំឡុងពេលអាកាសធាតុក្ដៅបែបនេះ។ យ៉ាងណាមិញយោងតាមរូបភាពចំនួនពីរសន្លឹកដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះថា វិចិត្រ តារា ព្រមទាំងអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «យោងតាមអាកាសធាតុក្តៅខ្លាំង នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី សូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេត្តាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកំដៅ និងណែនាំកូនៗញ៉ាំទឹកឲ្យបានច្រើន»។ ក្រោយពីបានឃើញការបង្ហោះនេះហើយមហាជនក៏បានសរសើរនិងអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់នាយកសាលាខាងលើផងដែរ ក៏ប៉ុន្តែទន្ទឹមនឹងគ្នានោះ មានមហាជនក៏ដូចជាអាណាព្យាបាលជាច្រើនរូបបានចូលទៅបញ្ចេញមតិយោបល់ដោយសំណូមពរទៅកាន់ក្រសួងស្រដៀងៗគ្នាយ៉ាងដូច្នេះថា៖-តើក្រសួងអាចផ្គួបវ៉ាកងតូចនឹងវ៉ាកងធំចូលគ្នាឈប់សំរាកក្នុងរដូវក្ដៅបានទេសំរាប់ឆ្នាំសិក្សាក្រោយៗដោយសារតែកំដៅពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងរហូតខ្ញុំពិតជាបារម្ភពីក្មេងតូចៗណាស់-បើអាចបិទសាលាមួយរយៈក៏ល្អ ព្រោះក្ដៅណាស់ រាល់ថ្ងៃនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ជាប់រហូត 16c ហើយកង្ហារមួយទៀតនៅតែហូរញើស ទ្រំាតែក្មេងៗរៀនសាលារដ្ជមិនមានកង្ហារអីទៀត នៅក្មេងៗទៀតនោះមិនដឹងថាគ្នាយ៉ាងម៉េចនោះទេ ក្មេងៗសុខភាពគ្នានៅខ្ចីណាស់ងាយរងជំងឺ បើអាចសូមស្ទើរសុំឲ្យសាលទូទំាងប្រទេសយើងឈប់សំរាកមួយរយៈដូចនៅ ហ្វីលីពីនដែរដើម្បីសុវត្ថិភាពនិងសុខភាពក្មេងៗ-អាណិត ណាស់ បើអាច ស្នើសុំក្រសួង មន្ទីរ អប់រំ ឈប់សម្រាក បណ្តោះអាសន្ន ឬមានវិធានការណាមួយជួយដល់ សិស្សានុសិស្ស ដែល កំពុងពិបាក -គួរតែផ្អាក ឬបិទសាលាមួយរយៈជាការល្អ ព្រោះថាក្មេងៗ កម្លាំងខ្សោយ ស្បែកនៅខ្ចី ងាយនិងរងការឈឺស្កាត់ មិនដូចមនុស្សធំទេ ទោះដាក់កន្សែងត្រជាក់ក៏មិនអាចជួយបានដែរ បើកម្ដៅឡើងដល់ 41,42 ហើយនិង តំបន់ខ្លះ 43 ឯនោះលោកគ្រូ ទោះបីបង្ខំ ឬសម្រុករៀននៅពេលនេះក៏មិនអាចធ្វើឲ្យគាត់រៀនបានចូលល្អដែល ព្រោះអាកាសធាតុឥលូវមិនអំណោយផលសោះ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ បើមានខុសឆ្គងអ្វី អធ្យាស្រ័យផង។ទោះជាយ៉ាងណាទាំងនេះគឺជាការសំណូមពរក៏ដូចជាការលើកឡើងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមដោយគ្រាន់តែមានបំណងបារម្ភពីសុវត្តិភាពនិងសុខភាពរបស់ក្មេងៗតែប៉ុណ្នោះ រីឯចំពោះការផ្អាកការសិក្សាបណ្ដោះអាសន្នវិញនោះក៏ពុំទាន់ដឹងថាក្រសួងមានចមណាត់ការយ៉ាងដូចម្ដេចនោះដែរ៕

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា!
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុ ក្តៅខ្លាំងនេះ។1. ប្រការគួរអនុវត្តជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៖-ត្រូវទទួលទាន ទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្លោះ ទឹកស្អាត ឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ ទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើង ពណ៌លឿងចាស់នោះទេ-ត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃនិងជាតិទឹកឱ្យបានញឹកញាប់-ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅនិងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀក បំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើ ឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិន បើវា សើមខ្លាំង-ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប់ជាប្រចាំ-ប្រើកន្សែងសើមជូតមុខ ដាក់ព័ទ្ធជុំវិញក ប្រសិនបើមានអារម្មណ៍ថាក្តៅខ្លាំងពេក ហើយអំឡុងពេល មានកម្ដៅខ្លាំងត្រូវប្រើមធ្យោបាយផ្សេងៗដើម្បីបន្ថយកម្ដៅដូចជាផ្លិតជាដើម-ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពប្រចាំថ្ងៃឱ្យបានត្រឹមត្រូវសម្របទៅនឹង ការប្រែប្រួលអាកាសធាតុ-ត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងគ្របឱ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺ គ្រុនឈាម។២-ប្រការគួរចៀសវាងអំឡុងពេលអាកាសធាតុក្តៅខ្លាំង-ត្រូវចៀសវាងពិសាភេសជ្ជៈដែលបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា ពិសាគ្រឿង ស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើន ជាតិអំបិលច្រើន -ត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅ ព្រះអាទិត្យ និងកាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងថ្នាក់រៀនច្រើនពេក និងយូរពេក-ចៀសវាងការធ្វើសកម្មភាពហាត់ប្រាណ ឬការលេងកីឡានៅក្រោមកម្ដៅថ្ងៃខ្លាំង-ត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក ផ្ទុយមកវិញត្រូវ ទទួលទានម្ហូបអាហារណាដែលមានអំបិលតិច ផ្អែមតិច និងខ្លាញ់តិច។៣-វិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សា-ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ-ត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង-ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ ដូចជាទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្លោះ និងទឹកស្អាតសម្រាប់ប្រើ ប្រាស់ផ្ទាល់ខ្លួននៅគ្រឹះស្ថានសិក្សា-ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាពនិងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្សដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅ តាមបន្ទប់រៀនជាដើម-ត្រូវសហការជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់នៅ តាមគ្រឹះស្ថានសិក្សាឱ្យបានសមស្របតាមតម្រូវការ-ត្រូវបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីយកម្លប់ និងកាត់ បន្ថយកម្ដៅ-ត្រូវពិនិត្យតាមដានឱ្យបានញឹកញាប់ និងជាប្រចាំលើសុខភាពរបស់សិស្សានុសិស្ស ដែលបង្កដោយ អាកាសធាតុក្តៅខ្លាំងជាពិសេសកុមារតូចៗ-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមលិខិតលេខ ១៨ក៏ដូចជាសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ៕

ទីក្រុង ហូជីមិញ ទទួលរងរលកកំដៅរយៈពេលយូរបំផុត ក្នុងរយៈពេល 30 ឆ្នាំ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ អ្នកស្រុកនៅទីក្រុងហូជីមិញកំពុងស៊ូទ្រាំនឹងរលកកំដៅដ៏វែងបំផុតក្នុងរយៈពេលជិត 30 ឆ្នាំ បើទោះបីជាសីតុណ្ហភាព មិនទាន់ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ។តាំងពីចុងខែមីនាមក ទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងជាទូទៅបានស៊ូទ្រាំនឹងរលកកំដៅដ៏ធ្ងន់ធ្ងរ ​ស្ទើរតែមិនអាចទ្រាំទ្របាន។យោងតាមចំណាត់ថ្នាក់ឧតុនិយម សីតុណ្ហភាពបានឡើងលើសពី 35 អង្សាសេ ដែលជាកម្រិតសម្រាប់​រលកកំដៅ។តាមការពិត សីតុណ្ហភាពនៅខាងក្រៅអាចឡើងលើសពីកម្រិតនេះដល់ ៣-៥ ដឺក្រេ។ការវិភាគដោយ VnExpress ដោយប្រើទិន្នន័យសីតុណ្ហភាពប្រចាំថ្ងៃក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ នៅក្នុងទីក្រុងហូជីមិញ និងខេត្តជិតខាងដូចជា Dong Nai, Binh Duong និងខេត្ត Binh Phuoc ដែលនៅជិតនោះ បង្ហាញថា បួនខែដំបូងនៃឆ្នាំនេះបានជួបប្រទះនឹងរលកកំដៅដែលមិនឈប់ឈរ ដែល បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន។មកទល់ពេលនេះ រយៈពេល 28 ថ្ងៃដែលជាកំណត់ត្រាវែងបំផុតចាប់តាំងពីឆ្នាំ 1997 ។ ចាប់តាំងពីដើមឆ្នាំនេះមក  ទីក្រុងហូជីមិញ បានកត់ត្រារលកកំដៅចំនួន 74 ថ្ងៃ ដែលជាកំណត់ត្រា ប្រចាំឆ្នាំក្នុងរយៈពេលជិត 30 ឆ្នាំចុងក្រោយនេះ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលជលសាស្ត្រ តំបន់ភាគខាងត្បូង៕

ថៃដករដ្ឋមន្ត្រី៤នាក់ចេញ និងតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន៦រូប ក្នុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូង
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ កាលពីថ្ងៃទី ២៨ ខែមេសា ព្រះរាជក្រឹត្យមួយបាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តការរុះរើ សមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូប នៅក្នុងរដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តី លោក Srettha Thavisin ។យោងតាមសារព័ត៍មានរបស់រដ្ឋាភិបាលថៃ អតីតប្រធានផ្សារហ៊ុនថៃ លោក Pichai Chunhavajira ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយទទួលតួនាទី ពីលោក ស្រេតថា។នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលរបស់លោក ស្រេថា ចូលកាន់តំណែង សមាជិកថ្មីចំនួនប្រាំមួយរូបត្រូវបានតែងតាំង ហើយរដ្ឋមន្ត្រីចំនួនបួននាក់ត្រូវបានដកចេញ ពីគណៈរដ្ឋមន្ត្រី។នាយក​រដ្ឋមន្ត្រី​ថៃ ស្រី​ថា ថាវីស៊ីន បាន​ជ្រើសរើស​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី បន្ទាប់ពី លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីបាត់បង់តំណែងឧបនាយករដ្ឋមន្ត្រី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី។ លោក Thavisin ក៏​បាន​លាលែង​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដោយ​តែងតាំង​ទីប្រឹក្សា​របស់ លោក គឺលោក Pichai Chunhavajira។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានប្រាប់រ៉យទ័រថា ការលាលែងពីតំណែងរបស់លោក Parnpree នឹងមិនប៉ះពាល់ដល់ការងាររបស់ រដ្ឋាភិបាលក្នុងកិច្ចការបរទេសទេ ព្រោះលេខាធិការអចិន្ត្រៃយ៍របស់ក្រសួងការបរទេស និងមន្ត្រីអាច ធ្វើការជំនួសបាន។ នៅក្នុងតំណែងថ្មី នៃការរុះរើរដ្ឋាភិបាលនេះ មានដូចជា លោក Pichai Chunhavajira  ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ លោក Pichit Chuenban  រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសលោកស្រី Jiraporn Sinduprai  ជារដ្ឋមន្ត្រី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី  លោក Paopoom Rojanasakul  ជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង​លោកSuchart Chomklin អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Atthakorn Sirilatthayakorn អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហប្រតិបត្តិការ។ ចំណែក គណៈរដ្ឋមន្ត្រីបួននាក់ ដែលត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេ មានដូចជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សាធារណៈ លោក Cholnan Srikaew រដ្ឋមន្ត្រី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី លោក Puangpetch Chunla-ead និង​អនុរដ្ឋមន្ត្រី​កសិកម្ម​ពីរ​រូប គឺ លោក Chaiya Promma និងលោក Anucha Nakasai៕

ILO ប្រចាំកម្ពុជា៖ គាំទ្រអ្វីដែលរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករនៅទូទាំងប្រទេស
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជាបានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះក៏បានបើកឱកាសឱ្យកម្មករនិយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។ លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។ ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ។ គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមមាន៖ទី១ ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ទី២ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទី៣ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទី៥ ការបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ស្រ្តីមានផ្ទៃពោះ និងទី៦ ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ទន្ទឹមនឹងនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការតាមអនុសាសន៍ទាំង ៦នោះ នៅមានអនុសាសន៍ចំនួន ៤ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕

នៅឆ្នាំ២០២៥ខាងមុខក្រសួងការងារនឹងប្រកាសជ័យលាភីពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងប្រកាសពីជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាសដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ ពាន និងវិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជាឯកសារយោង ដើម្បីបង្ហាញដល់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារនៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។គូរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ កំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨ ក្នុងនោះ ៖ទី១ អនុលោមភាពនៃលក្ខខណ្ឌការងារទី២.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងទី៣.អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ។និងទី៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារទី៥.អនុលោមភាពនៃរបបសន្ដិសុខសង្គមទី៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ ទី៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងទី៨.អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕

ក្រុមសហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័សនិងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

ក្រុមសហជីពនៅកម្ពុជាមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះមានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាលដែលមានក្រសួងការងារបានចុះទៅដោះស្រាយផ្ទាល់លើវិវាទការងារ ជាពិសេសក្នុងករណីថៅកែរត់ចោលរោងចក្រ។ ថ្មីៗនេះយើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារទៅដោះស្រាយផ្ទាល់។ ខ្ញុំសារទរនូវយន្តការដ៏ល្អសម្រាប់កម្មករនេះ»។ លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ទៅដល់ដៃបងប្អូនកម្មករផ្ទាល់ បន្ទាប់ពីរោងចក្រជួបបញ្ហាឈានដល់ការបិទទ្វា ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និងមានគុណភាពរបស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ។ យន្តការដោះស្រាយវិវាទការងារលឿនបែបនេះគឺជារឿងមួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិទៅដល់បងប្អូនកម្មករនិយោជិតទាំងអស់គ្នាផងដែរ។  លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា៖«ចំពោះវិវាទការងារករណីចុងក្រោយនេះយើងឃើញមានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រហើយរំពឹងមានការដោះស្រាយវិវាទការងារមានភាពសហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។ លោកបន្ថែមថា ក្រៅតែពីការដោះស្រាយវិវាទជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធិភាពបែបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំយកឱកាសការងារជាច្រើនពាន់កន្លែងទៅដល់មុខរោងចក្រ សម្រាប់ឱ្យបងប្អូនកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះគឺមានសារសំខាន់ និងមានភាពថ្មីស្រឡាងសម្រាប់បងប្អូនកម្មករ។ ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍លើការពង្រីកវិសាលភាពប.ស.ស. ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណប.ស.ស. ដើម្បីទៅពិនិត្យសុខភាព និងថែរទាំសុខភាពដោយឥតគិតថ្លៃ។ ការផ្តល់ជូនសម្រាប់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះគឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ។  ទន្ទឹមនឹងនេះក្រុមសហជីពនៅកម្ពុជាបានសារទរយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេលសម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការតំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕

លោកជំទាវ ចម និម្មល និង ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធីប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ និងស្វាគមន៍នូវវត្តមានចូលរួមពី តំណាងជាន់ខ្ពស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរួមគ្នា និងកិច្ចសហការដ៏ល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកជំទាវរដ្ឋមន្ត្រីបានបន្តថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យា។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈគន្លឹះមួយចំនួន ដើម្បីជាវិភាគទាន ក្នុងការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ រួមមាន៖(១). ការធានាបាននូវការអនុវត្តឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងពេញលេញនូវមាត្រា ៦៦.២. នៃកិច្ចព្រមព្រៀងទិដ្ឋភាពពា​ណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការ WTO ដែលក្នុងនោះ សមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។(២). ការធ្វើពិពិធកម្មផលិតផលសក្តានុពលនិងការពង្រឹងទីផ្សារផ្ទៃក្នុង ក្នុងការធានាបាននូវសន្តិសុខស្បៀងអាហារ និងការជំរុញលើកកម្ពស់ជីវភាពកសិករ ក៏ដូចជាការលើកទឹកចិត្តនានាដើម្បីជំរុញផលិតភាពកសិកម្ម។(៣). លោកជំទាវរដ្ឋមន្ត្រី បានស្នើលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាសម្របសម្រួលពិនិត្យលទ្ធភាពលើការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្ម កិច្ចការពារសិទ្ធបង្កាត់ពូជថ្មីនៃដំណាំ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញធនធានពិន្ធុ និងការឈានទៅប្រើប្រាស់និងទាញផលប្រយោជន៍ពីបចេ្ចកវិទ្យាជីវសាស្រ្ត (Biotechnology) និងណាណូតិចណូទ្បូជី (Nano Technology) ដើម្បីជំរុញផលិតភាពចំណីអាហារ គ្រាប់ពូជ និងការដាំដុះ។(៤). ការធានាបាននូវភាពបត់បែនដ៏មានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព រវាងការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ និងលទ្ធភាពនិងសមត្ថភាពផលិតដែលចាំបាច់សម្រាប់ការអនុវត្តយន្តការ អាជ្ញាប័ណ្ណបញ្ជាក្នុងវិស័យសុខភាពសាធារណៈ។(៥). ការជំរុញការបន្តអនុវត្តនូវមាត្រា ៦៧ នៃកិច្ចព្រមព្រៀង TRIPs សំដៅធានាបានការចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះ បានយ៉ាងពេញលេញនិងមានប្រសិទ្ធភាពដោយសមាជិកប្រទេសអភិវឌ្ឍន៍តិចតួច។មុននឹងបញ្ចប់លោកជំទាវរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញាដែលជាឧបសគ្គរារាំងដល់ការបង្កើតថ្មី និងសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ នេះ នឹងបន្តបណ្តុះស្មារតីរួមគ្នា ក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់គ្រប់ផ្នែកទាំងអស់នៃសង្គម។នៅកិច្ចបញ្ចប់នៃពិធីនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងពាក់ព័ន្ធកម្មសិទ្ធបញ្ញាចំនួន ៥ រួមមាន៖(១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម(២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School)(៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

លោក ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី នៅសប្តាហ៍ក្រោយ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី នៅសប្តាហ៍ក្រោយ។ក្រសួងការបរទេសចិនបានប្រកាស ថ លោក Xi នឹងធ្វើដំណើរចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 10 ខែឧសភា។វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi ទៅកាន់ប្រទេសបារាំងក្នុងរយៈពេលប្រាំឆ្នាំ។ លោកគ្រោងនឹងជួបប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីពិភាក្សាលើប្រធានបទដែលរួមមានទំនាក់ទំនងចិន-សហភាពអឺរ៉ុប។អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ដំណើរទស្សនៈកិច្ចនេះ នឹងធ្វើឡើងស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំង។អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា ដល់ពេលហើយដើម្បីលើកយកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។លោក Xi ក៏គ្រោងនឹងធ្វើកិច្ចពិភាក្សាកំពូលជាមួយមេដឹកនាំប្រទេសស៊ែប៊ី និងហុងគ្រី។ ក្រសួងការបរទេសបាននិយាយថា ពួកគេនឹងបញ្ជាក់ឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងភាពជាដៃគូ។ទីក្រុងប៉េកាំងបានបង្កើនការវាយលុកការទូតរបស់ខ្លួននាពេលថ្មីៗនេះ។កាលពីដើមខែនេះ លោក Xi បានយល់ព្រមជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថាប្រទេសរបស់ពួកគេនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប ប៉ុន្តែពេលខ្លះបដិសេធមិនធ្វើតាមគោលនយោបាយរបស់ប្លុកក្នុងតំបន់។ប្រទេសចិនត្រូវបានគេជឿថាកំពុងព្យាយាមប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ឥទ្ធិពលពិភពលោករបស់ទីក្រុងប៉េកាំង និងដើម្បីជំរុញឱ្យមានជម្លោះរវាងសមាជិកសហភាពអឺរ៉ុបដែលកំពុងធ្វើការដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន៕

បិទសាលារៀនសារជាថ្មី ដោយសាររលកកម្តៅ នៅក្នុងប្រទេសបង់ក្លាដេស
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រទេសបង់ក្លាដែសជាថ្មីម្តងទៀត បានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃស្រុក រួមទាំងរដ្ឋធានី ខណៈដែលរលកកំដៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងលើសពី 43 អង្សាសេ។សាលារៀននៅទូទាំងប្រទេសដែលបានបិទកាលពីសប្តាហ៍មុន ដោយសាររលកកំដៅបានបើកឡើងវិញកាលពីថ្ងៃអាទិត្យ បើទោះបីជាមានសីតុណ្ហភាពខ្ពស់ជាប់រហូតនៅទូទាំងប្រទេសអាស៊ីខាងត្បូង ដែលបណ្តាលឱ្យមានអ្នកចូលរួមតិចជាង។ក្រសួងអប់រំបាននិយាយថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋាភិបាលទាំងអស់នឹងនៅតែបិទរហូតដល់ថ្ងៃព្រហស្បតិ៍ ហើយស្ថាប័នអប់រំនៅក្នុងស្រុកចំនួន 27 ក្នុងចំណោម 64 រួមទាំងរដ្ឋធានី Dhaka នឹងនៅតែបិទនៅថ្ងៃអង្គារ។រដ្ឋមន្ត្រីក្រសួងអប់រំ លោក Mohibul Hasan Chowdhury Nowfel បាននិយាយថា ប្រសិនបើសីតុណ្ហភាពនៅក្នុងស្រុកណាមួយលើសពី ៤២ អង្សាសេ គ្រឹះស្ថានអប់រំនៅក្នុងស្រុកទាំងនោះនឹងត្រូវបិទ។អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់រលកកំដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងក្នុងអំឡុងរដូវក្តៅ។ក្នុងខែនេះនៅប្រទេសបង់ក្លាដែស មានរលកកំដៅជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី 9 និង 10 ខែមេសា។ អាជ្ញាធរបានលើកទឹកចិត្តពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ៕

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ) ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង៖១- កត្តាបច្ចេកវិទ្យាឌីជីថល៖ បានចូលមកផ្តួលរំលំកាសែតប្រពៃណី ឱ្យបិទទ្វាជាស្វ័យប្រវត្តិឈប់បោះពុម្ពលើក្រដាស។២- កត្តាហិរញ្ញវត្ថុ៖ សារព័ត៌មានជាច្រើន កុំថាឡើយសារព័ត៌មានក្នុងប្រទេសកម្ពុជា សូម្បីទូរទស្សន៍ CNN របស់អាមេរិក ក៏បានបិទសាខាអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារទប់ទល់ការចំណាយលែងជាប់។៣- កត្តានយោបាយ៖ កាសែតជ្រុលនិយម ទល់នឹងនយោបាយដែកថែប។៤- កត្តាឱកាសថ្មីៗ៖ អ្នកកាសែត បានដូរអាជីពទៅតាមកាលានុវត្តថ្មីរបស់សង្គមនីមួយៗ ខ្លះក្លាយទៅជាអ្នកជំនួញ សហគ្រិន គ្រូបង្រៀន ជាអ្នកនយោបាយ ឬចូលនិវត្តន៍៕

សារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះបានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

រដ្ឋមន្រ្តីក្រសួងការងារ៖ កិច្ចការ៩ចំណុចដែលក្រសួងបានធ្វើដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ការងារចំនួន៩ចំនុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ តាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញថាការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា÷ទី១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ។ ទី២ ក្រសួងបានបំពេញតួនាទីជាស្ថាប័នដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច។ ទី៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស។ ទី៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង។ ទី៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយករណីរោងចក្រក្ស័យធនដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតជាធំ។ ទី៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សារវិវាទការងារ។ ទី៧ ក្រសួងបានបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទី៨ ក្រសួងបានគោរពនូវសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ។ និងទី៩ ក្រសួងបានជួបប្រជុំជាលក្ខណត្រីមាសជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់និងសំណូមពរនានារបស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់៕

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា ចេញញត្តិគាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោ
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី​ ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងមានមោទនយ៉ាងក្រៃលែងចំពោះការ អនុវត្តលើ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍ គម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត។គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សូមគាំទ្រនៅចលនាជាតិគ្រប់មជ្ឈដ្ឋានដែលបានផុសផុលឡើង និងបាន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនេះជាសក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គី ជាតិដ៏រឹងមាំ ក្នុងការចូលរួមបង្កើតសមិទ្ធផលជាតិ ដើម្បីកម្ពុជាយើងរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពសង្គម៕

ស្នងការរាជធានីភ្នំពេញ ធ្វើការបំភ្លឺចំពោះការបង្ហោះសាររបស់អ្នកស្រី ទ្រី ដាណា ដោយបញ្ជាក់ថា មួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ!
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ក្រោយពីអ្នកស្រី ទ្រី ដាណា បានបង្ហោះសារត្អូញត្អែរពាក់ព័ន្ធករណីត្រួតពិនិត្យជាតិអាកុលនៅពេលយប់ម្ដុំជិតផ្ទះដែលធ្វើឱ្យពិបាកនិងប៉ះពាល់ដល់ការរស់នៅ ថ្មីៗនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបំភ្លឺបកស្រាយជូនសាធារណជនយ៉ាងដូច្នេះថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។ បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

បណ្តាញសង្គម